jump to navigation

ជ្រុង​មួយ​ពី​ខេត្ត​កំពង់ចាម សៅរ៍ 9 មិថុនា 2018

Posted by រដ្ឋ in កំណត់​ហេតុ, ទីនេះ​កម្ពុជា.
2 comments

កាល​ពី​ថ្ងៃ​ទី ០៦ មិថុនា ២០១៨ ខ្ញុំ​មាន​វាសនា​បាន​ទៅឃើញ​​កំពង់ចាមក្រុង​ ដែល​គេ​ល្បី​ថា​ស្រស់​ស្អាត​មិន​ដាច់​ពី​មាត់ ទី​នោះ​ធ្លាប់​មាន​ការ​រៀប​ចំ​បុណ្យ​ទន្លេ​ មាន​មាត់​ទន្លេ មាន​វិថី​ធំ​ៗ មាន​មន្ទីរ​រដ្ឋ ឯកជន​ជា​ច្រើន និង​ជា​ពិសេស​ជា​តំបន់​សេដ្ឋកិច្ច​សំខាន់​មួយ​ដែរ​របស់​ប្រទេស​កម្ពុជា ។ អ្វី​ដែល​ចាប់​អារម្មណ៍​នោះ ក្នុង​ក្រុង​នេះ មាន​បណ្ដុំ​គ្រឹះស្ថាន​ធនាគារធំៗ ក្រុម​ហ៊ុន​វិនិយោគ​ជា​ច្រើន ដែល​នៅក្នុង​ទីរួម​ខេត្ត​​ដទៃ​ទៀត​មិន​មាន​ដូច លើក​លែង​តែ​ខេត្ត​សៀមរាប​ចេញ ។

មួយ​ទៀត ដែល​ខ្ញុំ​ចាប់​អារម្មណ៍ នោះ​គឺ​រុក្ខវិថី​ធំៗ​ដែល​នៅ​កំពង់ធំ ខេត្ត​ដែល​ខ្ញុំ​កំពុង​រស់​នៅ​ពុំ​មាន​ដូច ហើយ​ហេដ្ឋារចនា​សម្ព័ន្ធ​វិញ​ស្ទើរ​តែ​មិន​អាច​ប្រៀប​ធៀប​គ្នា​បាន ។ ខ្ញុំ​ធ្លាប់​ប៉ង​ថា​ទៅ​លេងទីនោះ​ច្រើន​ដង​ហើយ មាន​កាល​មួយ​នោះ ក៏​ធ្លាប់​បាន​ជិះ​កាត់​ដែរ តែ​ឆ្លង​ពី​លើ​ស្ពាន​គីសូណា​ប៉ុណ្ណោះ គឺ​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​មណ្ឌល​គិរី រតនគិរី ។ តាម​ពិត កំពង់ចាម​មាន​លក្ខណៈពិសេស​ជា​ច្រើន​ទៀត ហើយ​ដែល​ខ្ញុំ​មិន​អាច​រៀប​រាប់​អស់​ពេល​នេះ ។ វា​មាន​តាំង​ពី​តំបន់​ទេសចរណ៍​ស្អាត​ៗ រមណីយដ្ឋាន​កែច្នៃ និង​ធម្មជាតិ​ច្រើន​កន្លែង ចម្ការ​ដំណាំ​ហូប​ផ្លែ ដែល​ដាំ​ដោយ​កសិករ​ខ្មែរ​ពិតៗ ដែល​បង​ប្អូន​ជន​រួម​ជាតិ​ធ្លាប់​ល្បី​ឈ្មោះ​យូរយារ​មក​ហើយ ហើយ​បើ​មាន​ឱកាស​ខ្ញុំ​នឹង​ប្រកាស​ជា​បន្តបន្ទាប់​កន្លែង​ដែល​បាន​ទៅ​ដល់​ពី​ខេត្ត​នេះ ។

