jump to navigation

ក្ដី​ស្រមៃ​របស់​ខ្ញុំ​ ចន្ទ 29 កញ្ញា 2014

Posted by រដ្ឋ in រឿងរ៉ាវ​របស់​ខ្ញុំ, Lifestyle.
3 comments

ខ្ញុំ​តែង​ស្រមៃ​ថា ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មាន​កូន​ខ្ទម​មួយ​សម្រាប់​អង្គុយ​លេងជុំ​គ្រួសារ​ពេល​ទំនេរ ពេល​លំហែ​ ជួប​ជុំ​ភ្ញៀវ​មក​លេង​ផ្ទះ បង​ប្អូន​ជាដើម ។ ខ្ញុំ​នឹក​ឃើញ​ថា​ វា​មាន​សារ​ប្រយោជន៍​ជាច្រើន សំខាន់​គឺ​ទីតាំង​សម្រាប់​ធ្វើ​ខ្ទម​នេះ និង​អាស្រ័យ​មាន​ដី​មាន​ធ្លា​ទំនេរ​ ។

Photo-0012គម្រូ​ខ្ទម​ស្បូវ​ថត​ពី​ផ្ទះ​គេ មាន​ផ្កា​អ័រគីដេ​លំអ​ផង

Photo-0017ដំបូល​ប្រក់​ស្បូវ មិន​ក្ដៅ​ដូច​ស័ង្កសី​ទេ ថែម​កង្ហា​តូច​មួយ ល្មម​អ្នក​ផឹក​ស៊ី​ខាង​ក្រោម​​ស្រួល​ខ្លួន កិកិ

បើ​ដូច​ក្នុង​រូប វា​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេ គឺ​យើង​នៅ​ខ្វះ​ផើង​ផ្កា​ធំ​ៗ មាន​ដូង​តាំង​ និង​ផ្កា​តាម​ចំណូល​ចិត្ត​មួយ​ចំនួន ។ ខ្ទម​បែប​នេះ គួរ​កុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​បាយ​ពេក ។ ខ្ញុំ​ចង់​ឲ្យ​វា​នៅ​ជិត​នឹងសួន​បន្លែ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ជី​បន្លែ​ច្រើន​មុខ ល្មម​តែ​យើង​អាច​ប្រើ​ការ​បាន​ភ្លាម​ៗមិន​បាច់​ឡើង​ផ្សារ។

Advertisements

សម្រេច​ថា ឆ្នាំ​នេះ​អត់​បាន​ទៅ​ស្រុក​ខាង​ប៉ា​ទៀត​ហើយ សុក្រ 19 កញ្ញា 2014

Posted by រដ្ឋ in កំណត់​ហេតុ, ភ្ជុំ​បិណ្ឌ.
add a comment

ពិត​ជា​គួរ​ឲ្យ​ស្ដាយ​ណាស់ ពួក​យើង​បាន​សម្រេច​ចិត្ត​ថា មិន​ទៅ​លេង​ឯ​ស្រុក​សិរី​សោភ័ណ​ទេ ដែល​ខ្ញុំ​ធ្លាប់​គ្រោង​ទុក និង​សង្ឃឹម​ថា​នឹង​ទៅ ។ មាន​ហេតុផល​ច្រើន ដែល​ពួក​យើង​មិន​ទៅ ។ យើង​ដឹង​ថា យាយ​តា​ខាង​នោះ ពិត​ជា​នឹក​ចៅ​ខ្លាំង ខ្លាំង​មែន​ទែន តែ​ទោះ​ជា​យ៉ាង​ណា​យើង​បាន​​កំណត់​ពេល​ថ្មី​ទៀត ថា​នឹង​ទៅ​ពេល​បុណ្យ​អុំ​ទូកវិញ ។

