jump to navigation

ស្រលាញ់​គ្រឿង​សង្ហារឹម​ធ្វើ​ពី​ឈើ​ពី​ពេល​ណា​មក សៅរ៍ 4 តុលា 2014

Posted by រដ្ឋ in រឿងរ៉ាវ​របស់​ខ្ញុំ, Lifestyle.
3 comments

កកន៖ ជា​ជិវិត​គូ យើង​ត្រូវ​ឧស្សាហ៍​សួរ​ខ្លួន​ឯង​ថា តើ​ក្នុង​១​ឆ្នាំ​ៗ តើ​យើង​បាន​ចំណាយ​លើ​អ្វី​ខ្លះ ហើយ​បាន​អ្វី​ចូល​មក​វិញ​ខ្លះ ។ ខាង​ក្រោម​នេះ ជា​ជីវិត​ពិត​របស់​ខ្ញុំ…

តាំង​ពី​មក​រស់នៅ​ជុំ​គ្រួសារ​ប្រពន្ធ​កូនមក (កំពង់ធំ) ខ្ញុំ​ចេះ​ស្រលាញ់​របស់​មាន​តម្លៃ​ច្រើន​យ៉ាង ​ពិសេសគ្រឿង​សង្ហារឹម​ធ្វើ​ពី​ឈើ ។ គ្រឿង​សង្ហារឹមបែប​នេះ យើងអាច​​ទុក​បាន​យូរ ហើយ​មាន​តម្លៃ​លើក​កំពស់​សម្រស់​គេហដ្ឋាន​យ៉ាង​ស្អាត​ផង​ដែរ មិន​ដូច​គ្រឿង​តុបតែង​ការិយាល័យ​ដែល​ធ្វើ​ពី​កុងផ្លាកេ ឬ​ធ្វើ​ពី​ឈើ​កិន នោះ​ទេ វា​ថោក​និង​ទុក​មិន​បាន​យូរ​​ទេ ។ របស់​ទាំង​នោះ វា​គ្មាន​អ្វី​ក្រៅ​ពី​តុ ទូ កៅអី សាឡុង…។ល។ នោះ​ឯង ។

តាំង​ពី​រៀប​ការ​មក (ខែ​មករា២០១២) ខ្ញុំ​និង​ប្រពន្ធ​បាន​សន្សំ​លុយ​ទិញ​បាន​ទូ​តាំង​មួយ ជា​របស់​ទ្រព្យ​ដំបូង​ដែល​យើង​ព្រួត​ដៃ​គ្នាទិញ វា​មាន​តម្លៃ​ត្រឹម ២លាន​៨០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ កាល​នោះ បើ​មិន​តាម​ប្រពន្ធ​បង្ខំ​ឲ្យ​ទិញ ខ្ញុំ​ប្រាកដ​ជា​ចាយ​លុយ​មិន​ដឹង​មុខ អស់​គ្មាន​សល់ គឺ​មិន​ទាន់​ចេះ​ស្រលាញ់​របស់​អី​ចឹងៗ​វ៉ិន​ទេ ។

598869_350366715036279_1986064776_n

ពេល​ធ្វើ​រួច​មិន​ទាន់​ដាក់​កញ្ចក់

មែន​ទែន​ទៅ យើង​ពុំ​ទាន់មាន​ផ្ទះ​ជា​របស់​ខ្លួន​ឯង​នៅ​ឡើយ​ទេ ។ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ម្ដាយ​ក្មេក​នៅ​ឡើយ ។ គំនិត​ខ្ញុំ ចង់​ថា​យើង​គ្រាន់​តែ​ឆ្លៀត​ទិញ​របស់​របរ​ទុក​ឲ្យ​ហើយ ទម្រាំ​មាន​ផ្ទះ​ថ្ម ផ្ទះ​ល្វែង​ដូច​គេ យើង​មាន​សម្បុក​សម្បត្តិ​រួច​ស្រេច ។ យើង​ពីរ​នាក់​មាន​ប្រាក់​ខែមិន​ច្រើន​ទេ តែ​គ្រាន់​តែ​ចាយ​ខ្លះ សន្សំ​ខ្លះ ដើម្បី​ឆ្លៀត​ទិញ​របស់​ប្រើ​ប្រាស់ប៉ុណ្ណោះ ។