តាម​ពិត​ទៅ ខ្ញុំ​មាន​កិច្ច​ការ​ត្រូវ​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត​កំពង់ចាម ក៏​ឆ្លៀត​ឱកាស​នេះ​ដើរ​ថត​រូប​ទុក​ទស្សនា​ពី​ការ​រីក​ចម្រើន​ស្រុក​ទេស​បន្តិច​ទៅ ។ សូម​ទស្សនា​ររូប​ដែល​ខ្ញុំ​បាន​ថតខាង​ក្រោម…







សួន​សន្តិភាព​កំពង់ចាម
ស្ពាន​គីហ្សូណា
ធនាគារ​ជាតិ នៃ​កម្ពុជា សាខា​ខេត្ត​កំពង់ចាម

ស្ពាន​កោះប៉ែន
ស្ពាន​កោះប៉ែន
ជីវភាព​ក្រោម​ស្ពាន ​គីហ្សូណា
ធនាគារ​ឯកជន

Advertisements

អាពាហ៍ពិពាហ៍​របស់​ប្អូន​ថ្លៃ សៅរ៍ 31 មីនា 2018

Posted by រដ្ឋ in កំណត់​ហេតុ, រឿងរ៉ាវ​របស់​ខ្ញុំ.
2 comments


កាល​ពី​ថ្ងៃ អាទិត្យ កន្លង​ទៅ៣សប្ដាហ៍​មុន​នេះ (១១ មីនា ២០១៨) ជា​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​ប្អូន​ថ្លៃ ឬ​រាប់​ជា​ពិធី​ធំ​សម្រាប់​គ្រួសារ បន្ទាប់​ពី​ពិធី​ភ្ជាប់​ពាក្យ​ធ្វើ​រួចរាល់​តាំង​ពី​ខែធ្នូ​កន្លងទៅ ។ ប្អូន​ថ្លៃ​ស្រី​របស់​ខ្ញុំ​គឺ​ជា​កូន​ពៅ ហើយ​ពិធី​ធំដុំ​នេះ​រាប់​ជា​ពិធី​ចុង​ក្រោយ ក្នុង​ចំណោម​ពិធី​ដ៏​សែន​រវល់​ៗ របស់​គ្រួសារ​ផង​ដែរ (មាន​ន័យ​ថា​ក្នុង​គ្រួសារ​អស់​កូន​ការ​ហើយ) ។

មុន​ពេល​ពិធី​មក​ដល់​អ្វី​ដែល​ខ្ញុំ​តែង​មាន​ក្ដី​បារម្ភ​នោះ គឺ​ការ​រៀប​ចំ​ពិធី​នេះ​ហើយ ខ្ញុំ​ខ្លាច​ក្រែង​តែ​ធ្វើ​ទៅ​មិន​រលូន មាន​ការ​ខ្វះ​ខាត​នេះ ខ្វះ​ខាត​នោះ​ជាដើម ។ បើ​ទុក​ជា​ខាង​ម្ដាយ​ក្មេក​របស់​ខ្ញុំ​ គាត់​មាន​បង​ប្អូន​ច្រើន ហើយ​ដែល​គាត់​តែង​សង្ឃឹម​ថា បងប្អូនកូន​ក្មួយ​ក្ដី​ នឹង​មក​ជួយ​ដំណើរ​ការ​កម្មវិធី​នេះ​ក្ដី ពួក​ខ្ញុំ (និង​ប្រពន្ធ) នៅ​តែ​មាន​ក្ដី​បារម្ភ​ជាប់​ជានិច្ច ។ បញ្ហាធំ​នោះ ត្រង់​ពេល​ដែលភ្ញៀវ​ខ្ទង់​រយ​នាក់​នឹង​មក​ពិសា​ភោជនាហារ​នោះឯង ។ សួរ​ថា​បាន​នរណា​មក​ជួយ​បម្រើ​កម្មវិធី ដូច​ជា​បម្រើ​ភេសជ្ជៈ ទឹកកក​ជាដើម ព្រោះ​យើង​មិន​មាន​ហាង​សម្រាប់ជួល​ទេ ហើយ​ក្រុម​សុភមង្គល (ឈ្មោះពេញនិយម​សម្រាប់ហៅ​ក្រុម​បម្រើ​ពិធី​ការបុណ្យ​ផ្សេងៗ) ក៏​យើង​មិន​បាន​ជួល​ដែរ ។ ក្រុម​សុភមង្គល​នេះ ខ្ញុំ​បាន​ត្រៀម​សម្រាប់​ជួល​ដែរ តែ​ម្ដាយ​គាត់​ថា​មិន​បាច់​ទេ កូន​ក្មួយ​គាត់​ច្រើន អាច​ជួយ​បាន ។