និយាយ​ពី​ខ្ញុំ​វិញ តាំង​ពី​នៅ​ភ្នំពេញ បុណ្យ​ភ្ជុំ​ធំ ខ្ញុំ​តែង​ទៅ​លេង​ផ្ទះ​ជានិច្ច ហើយ​គ្រួសារ​បង​ប្អូន​តែង​ជុំ​គ្នា ក្នុង​ឱកាស​វិសេស​វិសាល​នេះ ។ តែ​ក្រោយ​មក ពេល​ខ្ញុំ​មាន​ប្រពន្ធ​ និង​កូន​ ខ្ញុំ​ខក​ខាន​ទៅ​សែន​ដូន​តា ពីរ​ឆ្នាំ​ជាប់​គ្នា​ទាំង​លើក​នេះ ។ លើក​ទី១ ឆ្នាំ​ទៅមិញប្រពន្ធ​ខ្ញុំ​​មាន​កូន​ខ្ចី (កូន​យុត្ត​កើត​ដើម​ខែ​៩) និង​លើក​នេះ កូន​អាយុ​បាន​១ខួប មិន​មែន​ទៅ​មិន​កើតទេ តែ​កំណត់​ពី​ ខែ​សីហា ដល់​ខែ​កញ្ញា​នេះ យើង​ចំណាយ​លុយ​អស់​ជិត ៤លាន​រៀល​ទៅ​ហើយ យើង​បោស​គូថ​ខោ​ទៅ​ហើយ សង្ឃឹម​ថា​ពុក​ម៉ែ និង​រាល់​គ្នា​យល់កូន​គ្រួសារ​តូច​មួយ​នេះ ។

បាំង ​តែ​ខែ​តុលា​នេះ​ទេ ប៉ាម៉ាក់​​សន្យា​យក​កូន​យុត្ត​ទៅ​លេង​តាយាយ​ម្ដង​ទៀត​ ព្រោះ​ឱកាស​ល្អ​បុណ្យ​អុំទូក​ឆ្នាំ​នេះ ប៉ា​និង​ម៉ាក់​សម្រាក​ការងារ​ដល់​ទៅ​៦​ថ្ងៃ ច្រើន​ជាង​ភ្ជុំ​នេះ​​ឈប់​បាន​តែ​៥​ថ្ងៃ ។ កូន​យុត្ត បាន​ទៅ​ស៊ីសុផុន​លើក​ចុង​ក្រោយ (លើក​ទី២) តាំង​ពី​អាយុ​៧ខែ​ម៉្លេះ គឺ​ពេល​ចូល​ឆ្នាំ ៕

ttttt

តើ​ធ្វើ​យ៉ាង​ម៉េច​ បើ​កូន​យំ​មិន​បាត់​សោះ អង្គារ 10 មិថុនា 2014

Posted by រដ្ឋ in កំណត់​ហេតុ, អបិយ​ជំនឿ.
7 comments

ttttt
ថ្ងៃ​ទី ០៩ រៀង​រាល់​ខែ ពុំ​មែន​ជា​ថ្ងៃ​កំណើត​របស់​កូន​ខ្ញុំ​ទេ តែ​ជា​ថ្ងៃ​ដែល​គេ​ចូល​ផ្ទះ ដំបូង គេ​កើត​នៅ​ថ្ងៃ​ទី ០៨  ។ ពួក​យើង គេង​បាន​មួយ​យប់​ប៉ុណ្ណោះ សម្រេច​ចិត្ត​សុំ​ពេទ្យ​ត្រលប់​មក​សម្រាក​នៅ​ផ្ទះ​វិញ ព្រោះ​វា​ស្រួល​ដេក​ពួន ។