ក្រៅ​ពី​នោះ​មក យើង​ពុំ​ទាន់​ដែល​បាន​ទិញ​អ្វី​ចូល​ផ្ទះ​ទៀត​ទេ ក្រៅ​តែ​ពីឡាន​១​គ្រឿង តម្លៃ​ជិត ៤០​លាន​រៀល (ទិញ​ខែ​វិច្ឆិកា​២០១៣) ជិត​បាន​១​ឆ្នាំ​ហើយ ។ ហើយ​គម្រោង​បន្ទាប់​របស់​ខ្ញុំ​នោះ​គឺ សាឡុង​ឈើ​មាន​ក្បាច់​ភ្ញី ដែល​មាន​តម្លៃ​ដល់​ទៅ ៦​លាន​៨០​ម៉ឺន​រៀល តែ​ខ្ញុំ​មិន​ទាន់​សន្សំ​លុយ​បាន​ទេ បើ​ពឹង​តែ​លុយ​តុង​ទីន​១ក្បាល​បាន​តែ ជាង​៣លាន​រៀល​ហ្នឹង ស្រួល​មិន​ស្រួល ខ្ញុំ​ប្រហែល​ជា​ត្រូវ​ជំពាក់​លុយ​ធនាគារ ព្រោះ​តែ​ចង់​បាន​របស់​នោះ ។

7447_517044311701851_78661041_n - Copy

សាឡុង​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​បាន

1048345_517424944997121_1663677834_oចំណែក​ទូ​សម្អាង​នេះ ក៏​ចង់​ទិញ​ឲ្យ​ប្រពន្ធ​១​ដែរ តម្លៃ​វា​តែ ជាង​២​លាន​រៀល​តាម​ស្មាន

Advertisements

ក្ដី​ស្រមៃ​របស់​ខ្ញុំ​ ចន្ទ 29 កញ្ញា 2014

Posted by រដ្ឋ in រឿងរ៉ាវ​របស់​ខ្ញុំ, Lifestyle.
3 comments

ខ្ញុំ​តែង​ស្រមៃ​ថា ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មាន​កូន​ខ្ទម​មួយ​សម្រាប់​អង្គុយ​លេងជុំ​គ្រួសារ​ពេល​ទំនេរ ពេល​លំហែ​ ជួប​ជុំ​ភ្ញៀវ​មក​លេង​ផ្ទះ បង​ប្អូន​ជាដើម ។ ខ្ញុំ​នឹក​ឃើញ​ថា​ វា​មាន​សារ​ប្រយោជន៍​ជាច្រើន សំខាន់​គឺ​ទីតាំង​សម្រាប់​ធ្វើ​ខ្ទម​នេះ និង​អាស្រ័យ​មាន​ដី​មាន​ធ្លា​ទំនេរ​ ។

Photo-0012គម្រូ​ខ្ទម​ស្បូវ​ថត​ពី​ផ្ទះ​គេ មាន​ផ្កា​អ័រគីដេ​លំអ​ផង

Photo-0017ដំបូល​ប្រក់​ស្បូវ មិន​ក្ដៅ​ដូច​ស័ង្កសី​ទេ ថែម​កង្ហា​តូច​មួយ ល្មម​អ្នក​ផឹក​ស៊ី​ខាង​ក្រោម​​ស្រួល​ខ្លួន កិកិ

បើ​ដូច​ក្នុង​រូប វា​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេ គឺ​យើង​នៅ​ខ្វះ​ផើង​ផ្កា​ធំ​ៗ មាន​ដូង​តាំង​ និង​ផ្កា​តាម​ចំណូល​ចិត្ត​មួយ​ចំនួន ។ ខ្ទម​បែប​នេះ គួរ​កុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​បាយ​ពេក ។ ខ្ញុំ​ចង់​ឲ្យ​វា​នៅ​ជិត​នឹងសួន​បន្លែ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ជី​បន្លែ​ច្រើន​មុខ ល្មម​តែ​យើង​អាច​ប្រើ​ការ​បាន​ភ្លាម​ៗមិន​បាច់​ឡើង​ផ្សារ។

