jump to navigation

អំពី​ប្រាសាទ​នាគព័ន្ធ និង​អបិយជំនឿ​របស់​មនុស្ស​ខ្មែរ​តាំង​ពី​បុរាណ អង្គារ 31 តុលា 2017

Posted by រដ្ឋ in ទីនេះ​កម្ពុជា, អបិយ​ជំនឿ.
add a comment

កាល​ពី​ទៅ​សៀម​រាប​ (២៩ តុលា ២០១៧) ខ្ញុំ​និង​គ្រួសារ​បាន​ចេញ​ដំណើរ​ពី​ព្រឹក​ដើម្បី​ឱ្យ​ទៅ​ដល់​សៀមរាប នឹង​អាល​បានឈប់សម្រាក​មុខ​ប្រាសាទ​អង្គរ​វត្ត​ដើម្បី​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ដោយ​មិន​បាន​ទៅ​ផ្ទះ​ការ​ភ្លាម​ទេ ។ ម៉ោង​ប្រហែល ៣រសៀល​ក៏នាំ​គ្នា​នឹកចង់​ទៅ​ទស្សនា​ប្រាសាទ​នាគព័ន្ធ ព្រោះ​មួយរយៈ​នេះ​មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន​ឥត​ដាច់ ដែល​មិន​ដឹង​មូលហេតុ​អ្វីទេ អាច​ថាមនុស្ស​តាម​គ្នា​ទេដឹង ព្រោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​គេ​បង្ហោះ​រូប​ពី​ទីនោះ​ច្រើន។ សម្រេច​ចិត្ត​ភ្លាមៗ ក៏ចេញ​ដំណើរ​ភ្លាម ណាមួយ​ម៉ោង​ពិធីមង្គលការ​ក៏​នៅ​ច្រើន ។

តាម​ពិត​ទៅ​ខ្ញុំ​ក៏មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​ប្រាសាទ​នាគព័ន្ធ​ទេ ជិះ​បណ្ដើរ​សួរ​គេបណ្ដើរ ។ យើង​ចេញ​ពី​មុខ​អង្គរ​តូច​ឆ្ពោះ​ទៅ​អង្គរ​ធំ (វង់ធំ) រួច​ចេញ​តាម​ក្លោង​ទ្វារ​ក្រោយ​បត់ស្ដាំ ។ ក្នុង​វង់ធំ​នេះ ដើម្បី​ទៅ​ដល់​ប្រាសាទ​នាគព័ន្ធ យើង​ត្រូវ​ជិះ​កាត់​ប្រាសាទ​ព្រះខ័ន (តែ​ខ្ញុំ​មិន​បាន​ចូល​ទស្សនា​ទេ) ។ ហួស​ទី​ប្រាសាទ​ព្រះខ័ន​ប្រមាណ​ជា ២គ.ម យើង​ដល់​កន្លែង​ចត​យាន​យន្ត ឃើញ​មនុស្ស​ជុំៗ និង​ផ្លូវ​ចូល​ប្រាសាទ (មិន​បាន​ថត​ទិដ្ឋភាព​ត្រង់​នេះ និង​ផ្លូវ​ចូល) ។

null

មក​ទស្សនា​​ប្រាសាទ​នាគ​ព័ន្ធ​ក្នុង​ខែ​នេះ (ខែតុលា) ផ្លូវ​ចូល​ប្រាសាទ​ពោរពាស​ទៅដោយ​ទឹក ព្រោះ​ទើប​ផុត​ខែ​វស្សា​ថ្មី​ទឹក​ស្រក​មិនទាន់​អស់ ឬ​ដល់​ខែ​ប្រាំង​នៅ​តែ​មាន​ទឹក​ទៀត​ខ្ញុំ​មិន​ម្ចាស់​ដែរ ។ យើង​អាច​កត់​សម្គាល់​បាន​ថា អាជ្ញាធរ​បាន​សាង​ស្ពាន​ឈើ​កម្ពស់​ល្មម​សម្រាប់​សម្រួល​ភ្ញៀវ​ដើរ​ចូល​ទៅ​ទស្សនា​ប្រាសាទ ។ តាម​ការ​កត់​សម្គាល់​របស់​ខ្ញុំ ស្ពាន​ឈើ​តូច​ល្មម​នេះ​ហើយ ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ខ្មែរ​ (មិន​ដឹង​វា​ទាក់ទាញ​ពួកបរទេសឬអត់ទេ) ពិសេស​យុវវ័យ​តែ​ម្ដង ដែលមុន​នឹង​ទៅ​ដល់​ប្រាសាទ ស្ពាន​ឈើ​នេះ​ក្លាយ​ជា​ទីទាក់​ភ្នែក​សម្រាប់​ថត​រូបកម្សាន្ត ។