ថា​រវល់​ក៏​ដូច​ជា​មិន​រវល់ ព្រោះ​ពិធី​បែប​នេះ មិន​មែន​មនុស្ស​តិច​អាច​ធ្វើ​ចេញ​ទេ ខ្ញុំ​មាន​នាទី​ចាត់​ការ​ការងារ​ទូទៅ​ច្រើន ។ ការ​ប្រើ​ប្រាស់​អគ្គិសនី ទឹក ​បម្រើ​ភ្ញៀវ សម្រេច​ចិត្ត​ផ្សេង​ៗ កំណត់​ទីតាំង​ក្លោងទ្វារ​រោង តុ​កត់ចំណង​ដៃ ទីតាំង​អកកេះ (វង់​តន្ត្រី) ។ល។ សុទ្ធ​តែ​មិន​អាច​ខ្វះ​បាន ។ អ្វី​ដែល​កត់​សម្គាល់​នោះ ពួក​ខ្ញុំ​ពុំ​សូវ​បាន​ថត​រូប​ទេ ព្រោះ​មើល​ទៅ​ស្ថានការណ៍​ដូច​ជា​រវល់​ពេក ។ មួយ​ទៀត ម្ដាយ​ក្មេក​របស់​​ខ្ញុំ​មាន​កូន​តិច ដូច្នេះ​ការ​ចាត់​ចែង​វា​មូល​ម្ដុំ​លើ​កូន​ចំនួន​តិច​នេះ ។

ខ្ញុំ​មិន​ដឹង​ថា ការ​ម្រើ​របស់​យើង​បាន​ដិតដល់​ទៅ​ដល់​ភ្ញៀវ​ឬ​យ៉ាង​ណា​ទេ ដឹង​ត្រឹម​តែ​ថា យើង​បាន​បញ្ចប់​វា​ដោយ​រលូន ដោយ​គ្មាន​ការ​រាំង​ស្ទះ​អ្វី ។ ការ​ចំណាយ​ទាំងឡាយ គឺ​បបូរ​ ដោយ​មិន​ចង់​ឱ្យ​នរណា​មួយ​ឮ​ពាក្យ​ថា ពួក​យើង​រិះថាំ ទទួល​ខ្វះមុខ​ក្រោយ ដែល​ទាំង​នេះ​ជា​អ្វី​ដែល​ពួក​យើង​បាន​ត្រៀម​ទុក​មុន​ស្រេច ។

ពួក​យើង​ពិតជា​ថ្លែងអំណរ អរគុណ​ចំពោះ​ភ្ញៀវទាំង​ឡាយ ក៏​ដូច​ជា​សាច់​ញាតិ​សាច់​សារលោហិត​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ប្អូន​ថ្លៃ​ទាំង​ពីរ​នាក់ ក៏​ដូច​ជា​ចូលរួម​ប្រព្រឹត្តទៅ​នៃ​ដំណើរ​ការ​កម្មវិធី​ឱ្យ​រលូន​ទៅ​បាន ប្រកប​ដោយ​ភាព​ពេញ​ចិត្ត និង​រីករាយ​ក្រៃលែង ។ សូម​ជូន​ពរ​ភ្ញៀវកិត្តិយស​ និង​បង​ប្អូន​ទាំងអស់ ទទួល​តែ​ភាព​ចម្រុងចម្រើន​គ្រប់​ក្រុមគ្រួសារ និង​សុភមង្គល​តរៀង​ទៅ ៕