សំឡេង អង្គារ 25 មីនា 2008

Posted by រដ្ឋ in កំណត់​ហេតុ, ពីនេះ​ពីនោះ, រឿងរ៉ាវ​របស់​ខ្ញុំ.
add a comment

សំឡេង​ជា​ភាវៈ​អរូបិយ​មួយ​ដែល​យើង​មិន​អាច​មើល​ឃើញ មិន​អាច​ចាប់​កាន់​បាន តែ​យើង​អាច​ឮ​ដោយ​ត្រចៀក​របស់​យើង ។ តែ​ចំពោះ​ខ្ញុំ ពេល​ខ្លះ​ហាក់​ដូចជា​អាច​មើល​ឃើញ​សំឡេង​ទាំង​នោះ ។ តើ​វា​ជា​សំឡេង​អ្វី​ទៅ? ខ្ញុំ​សរសេរ​ចេញ​នេះ​ដើម្បី​ឲ្យ​ធូរ​អារម្មណ៍​ខ្លះ តែ​មិន​ទាមទារ​ឲ្យ​ព្យាយាម​យល់​ពី​សំឡេង​នោះ​ឡើយ ព្រោះ​វា​ជា​សំឡេង​ប៉ុណ្ណោះ ។

សំឡេង ជា​អ្វី​ម្យ៉ាង​ដែល​គួរ​ឲ្យ​ខ្លាច​ណាស់ … ខ្ញុំ​ចង់​គេច​ពី​វា​ តែ​នៅ​តែ​មិន​អាច​គេច​បាន ។ សំឡេង តាម​លោង​បន្លាច​ខ្ញុំ​គ្រប់​ពេល ពេល​ដែល​ខ្ញុំ​គិត​ដល់​វា ។ តែ​បើ​ខ្ញុំ​មិន​គិត​ពី​វា​ក៏​មិន​ថ្វី​ដែរ តែ​សំឡេង​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ឃើញ​រូបរាង​នៃ​សំឡេង ។ សំឡេង​ទាំង​នោះ​ហាក់​ដូច​ជា​ចង់​បាន​អ្វី​ពី​ខ្ញុំ​អ៊ីចឹង… ខ្ញុំ​មិន​បាន​យល់​សបិ្ត​អាក្រក់​ទេ​ពេល​នេះ កុំ​យល់​ច្រឡំ​អី ។

ឥទ្ធិពល​សំឡេង​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ខ្ញុំ​មែន​ទែន! ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ពេល​ដែល​បាន​ឮ​សំឡេង ហើយ​ខ្ញុំ​ឈឺ​ក្បាល​ គិត​អ្វី​ក៏​មិន​ចេញ ទាល់​តែ​ខ្ញុំ​ដើរ​គេច​ទើប​បាន​ស្បើយ​ខ្លះ … ពេល​ខ្លះ ទោះ​សំឡេង​នោះ​គ្មាន​ទាក់ទង​អ្វី​នឹង​ខ្ញុំ តែ​ពេល​បាន​ឮ ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត អារម្មណ៍​មិន​ល្អ ។ ខ្ញុំ​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់ តែ​ខ្ញុំ​មិន​ស្អប់​សំឡេង​តន្ត្រី​ទេ ។

ហេតុ​អ្វី​ក៏​អ្នក​ខ្លះ ចូលចិត្ត​បន្លឺ​សំឡេង​ដែល​គួរ​ឲ្យ​ខ្លាច? តែ​អ្នក​ខ្លះ​ធ្វើ​ឲ្យ​មាន​សំឡេង​ដោយ​មិន​ដឹង​ខ្លួន មិន​បាន​គិត​ថា​សំឡេង​នោះ​ប៉ះ​ពាល់​ដល់​អារម្មណ៍​គេ​នោះ​ទេ ជួនកាល​វា​អាច​ជា​ចេតនា​ដោយ​ប្រយោល បើ​ខ្ញុំ​គិត ។

សំឡេង​នៃ​ការ​ធ្លាក់ បែក ទង្គិច …នេះ​ជា​ឧទាហរណ៍​នៃ​សំឡេង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ និយាយ​ឲ្យ​ចំ​ទៅ គឺ​សំឡេង​គ្រប់​បែប​យ៉ាង​ដែល​ខ្ញុំ​យល់​ថា​ខ្លួន​ឯង​មិន​ចង់​ឮ ខ្ញុំ​ស្អប់​សំឡេង​ដែល​ខ្ញុំ​ស្អប់ មិន​ចង់​ឮ​សំឡេង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត… ។

ខ្ញុំ​យល់​ថា​នេះ​គ្រាន់​តែ​អត្ថបទ​តូច​មួយ​ដែល​ខ្ញុំ​ចង់​សរសេរ ដែល​វា​មិន​គ្រាន់​តែ​ជា​សំឡេង​មួយ តែ​ជា​ផ្នែក​មួយ​នៃ​សំឡេង​ដែល​ខ្ញុំ​ចង់​សរសេរ​តាំង​ពី​ពីរ​បី​ឆ្នាំ​មុន ។