ថ្ងៃ​នេះ (០៩ មិថុនា) កូន​យុត្ត​ចម្រើន​វ័យ​បាន ៩​ខែ​គត់ ល្ងាច​នេះ​ម៉ា​ក់អាអូន​ចង់​បញ្ច្រក​ថ្នាំ​បាត់​រាគ គេ​ក៏​ល្វីង​មាត់​ពុំ​ព្រម​ញ៉ាំ​ទឹក​ដោះ​គោ​សោះ រហូត​ខ្លាច​ដប និង​ខឹង​ម៉ាក់​ជា​ខ្លាំង យំ​ពុំ​បាត់​សោះ ។ ខ្ញុំ​លើក​កូន​ព រៀង​អន់​យំ​បន្តិច (ធម្មតា​កូន​ចូលចិត្ត​ប៉ា​ជាង​ម៉ាក់ តាម​ប៉ា​ជាង​ម៉ាក់) ខ្ញុំ​សង្កេត​ទឹក​មុខ​កូន គេ​សម្លឹង​ទៅ​ក្រៅ​ផ្ទះ​ញឹក​ញាប់​តាម​ទ្វារ​មុខ ។ តាម​អារម្មណ៍​ខ្ញុំ ខ្ញុំ​សង្ស័យ​ថា​មាន​អ្វី​មួយ​នៅ​ក្រៅ​ផ្ទះ​ប្រាកដ​ដែល​ខ្ញុំ​មិន​ដឹង ខ្ញុំ​គ្រាន់​តែ​សង្ស័យ​ប៉ុននោះ ។ ខ្ញុំ​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា ​មាន​មនុស្ស​នៅ​ខាង​ក្រៅ​ចាំ​មើល​កូន​យើង​ហើយ  បាន​កូន​យំ​មិន​បាត់​ លោក​យាយ​ក៏​រវល់​ទៀត ។ ប្រពន្ធ​ខ្ញុំ​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ម្យ៉ាង ខ្ញុំ​ក៏​គិត​ចេញ​ថា​ត្រូវ​ធ្វើ​អ្វី​លឿន​ៗ​ផង​ដែរ ។ ខ្ញុំ​មិន​ខ្វល់​ថា​ពួក​គេ​ជា​សាច់ញាតិ ឬជន​តៃហោង​ពី​ខាង​ណា​ទេ ធ្លាប់​មាន​គេ​ប្រាប់​ថា ឲ្យ​បោះ​សាច់ បោះ​ចំណី​ ទៅ​ក្បែរ​ៗ​ផ្ទះ​ឲ្យ​គេ​ស៊ី​ទៅ​វា​ចប់​ហើយ ព្រោះ​ប្រាកដ​ជា​មាន​​ខ្មោច​អត់​ឃ្លាន​មក​សុំ​អ្វី​ស៊ី​ហើយ ។ ខ្ញុំ​បោះ​សាច់​ងៀត ទៅ​ចំហៀង​ផ្ទះ ត្រី​ចៀន​មួយ​ទៅ​មុខ​ផ្ទះ លើស​នេះ​ទៀត​​ខ្ញុំ​បាន​អុជ​ធូប មុខ​ផ្ទះ​មួយ​ដើម​ខាង​ឆ្វេង មួយ​ដើម​ខាង​ស្ដាំ អម​ដោយ​សាច់​ចៀន ម្ខាង​មួយ​ដុំ​ផង ក្នុង​ផ្ទះ​ខ្ញុំ​អុជ​សុំ​ខមាលទោស​ពី​កុង​ម៉ា​ក្រែង​មាន​អ្វី​ឆ្គាំឆ្គង​មិន​សមរម្យ ។ ខណៈ​ពេល​នោះ លោក​យាយ​មក​ព​ចៅ លួង​ៗ​ក៏​បាត់​យំ​ទៅ ហើយ​ក៏​គេង​លក់ ។

អ្នក​អាច​គិត​ថា ខ្ញុំ​ធ្វើ​អ្វី​ផ្ដេសផ្ដាស តែ​អ្វី​ដែល​យើង​មើល​មិន​ឃើញ អាច​មាន​មែន ។ ហើយ​អ្នក​សាកគិត​ទៅ​មើល​ថា​កូន​ខ្ញុំ​គេង​ស្ងប់​ទៅ​មក​ពី​មូល​ហេតុ​អ្វី?