ពេល​ទៅ​ដល់​ប្រាសាទ ខ្ញុំ​មិន​បាន​ឃើញ​ភាពពេញ​លេញ​នៃ​តួ​ប្រាសាទ​ទេ ព្រោះ​វា​លិច​ទៅ​ក្នុង​ទឹក ។ ដោយសារ​ប្រាសាទ​ត្រូវ​បាន​បុព្វ​បុរស​សាង​ឡើង​ក្នុង​ស្រះទឹក ហើយ​និង​លក្ខណៈពិសេស​ទាក់ទង​នឹង​ស្រះ ដូច្នេះ​វាមិន​មាន​អ្វី​ប្លែកទៅ​វិញ ។ តែ​ប្រសិន​បើ​លោក​អ្នក​បាន​ដឹង​ពី​ប្រវត្តិ​ខ្លះ​ៗ​នៃ​រឿង​រ៉ាវ​ប្រាសាទ​មួយ​នេះ វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ជា​ទី​សក្តិសិទ្ធ​ក្រៃ​លែង​នៃ​​មនុស្សជំនាន់​ដើម ។

មក​ដល់​ត្រង់​នេះ ខ្ញុំ​សូម​ដក​ស្រង់​ទាំង​ស្រុង​ពី​គេហទំព័រ​មួយ​ដែល​និយាយ​ពី​ប្រាសាទ​នាគព័ន្ធ គ្រាន់​ទុក​ជា​ចំណេះ​ដឹង និង​ឯកសារ​ស្រាវជ្រាវ៖

  • ប្រាសាទ​នាគព័ន្ធ និង​ជំនឿ​ក្នុង​ការ​ព្យាបាល​ជំងឺ
    ដោយ៖ ចេន សុជាតា

​ប្រាសាទ​នាគព័ន្ធ ត្រូវបាន​សាងសង់​ឡើង​នៅ​រជ្ជកាល ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នា​ឆ្នាំ​១១៩១ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធសាសនា​មហាយាន​។ ប្រាសាទ​នេះ ស្ថិតនៅ​ផ្លូវ​វង់​ធំ​នៃ​តំបន់​អង្គរ សាងសង់​លើ​ទំហំ​ដី ៣៥០​ម៉ែត្រ បួន​ជ្រុង​ស្មើ មាន​ច​មា្ងយ ១៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប​។ ប្រាសាទ​នេះ មាន​ស្រះ សន្សំ​ទឹកបរិសុទ្ធ​៨ ដោយ​រៀបចំ​អោយមាន ជា​សញ្ញា​លេខបូក ជា​និមិត្ដរូប​នៃ សញ្ញា​មន្ទី​ពេទ្យ​។ សិលា​ចារិក​ប្រាសាទ​ព្រះខ័ន នៅត្រង់​ល្បះ​ទី​៤១ បាន​និយាយ​អំពី​នាគព័ន្ធ​ថា​៖ មាន​កោះ​ដ៏​ឧត្តុងឧត្តម​មួយ​លេច​ស្រស់​ចែងចាំ​ងអស់​ស្រះ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​នោះ ហើយ​ដែល​លាងជម្រះ​បាបកម្ម​នៃ​អ្នក​ដែល​បាន​មក​ដល់​ទីនោះ​។ (ច្រើន​ទៀត…)

Advertisements

តើ​ធ្វើ​យ៉ាង​ម៉េច​ បើ​កូន​យំ​មិន​បាត់​សោះ អង្គារ 10 មិថុនា 2014

Posted by រដ្ឋ in កំណត់​ហេតុ, អបិយ​ជំនឿ.
7 comments

ttttt
ថ្ងៃ​ទី ០៩ រៀង​រាល់​ខែ ពុំ​មែន​ជា​ថ្ងៃ​កំណើត​របស់​កូន​ខ្ញុំ​ទេ តែ​ជា​ថ្ងៃ​ដែល​គេ​ចូល​ផ្ទះ ដំបូង គេ​កើត​នៅ​ថ្ងៃ​ទី ០៨  ។ ពួក​យើង គេង​បាន​មួយ​យប់​ប៉ុណ្ណោះ សម្រេច​ចិត្ត​សុំ​ពេទ្យ​ត្រលប់​មក​សម្រាក​នៅ​ផ្ទះ​វិញ ព្រោះ​វា​ស្រួល​ដេក​ពួន ។