ការ​ប្អូន​ជីដូន​មួយ​ខាងប្រពន្ធ អាទិត្យ 4 កុម្ភៈ 2018

Posted by រដ្ឋ in កំណត់​ហេតុ.
2 comments

ថ្ងៃ​សៅរ៍-អាទិត្យ​នេះ ត្រូវ​ចូលរួម​ការ​ប្អូន​ជីដូន​មួយ​ខាងប្រពន្ធ​ម្នាក់​ទៀត ។ មុន​នេះ​ទើប​តែ​ការ​បង​ប្រុស​បង្កើត ភ្ជាប់​ពាក្យ​ប្អូន​ថ្លៃ ភ្ជាប់​ពាក្យ​ប្អូន​ជីដូន​មួយ​ខាង​ប្រពន្ធ ការ​ប្អូន​ជីដូន​មួយ​នៅ​បន្ទាយមានជ័យ ហើយ​ខែមីនា​ខាង​មុខ​នេះ គឺ​ពិធីមង្គល​ការ​ប្អូន​ថ្លៃ​​តែ​ម្ដង ៕

ទៅ​ការ​ប្អូន​ជីដូន​មួយ​ អាទិត្យ 28 មករា 2018

Posted by រដ្ឋ in កំណត់​ហេតុ.
1 comment so far

កាល​ពី​ថ្ងៃ​សុក្រ​ (២៦ មករា ២០១៨) ខ្ញុំ​បាន​ទៅ​ចូល​រួម​ពិធី​មង្គលការ​របស់​ប្អូនជីដូន​មួយ​ម្នាក់ តប​តាម​ការ​អញ្ជើញ​របស់​ឪពុក​មា​ខាង​ម្ដាយ​របស់​ខ្ញុំ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ដូច​ជា​រាង​ញឹក​បន្តិច​ហើយ​សម្រាប់​ខ្ញុំ ទៅ​ខាង​បន្ទាយមានជ័យ ព្រោះ​តែ​កម្មវិធី​ជាប់​សូរ​មិន​ដាច់ ។ តាម​ពិត​ទៅ ខ្ញុំ​ទើប​តែ​ចូល​ធ្វើ​ការ​ធនាគារ​ឯកជន​មួយ​ក្នុង​ស្រុក ការងារ​ក៏​រវល់​ខ្លាំង ស្ទើរ​តែ​មិន​ហ៊ាន​ដាក់​ច្បាប់​ឡើយ ។ ពិធី​ការ​នេះ​គេ​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៥ (​រាប់​ពី​ពិធី​ហែជំនូន​ពេល​ព្រឹក) មក​ម៉្លេះ​តែ​ខ្ញុំ​មិន​ហ៊ាន​សុំ​ច្បាប់​យូរ​ថ្ងៃ តើសុំ​តែ​ថ្ងៃ​សុក្រ​មួយ​ថ្ងៃ​បាន​ហើយ គឺ​ទៅ​ទាន់​តែ​ពេល​គេ​ពិសា​ភោជនាហារ​ថ្ងៃ​ត្រង់​ប៉ុណ្ណោះ ។ ដំណើរ​នេះ មាន​គ្រួសារ​តូច​របស់​ខ្ញុំ ៣នាក់ បូក​ទាំង​ម្ដាយ​ក្មេក​ម្នាក់​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ទៅ​អញ្ជើញ​​ភ្ញៀវ​ការ​កូន​ស្រី​ពៅ​នៅ​ខែ​មីនា​ខាង​មុខ​នេះ​ផង គឺ​គ្មាន​ភ្ញៀវ​ឯណា​ទេ​គឺ​ក្រុម​គ្រួសារ​ខាង​ខ្ញុំ មាន​ម្ដាយ បងប្រុស​ស្រី​ទាំង​អស់ហ្នឹង ។ ពួក​យើង កំណត់​យក​ថ្ងៃ​សៅរ៍ ទី២៧ ត្រឡប់​មក​វិញ ។