ប្រពន្ធ​ខ្ញុំ​ថា យាយតា​ខាងនោះ​ (បន្ទាយ​មាន​ជ័យ) នឹក​ខ្លាំង​ហើយ បាន​មាន​រឿង​ដូច្នេះ មុន​អាអូន​យំ​គាត់​ខល​មក​លេង​មួយ​សន្ទុះ ។

និយាយ​រួម រឿង​ហេតុ​វា​ចេះ​តែ​កើត​ឡើង​ផ្សំ​ៗ​គ្នា ខ្ញុំ​ថា​អាគម​ផ្សំ​អាយ៉ុស​ទេ!

ធ្លាប់​មាន​អព្ភូតហេតុ​កើត​ម្ដង អំពី​ម៉ោង​ដែល​កូន​ខ្ញុំ​ចាប់​កំណើត ខ្ញុំ​នឹង​អធិប្បាយ​ឲ្យ​ស្ដាប់​ណា ប្រាកដ​ជា​មាន​អ្នក​ចង់​ស្ដាប់ពី​រឿង​អរូបី ។

 

ពី​ប៉ា​ម្នាក់

គ្រញូង និង​ការ​ដាំ​ឡើង​វិញ សៅរ៍ 3 ឧសភា 2014

Posted by រដ្ឋ in ទីនេះ​កម្ពុជា.
2 comments

ttttt
បើតាម​វចនានុក្រម​ខ្មែរ​ “គ្រញូង” មាន​ន័យ​ដូច​ខាង​ក្រោម៖

​គ្រញូង (ន.) ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម សម្បុរ​ក្រហម​ក្រម៉ៅ សាច់​ជិត​ស្និទ្ធ​រឹង​ជាប់​អង្វែង សម្រាប់​ប្រើ​ការ​ធ្វើ​គ្រឿង​ចលនវត្ថុ​ផ្សេង​ៗ ។ គ្រញូង​មាន​ពីរ​យ៉ាង គឺ​គ្រញូង​ដែក សម្បុរ​ក្រម៉ៅ និង​គ្រញូង​ឈាម​មាន់​សម្បុរ​ភាវ ។

នៅ​ក្នុង​សង្គម​បច្ចុប្បន្ន គ្រញូង​ អាច​ហៅសំដៅ​បុគ្គល​ដែល​មាន​សម្បុរ​ខ្មៅ ព្រោះ​ខ្មៅ​ដូច​ខ្លឹម​គ្រញូង ។ អា​គ្រញូង អ្នក​នោះ​ខ្មៅ​ដូច​គ្រញូង​ជា​ដើម ។ នៅ​ខេត្ត​បាត់ដំបង មាន​រូប​សំណាក​រង្វង់​មូល​មួយ ឈ្មោះ​លោក​តា​ដំបង​គ្រញូង ។ លោក​តា​មា​ន​សម្បុរខ្មៅ​រលោង ដៃ​កាន់​ដំបង​ខ្មៅ​មួយ​ដើម គឺ​ដំបង​គ្រញូង ។

រុក្ខ​ជាតិ​នេះ បើ​តាម​ខ្ញុំ​ដឹង ទម្រាំ​មាន​ខ្លឹម​ល្មម​ប្រើ​ការ​បាន​​ត្រូវ​មាន​អាយុ​មិន​តិច​ជាង ៣០​ ទៅ​៤០​ឆ្នាំ​ទេ នេះ​បើ​តាម​មិត្រ​ខ្ញុំ​ម្នាក់​ប្រាប់ តែ​ពេល​ខ្លះ​​អាស្រ័យ​តំបន់​ដែល​វា​ដុះ ជា​ប្រភេទ​ដី​ទាប​ខ្ពស់ មាន​ជីរជាតិ​ ឬ​អត់​ដែរ ។ គេ​ប្រើ​តែ​ខ្លឹម​វា​ប៉ុណ្ណោះ សម្រាប់​ធ្វើ​ជា​គ្រឿង​សង្ហារឹម​ស្រស់​ស្អាត​ជា​ច្រើន ហើយ​តាម​ឮ​គេ​និយាយ​ត​គ្នា វា​អាច​កិន​ធ្វើ​ជារំសេវ​ក៏​បាន ព្រោះ​សាច់​ឈើ​ប្រភេទ​នេះ មាន​ចំហេះ​ល្អ​ណាស់ ។