ថ្ងៃ​នេះ (០៩ មិថុនា) កូន​យុត្ត​ចម្រើន​វ័យ​បាន ៩​ខែ​គត់ ល្ងាច​នេះ​ម៉ា​ក់អាអូន​ចង់​បញ្ច្រក​ថ្នាំ​បាត់​រាគ គេ​ក៏​ល្វីង​មាត់​ពុំ​ព្រម​ញ៉ាំ​ទឹក​ដោះ​គោ​សោះ រហូត​ខ្លាច​ដប និង​ខឹង​ម៉ាក់​ជា​ខ្លាំង យំ​ពុំ​បាត់​សោះ ។ ខ្ញុំ​លើក​កូន​ព រៀង​អន់​យំ​បន្តិច (ធម្មតា​កូន​ចូលចិត្ត​ប៉ា​ជាង​ម៉ាក់ តាម​ប៉ា​ជាង​ម៉ាក់) ខ្ញុំ​សង្កេត​ទឹក​មុខ​កូន គេ​សម្លឹង​ទៅ​ក្រៅ​ផ្ទះ​ញឹក​ញាប់​តាម​ទ្វារ​មុខ ។ តាម​អារម្មណ៍​ខ្ញុំ ខ្ញុំ​សង្ស័យ​ថា​មាន​អ្វី​មួយ​នៅ​ក្រៅ​ផ្ទះ​ប្រាកដ​ដែល​ខ្ញុំ​មិន​ដឹង ខ្ញុំ​គ្រាន់​តែ​សង្ស័យ​ប៉ុននោះ ។ ខ្ញុំ​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា ​មាន​មនុស្ស​នៅ​ខាង​ក្រៅ​ចាំ​មើល​កូន​យើង​ហើយ  បាន​កូន​យំ​មិន​បាត់​ លោក​យាយ​ក៏​រវល់​ទៀត ។ ប្រពន្ធ​ខ្ញុំ​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ម្យ៉ាង ខ្ញុំ​ក៏​គិត​ចេញ​ថា​ត្រូវ​ធ្វើ​អ្វី​លឿន​ៗ​ផង​ដែរ ។ ខ្ញុំ​មិន​ខ្វល់​ថា​ពួក​គេ​ជា​សាច់ញាតិ ឬជន​តៃហោង​ពី​ខាង​ណា​ទេ ធ្លាប់​មាន​គេ​ប្រាប់​ថា ឲ្យ​បោះ​សាច់ បោះ​ចំណី​ ទៅ​ក្បែរ​ៗ​ផ្ទះ​ឲ្យ​គេ​ស៊ី​ទៅ​វា​ចប់​ហើយ ព្រោះ​ប្រាកដ​ជា​មាន​​ខ្មោច​អត់​ឃ្លាន​មក​សុំ​អ្វី​ស៊ី​ហើយ ។ ខ្ញុំ​បោះ​សាច់​ងៀត ទៅ​ចំហៀង​ផ្ទះ ត្រី​ចៀន​មួយ​ទៅ​មុខ​ផ្ទះ លើស​នេះ​ទៀត​​ខ្ញុំ​បាន​អុជ​ធូប មុខ​ផ្ទះ​មួយ​ដើម​ខាង​ឆ្វេង មួយ​ដើម​ខាង​ស្ដាំ អម​ដោយ​សាច់​ចៀន ម្ខាង​មួយ​ដុំ​ផង ក្នុង​ផ្ទះ​ខ្ញុំ​អុជ​សុំ​ខមាលទោស​ពី​កុង​ម៉ា​ក្រែង​មាន​អ្វី​ឆ្គាំឆ្គង​មិន​សមរម្យ ។ ខណៈ​ពេល​នោះ លោក​យាយ​មក​ព​ចៅ លួង​ៗ​ក៏​បាត់​យំ​ទៅ ហើយ​ក៏​គេង​លក់ ។

អ្នក​អាច​គិត​ថា ខ្ញុំ​ធ្វើ​អ្វី​ផ្ដេសផ្ដាស តែ​អ្វី​ដែល​យើង​មើល​មិន​ឃើញ អាច​មាន​មែន ។ ហើយ​អ្នក​សាកគិត​ទៅ​មើល​ថា​កូន​ខ្ញុំ​គេង​ស្ងប់​ទៅ​មក​ពី​មូល​ហេតុ​អ្វី?

ប្រពន្ធ​ខ្ញុំ​ថា យាយតា​ខាងនោះ​ (បន្ទាយ​មាន​ជ័យ) នឹក​ខ្លាំង​ហើយ បាន​មាន​រឿង​ដូច្នេះ មុន​អាអូន​យំ​គាត់​ខល​មក​លេង​មួយ​សន្ទុះ ។

និយាយ​រួម រឿង​ហេតុ​វា​ចេះ​តែ​កើត​ឡើង​ផ្សំ​ៗ​គ្នា ខ្ញុំ​ថា​អាគម​ផ្សំ​អាយ៉ុស​ទេ!

ធ្លាប់​មាន​អព្ភូតហេតុ​កើត​ម្ដង អំពី​ម៉ោង​ដែល​កូន​ខ្ញុំ​ចាប់​កំណើត ខ្ញុំ​នឹង​អធិប្បាយ​ឲ្យ​ស្ដាប់​ណា ប្រាកដ​ជា​មាន​អ្នក​ចង់​ស្ដាប់ពី​រឿង​អរូបី ។

 

ពី​ប៉ា​ម្នាក់