បច្ចុប្បន្ន​ភាព​នៃ​បញ្ហា​បី ព្រហស្បតិ៍ 28 កុម្ភៈ 2008

Posted by រដ្ឋ in រឿងរ៉ាវ​របស់​ខ្ញុំ, Computer Problems.
1 comment so far

«បើ​មិន​បញ្ហា​នេះ​ក៏​បញ្ហា​នោះ​ដែរ! ហ៊ឺ… ខ្ញុំ​អស់​សង្ឃឹម​ចំពោះ​នាង​ណាស់! តែ​យ៉ាង​ណា​ក៏​បាន​ជា​គ្នា​ទៅ​ហើយ ខ្ញុំ​ស៊ូ​ទ្រាំ​ទៀត​ទៅ​ចុះ» sic!

សួស្ដី​បង​ប្អូន​ជា​ទី​មេត្រី! ថ្ងៃ​នេះ​សូម​លើក​បញ្ហា​ចម្បង​បី​ដែល​កុំព្យូទ័រ​របស់​ខ្ញុំ​កំពុង​ជួប​ប្រទះ ជា​បញ្ហា​ដែល​មិន​សម​បំណង ។ ទី​១ គឺ​ ថាសរឹង (Drive) F ដ៏​ជា​ទី​សម្អប់​របស់​ខ្ញុំ​វា​តែង​តែ​រំខាន​ខ្ញុំ​ជា​និច្ច ។ វា​តែង​តែ Check នោះ check រាល់​ពេល Start up ម្ដង​ៗ ។ ដោយ​ធុញ​ទ្រាន់​នឹង​វា​ពេក ចង់​ Format វា​ក៏​ Format មិន​បាន ។ ចង់​ Convertវា​ទៅ NTFS តាម cmd ក៏​មិន​បាន ។ ឲ្យ​វា​ចឹង​ទៅ​ចុះ មិន​ដឹង​ចង្រៃ​ថយធាក់​ស្អី… កិកិ

ទី២ គឺ​កម្ម​វិធី​កម្ចាត់​មេរោគ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ ដូច​តារា​ទើប​រះ​ចឹង ព្រោះ​ទើប​ចេញ​ចុង​ឆ្នាំ ២០០៧ នេះ​ឯង នោះ​គឺ Kaspersky 7.0.1.321 ។ តែ​វា​ទើស​ត្រង់​ Updateមិន​បាន​ដូច​គេ​ដូច​ឯង​សោះ! ហ៊ឺ… ចង់​ទៅ​រក អា​សំឡាញ់ Symantic ដ៏​សែន​វេទនា​វិញ​ឥឡូវ​ហើយ…

 

ចុង​ក្រោយ​នោះ​គឺ : ហេតុ​តែ​ចង់​ហ៊ឺ​ហា​ដូច​គេ ខ្ញុំ Upgrat ពី​ Office 2003 មក​ 2007វិញ ។ តែ​វា​មិន​ដូច​ចិត្ត​ឡើយ វាយ​អក្សរ​ខ្មែរ​មួយ​ចំនួន​មិន​ចេញ​ដៃ​ជើង​អី​សោះ ជា​ពិសេស ពុម្ភ​អក្សរ​ដែល​ចាំ​បាច់​ដូចជា​ Limon និង ABC-Zero-Space ជា​ដើម ។ កាល​ពី​មុន​ធ្លាប់​ប្រើ​វា​ម្ដង​ដែរ តែ​មិន​បញ្ហា​អី​ទេ តែ​ខ្ញុំ​បែរ​ជា​ប្ដូរ​ចិត្ត​ចាក​ចោល​វា ទៅ​ស្រវា​ Office 2003 សំណប់​ចិត្ត ប្រហែល​វា​នៅ​ខឹង​នឹង​ខ្ញុំ​ហើយ! ខ្ញុំ​ព្យាយាម​ច្រើន​ដង​ហើយ សម្រាប់ឯកសារ Normal.dotm តែ​គ្មាន​ប្រយោជន៍​សោះ មាន​តែ​ប្ដូរ​ចិត្ត​ត្រឡប់​ទៅស៊េរី២០០៣​យ៉ាង​កញ្ចាស់​វិញ​ហើយ​មើល​ទៅ ។