ដោយ​សង្ខេប តាម​ផ្លូវ​យើង​ត្រឡប់​មក​វិញ ពួក​យើង​មិន​ចោល​ទម្លាប់​មួយ គឺ​ជិះ​កាត់​សៀមរាប ហោច​ណាស់​បាន​ចូល​មើល​ប្រាសាទ​បុរាណ​បាន​មួយ កុំ​ឱ្យ​ខាត​ជើង ។ គឺ​យើង​បាន​ជិះ​ឆ្វែល​ផ្លូវ​ប្រាសាទ​បាយ័ន ទៅ​ដល់​មុខ​ប្រាសាទ​តាព្រហ្ម តែ​មិន​បាន​ចូល​មើល​ប្រាសាទ​តាព្រហ្ម​ទេ យើង​បក​ជូន​ម្ដាយ​ទៅ​មើល​ប្រាសាទ​នាគព័ន្ធ និង​ប្រាសាទ​ព្រះខ័ន (បាន​២​ប្រាសាទ) និង​ចុង​ក្រោយ​យើង​ចូល​បរិភោគ​បាញ់ឆែវ​ក្បែរ​អង្គរតូច​​រួច​បន្ត​ដំណើរ​​ត្រឡប់​មក​ផ្ទះ​វិញ​តែ​ម្ដង ។ ពួក​យើង​មក​ដល់​ផ្ទះ ក្បែរ​ម៉ោង​៨​យប់ ៕

ទស្សនា​រូប​ថត

លើក​នេះ​ទៅ​ភ្នំពេញ៥​ថ្ងៃ សៅរ៍ 16 ធ្នូ 2017

Posted by រដ្ឋ in កំណត់​ហេតុ.
add a comment

ស្អែក​នេះ (១៧ ធ្នូ ២០១៧) ខ្ញុំ​ត្រូវ​ឡើង​ទៅ​ភ្នំពេញ​ទៀត​ហើយ ដើម្បី​បំពេញ​ការងារ​មួយ​ចំនួន​រយៈពេល ៥​ថ្ងៃ ។ លើក​នេះ​ខុស​ពី​ពេល​មុនៗ ដែល​ជា​ទម្លាប់​ខ្ញុំ​ក្រោក​ពី​ព្រលឹម​អុលៗ​ដើម្បី​បើក​ឡាន​ទៅ​ម្នាក់​ឯង ដោយ​លើក​នេះ​អមដោយ​សហសេវិក​២នាក់​ រួម​នឹង​ប្អូន​ថ្លៃ​ម្នាក់​ទៀត​សុំ​ដោយ​សារ​ជាមួយ​ផង ។

​ដំណើរ​លើក​នេះ គឺ​ចាប់​ផ្ដើម​ពីព្រឹក​​ថ្ងៃ​ទី១៧ ដល់​២២ធ្នូ ។ យើង​ធ្វើ​ការ ៥​ថ្ងៃ (១៨-២២ ធ្នូ) ហើយ​រំពឹង​ថា​ត្រលប់​មក​ផ្ទះ​វិញ (កំពង់ថ្ម) នៅ​ល្ងាច​ថ្ងៃ២២​តែ​ម្ដង ៕

——————–
អាន​ផងដែរ៖
១. ទៅ​ភ្នំពេញ​៤​ថ្ងៃ

ភ្ជាប់​ពាក្យ​ប្អូន​ថ្លៃ អាទិត្យ 10 ធ្នូ 2017

Posted by រដ្ឋ in កំណត់​ហេតុ, រឿងរ៉ាវ​របស់​ខ្ញុំ.
3 comments

បន្តបន្ទាប់​គ្នា​បន្ទាប់​ពី​ពិធី​រៀប​មង្គល​ការ​បងប្រុស​របស់​ខ្ញុំ​រួច​រាល់ យើង​មាន​កម្មវិធី​ភ្ជាប់​ពាក្យ​ប្អូន​ថ្លៃ​ស្រី​ម្នាក់​ទៀត ។ ពិធី​ភ្ជាប់​ពាក្យ​នេះ ធ្វើ​ចំ​ថ្ងៃ​សម្រាក (១០ ធ្នូ ២០១៧) ដើម្បី​ជា​ការ​ងាយ​ស្រួល​ផង ទាំង​ខ្ញុំ​ទាំង​ប្រពន្ធ​ផង បាន​នៅ​ជួយ​រៀបចំ​ពិធីឲ្យ​រលូន ។