ថ្ងៃ​មួយ​ ខ្ញុំ​មាន​វាសនា​បាន​ស្គាល់​ដើម​គ្រញូង​ពិត (មិន​ដែល​ស្គាល់​សោះតែ​ម្ដង) ហើយ​បាន​ថត​រូប​ទុក​ខ្លះ ក្រែង​បាន​ដល់​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ផង ព្រោះ​រុក្ខ​ជាតិ​ប្រភេទ​នេះ មិន​ងាយ​បាន​ប្រទះ ឬ​វា​លែង​សម្បូរ​បាត់​ទៅ​ហើយ ។

krunhung1

ដើម​គ្រញូង

kru-epant

កន្លែង​បណ្ដុះ​កូន​ឈើ​គ្រញូង (១​ដើម ថ្លៃ​៤,០០០៛) នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ចំណែក​ឯ​ពូជ​គេ​យក​ពី​ស្រុក​ថៃមក​វិញ​ទេ

Photo-0089_499

កន្លែង​បណ្ដុះ​កូន​គ្រញូង នៅ​ជិត​ចំការ​កៅស៊ូ​ក្រុម​ហ៊ុន​តាន​បៀន(VN)​អភិវឌ្ឍន៍​កៅស៊ូ នៅ​កម្ពុជា

kruo_fores

ព្រៃ​គ្រញូង ដែល​អាជ្ញាធរ​រៀប​ចំ​ឲ្យ​មាន​ការ​ដាំ​ឡើង​វិញ

kronhung tree

គ្រញូង​១​ដើម​នេះ ខ្ញុំ​ថត​នៅ​ព្រៃ​ភ្នំ​រៀង (ឬ​ភ្នំរាំង) ស្រុក​សន្ទុក,កំពង់ធំ

ទាំង​អស់​នេះ សុទ្ធ​តែ​ជា​គ្រញូង​ក្មេង​ៗ ដែល​គេ​បន្សល់​តាម​ផ្លូវ និង​គេ​ដាំ​ឡើង​វិញ​ប៉ុណ្ណោះ ប្រហែល​ទុក​សម្រាប់​ក្មេង​ខ្មាំង​ស្រករ​ក្រោយ​បាន​ស្គាល់​ហើយ ។

ធ្លាប់​ចង់​ប្ដូរ​ប្លក់​ទៅ​អសយដ្ឋាន​ថ្មី អាទិត្យ 27 មេសា 2014

Posted by រដ្ឋ in Wordpress.com.
add a comment

មុន​នេះ​បន្តិច នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​សម្អាត​ប្លក់​មួយ​នេះ​ចេញ វា​មាន​បញ្ហា​ខ្លះ ។ ខ្ញុំ​បាន​ទាក់ទង​ទៅ​ខាង WordPress.com ឲ្យ​គេ​ជួយ ហើយ​ក៏​បាន​សម្រេច ។ គេ​ថា​បញ្ហា​នេះមិន​ដែល​ជួប​ដែរ គឺមាន​ខំម៉ិន​មួយ​ចំនួន​ជាប់​ស្ដូក ទោះ​លុប​យ៉ាង​ណា​ក៏​មិន​បាត់ ធ្វើ​ឲ្យ​រំខាន ។

ខ្ញុំ​​ថា មិន​ចង់​បង្កើត​ថ្មី​ទៀត ព្រោះ​អសយដ្ឋាន​មួយ​នេះ មាន​លីង​តាម​ផ្ទះ​គេ​ស្រេចៗ គ្រាន់​តែ​ចុច​មួយ​ឃ្លីក​គឺ​ដល់​ផ្ទះ​ខ្ញុំ​តែ​ម្រ៉ង ហេហេ