រឿង​ខ្លី​មួយ អាទិត្យ 3 កុម្ភៈ 2008

Posted by រដ្ឋ in កំណត់​ហេតុ, ពីនេះ​ពីនោះ, រឿងរ៉ាវ​របស់​ខ្ញុំ.
add a comment

ខ្ញុំ​មិន​ដឹង​ថា តើ​គាត់​នៅ​ខឹង​នឹង​ខ្ញុំ​ដែរឬទេ ព្រោះ​រឿង​កន្លង​មក​ជាង​មួយ​ឆ្នាំ​ហើយ ។ អ្វី​ដែល​កើត​ឡើង​ខ្ញុំ​មិន​បាន​បន្ទោស​ខ្លួន​ឯង​ទេ តែ​អ្វី​ដែល​សំខាន់​យើង​ដឹង​ច្បាស់​ណាស់​ថា ពួក​យើង​បាន​ធ្វើ​អ្វី ។ ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា គ្មាន​អ្នក​ណា​ខឹង​នឹង​អ្នក​ណា​ទេ គ្រាន់​តែ​កំហុស​ឆ្គង​មួយ​ប៉ុណ្ណោះ…​

ថ្ងៃ​នេះ​ខ្ញុំ​ទៅ​លេង​ផ្ទះ​គាត់ ។ ខ្ញុំ​មិន​បាន​ជួប​គាត់​ទេ គ្រាន់​តែ​មាន​ការ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ឥឡូវ​វា​រួច​រាល់​ហើយ ។ ខ្ញុំ​មិន​ដែល​ទៅ​លេង​ផ្ទះ​គាត់​ញឹកញាប់​ទេ យូរៗ​ពេល​មាន​កិច្ច​ការ​ចាំបាច់​ទើប​ខ្ញុំ​ទៅ ។ ទោះ​យើង​ធ្លាប់​ផ្ដាច់​ទំនាក់ទំនង​មួយ​រយៈ​ក៏​ដោយ តែ​ពេល​នេះ​ខ្ញុំ​សង្កេត​ឃើញ​ថា ដំណើរ​វា​ចេះ​តែ​ប្រទាក់​គ្នា ដូច​ចង់​ឲ្យ​អ្វី​ៗ​មក​ដូច​ដើម​វិញ​អ៊ី​ចឹង ។ តែ​វា​មិន​ដូច​ដើម​ទាំង​ស្រុង​ឡើយ ព្រោះ​ពេល​វេលា​ចេះ​តែ​ទៅ​មុខ ឯ​មនុស្ស​យើង​ក៏​​គង់​កែ​ប្រែ​ចិត្ត​គំនិត​ខ្លះ​ដែរ ។ នឹក​ឃើញ​កាល​ខ្ញុំ​ចាក​ចេញ​ពី​គាត់ ដោយ​មិន​ប្រាប់​មួយ​ម៉ាត់ នេះ​ជា​ចរិត​មិន​គួរសម​មួយ…

សុខ​ៗ​ខ្ញុំ​នឹក​ឃើញ​ចង់​សរសេរ​អត្ថបទ​នេះ​ឡើង ព្រោះ​ខ្ញុំ​រីករាយ​នៅ​ពេល​ឃើញ​តួ​អក្សរ​ចេះ​តែ​រត់​ទៅ​មុខ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​វា ។ គឺ​ចាប់​ផ្ដើម​ពី​ ខ្ញុំ​បានសរសេរ​អត្ថបទ​បក​ស្រាយ​ពី​សាច់​រឿងកុន​​មួយ ។ គឺ​ខ្ញុំ​ឃើញ​អក្សរ​ខ្មែរ​ដ៏​ស្អាត​រត់​ពេញ​ផ្ទាំង​ក្រដាស​ក្នុង​កុំព្យូទ័រ​របស់​ខ្ញុំ រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ ចង់​សរសេរ​ហើយ​សរសេរ​ទៀត ។ ខ្ញុំ​មិន​គួរ​រៀបរាប់៧៩​និយាយ​ច្រើន​ពេក​ទេ 😀 ។ ខ្ញុំ​ចង់​សរសេរ​ពី​រឿង​អ្វី​មួយ តែ​ខ្ញុំ​មិន​អាច ព្រោះ​មើល​ទៅ​អ្វីៗ​ចាក់​ស្រេះ​​ ពិបាក​នឹង​វែករក​ច្រក​តូច​មួយ​ឲ្យ​រលូន​ណាស់ ។ …