តាម​ពេលា​ដែល​រក​បាន និង​ដើម្បី​ជា​សិរី​សួស្ដី​ផង ពិធី​នេះ​គេ​តម្រូវ​ឲ្យ​ខាង​ប្រុស​រាប់​ទាំង​ឪពុកម្ដាយ​សាច់​ញាតិ​ជិតស្និទ្ធ​ចូល​មក​ផ្ទះ​ខាង​ស្រី​ឲ្យ​បាន​ពី​ព្រឹក គឺ​នៅ​ម៉ោង ៧ព្រឹក ។

ដោយ​សង្ខេប ពិធី​ភ្ជាប់​ពាក្យ​នេះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដូច​ជា៖ ការ​ជួបគ្នា​រវាង​ឪពុកម្ដាយ​ទាំង​សង្ខាង ការ​យល់ព្រមព្រមព្រៀងគ្នា​ព្រមទទួល​យក​កូន​ទាំង​ពីរ​ដើម្បី​ភ្ជាប់​ពាក្យ​ភ្ជាប់​សម្ដី​នឹង​គ្នា ពិធីប្រគល់លុយបង្គាប់ (ថ្លៃទឹកដោះ ឬថ្លៃផ្ទះ ហៅតាម​តំបន់ តែ​ស្រុកនេះ​ច្រើន​ហៅថ្លៃ​ផ្ទះ) រួម​នឹង​ពិធី​បំពាក់ចិញ្ចៀន​ភ្ជាប់​ពាក្យ និងពិធី​សែន​ចងដៃ ។ ពិធីសែន​ចងដៃ ក្នុង​គ្រា​នេះ ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​ប្រភព​ណាមួយ​ទេ ខ្ញុំ​គ្រាន់​តែ​ឃើញ​គេ​ធ្វើ​តៗ​គ្នា​រៀង​មក មិន​ទូទៅ​ឡើយ ហើយ​ការចងដៃនេះ (ភ្ជាប់​នឹង​លុយ​ផងនោះ) សម្រាប់​តែ​សាច់​ញាតិ​ផ្ទាល់​ទាំង​ខាង​ប្រុស និង​ខាង​ស្រី​ប៉ុននោះ ឬអាច​មិត្ត​ភក្តិ​ជិតដិត​របស់​សាមី​ខ្លួន​ទាំង​ពីរ​ផង​ក៏​មាន រី​ឯ​ភ្ញៀវ​ដែល​មក​ចូល​រួម​តាម​ការអញ្ជើញ​ជា​កិត្តិយស​នោះ ពុំ​ចាំបាច់​ក៏​បាន ព្រោះពួក​គេ​នឹង​អញ្ជើញ​ម្ដង​ទៀត​នៅ​ពេល​មាន​ពិធី​រៀបមង្គល​ការ​មកដល់​នាពេលដ៏ខ្លី​ខាង​មុខ​។​ ការ​រៀបចំ​ទទួលភ្ញៀវ​ពិសាភោជនាហារ យើង​ធ្វើ​ទូទៅ​ធម្មតាគ្មាន​អ្វី​ពិសេស​ទេ គឺ​ពេល​ព្រឹក​មាន​បបរគ្រឿង និង​ពេលជិតថ្ងៃត្រង់​មាន​បាយម្ហូប ផ្លែឈើ បង្អែមនំ និង​​ភេសជ្ជៈ​ជាដើម ។

និយាយជារួម តាម​ពិតពិធីភ្ជាប់​ពាក្យ​នេះ ជា​ពិធី​តូច​មួយ​ ដែល​យើង​ធ្វើ​តែ​មួយ​កំណាត់​ថ្ងៃ​ពេល​ព្រឹក ដើម្បី​ជា​ការ​ប្រកាស​ឲ្យ​ដឹង​ឮ​ដល់​មនុស្ស​ទូទៅ​ផង​ទាំង​ពួង និង​សាច់​ញាតិ​ទាំង​សង្ខាង​ផង ពី​ទំនាក់ទំនង​ ដែល​ឈាន​ដល់​ការ​ភ្ជាប់​ពាក្យ​ភ្ជាប់​សម្ដី​រវាង​ឪពុក​ម្ដាយ​ចាស​ទុំ​ទាំង​សង្ខាង​ផង ។ មួយ​វិញ​ទៀត ពិធី​នេះ​ក៏​ពុំ​មែន​ចាំបាច់​ខាន​មិន​បាន​ដែរ យើង​ធ្វើ​ក៏​បាន មិន​ធ្វើ​ក៏​បាន ឲ្យ​តែ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ ៕

ទៅ​ភ្នំពេញ​៤​ថ្ងៃ អាទិត្យ 26 វិច្ឆិកា 2017

Posted by រដ្ឋ in កំណត់​ហេតុ.
1 comment so far

មាន​ការងារ​មួយ​ចំនួនត្រូវ​ធ្វើ​តាំង​ពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​នេះ​ម៉្លេះ តែ​ដោយសារ​ជាប់​រវល់​ការ​បង​ប្រុស​ឯ​ខេត្ត​បន្ទាយមានជ័យ ក៏​សុំ​គេ​ពន្យារដល់​ថ្ងៃ​ទី២៧​តែ​ម្ដង​ទៅ​ ។

ព្រឹក​នេះ (២៧ វិច្ឆិកា ២០១៧) ខ្ញុំ​ត្រូវ​ងើប​ឡើង​ទៅ​ភ្នំពេញទាំង​ព្រឹក​តាម​ទម្លាប់ គឺ​ចាប់​ពី​ម៉ោង ៥​ព្រឹក ហើយ​នឹង​ទៅ​ដល់​ភ្នំពេញ​ម៉ោង​ប្រមាណ ៧​ព្រឹក​អី​នេះ​ឯង ។ ដំណើរ​លើក​នេះ​មានរយៈពេល​៤​ថ្ងៃ ហើយ​នឹង​ត្រលប់មក​វិញ​នៅ​ថ្ងៃសៅរ៍ ទី១ ខែ​ធ្នូ ដើម្បី​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា​វិញ​​​ គឺចូល​​ខែ​ថ្មី​តែ​ម្ដង ៕

———————–
ប្រកាសទាក់ទង
១/ ទៅ​ភ្នំពេញ​មាន​កិច្ច​សំខាន់​មួយ​ចំនួន
២/ ទៅ​ភ្នំពេញ​មួយ​ជើងទៀត
៣/ ទៅ​សៀមរាប
៤/ ត្រឡប់​ពី​ការ​បងប្រុស​វិញ

ត្រឡប់​ពី​ការ​បងប្រុស​វិញ ព្រហស្បតិ៍ 23 វិច្ឆិកា 2017

Posted by រដ្ឋ in កំណត់​ហេតុ, រឿងរ៉ាវ​របស់​ខ្ញុំ.
1 comment so far

ថ្ងៃទី២៣ នេះ ត្រូវ​កំណត់​ត្រូវ​ត្រឡប់​ពី​ការ​បងប្រុសវិញ…

យើងចេញ​ពី​ខេត្ត​បន្ទាយមានជ័យ​ម៉ោង​ប្រមាណជាជាង​១២​ថ្ងៃ​ត្រង់ មក​ដល់​ត្រង់រង្វង់មូល​ក្រឡាញ់ ប្រពន្ធ​ខ្ញុំ​ឈប់​ទិញ​នំ​ជាច្រើន សម្រាប់​ផ្ញើ​អ្នក​រួម​ការងារ​ដែល​គេ​ឱ្យ​ទិញ​ឱ្យ ពេល​បាន​ជិះ​កាត់​ផ្សារ​ក្រឡាញ់ ខេត្ត​សៀមរាប​ និង​ទុក​បរិភោគតាម​ផ្លូវ​ផង ។

មក​ដល់​ខេត្ត​សៀមរាប ម៉ោង​ប្រមាណជា ២.៣០រសៀល  យើង​ឈប់​ចូលលេង​ខេត្ត​សៀមរាប​បន្តិច និងដោយ​ចង់​ឱ្យ​ម្ដាយ​ក្មេក​បាន​ទស្សនា​ស្ពាន​បណ្ដែត​ទឹក​ជា​របស់ប្លែក​ភ្នែកផង ។ ខ្ញុំ​ក៏បាន​មក​ជាន់​ស្ពាន​បណ្ដែត​ទឹកជា​លើក​ទី២ ។ សម្រាក​ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ជិត​១ម៉ោង យើង​ក៏​បន្ត​ដំណើរ​តទៅទៀត ហើយ​មក​ដល់​កំពង់ថ្ម​ម៉ោង​ជិត​៧យប់ ៕

=====================
អាន​ផងដែរទៅ​ការបងប្រុស

ការ​បង​ប្រុស អង្គារ 21 វិច្ឆិកា 2017

Posted by រដ្ឋ in កំណត់​ហេតុ, រឿងរ៉ាវ​របស់​ខ្ញុំ.
4 comments

ថ្ងៃ​នេះ​ (២១ វិច្ឆិកា ២០១៧) ជា​ថ្ងៃ​ចូល​រោង​នៃ​អាពាហ៍​ពិពាហ៍​របស់​បងប្រុស​ខ្ញុំ នៅ​ខេត្ត​បន្ទាយ​មានជ័យ ។ យើង​​ចេញ​ពី​កំពង់ធំ​ម៉ោង ៨ព្រឹកបូក​ទាំង​សម្រាក​តាម​ផ្លូវ​តិចតួច​ផង ​យើងទៅដល់​បន្ទាយមានជ័យ​ប្រហែល​ម៉ោង ១​រសៀល​ល្មម គឺ​ដើម្បី​ឱ្យ​ទាន់​កម្មវិធី​ពេល​ល្ងាច​ផង ។

ស្រុក​នេះ គេ​ទុក​ថ្ងៃ​ចូល​រោង​​ជា​ការ​សំខាន់​មួយ​នៃ​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន ដោយ​មាន​រៀបចំ​ពិធី​ជប់លៀង​ធំដុំុំ​ផង ជួប​ជុំ​បងប្អូន​ខាង​ប្រុស​ខាង​ស្រី ផឹក​ស៊ី​សប្បាយ​ផង​គ្នា​នារាត្រី​ហ្នឹង ។ គេ​មាន​រៀប​អាហារ​ពិសេសៗ (គ្រឿងក្លែម) សម្រាប់​ភ្ញៀវ​ដែល​ជិតដិត​ខ្លាំង​ចាប់​ពី​ល្ងាច​ទៅ ដោយ​ឡែក​សម្រាប់​ភ្ញៀវ​ស៊ី​តុ​នៅ​ថ្ងៃ​ស្អែក​ (២២ វិច្ឆិកា ២០១៧) មួយឈុត​ធំ​ទៀត​ទើប​ជា​ពិធីធំ​តែម្ដង ។ ទាំង​នេះ វា​បាន​ប្រែក្លាយ​ជិត​ដូច​អ្នក​នៅ​ភ្នំពេញ​ហើយ ដែល​ពី​ដើម​ឡើយ បន្ទាយមានជ័យ គេ​និយម​អញ្ជើញ​ភ្ញៀវ​ពិសា​ភោជនាហារ​តែពេលថ្ងៃ​ត្រង់ តែ​ដោយ​សារ​សម័យ​កាលចេះ​តែ​វិវត្តន៍​ឥតឈប់ ខេត្តបន្ទាយមានជ័យ​ក៏​មាន​ពិធី​អញ្ជើញ​ភ្ញៀវ​ពិសា​ភោជនាហារ​ទាំង​ពេល​ថ្ងៃត្រង់ និង​ពេលយប់ ។

សូម​បញ្ជាក់​បន្តិច ក្នុង​ចំណោម​បង​ប្អូន​ខ្ញុំ​៥នាក់ ៤នាក់​រស់នៅ​ខេត្ត​បន្ទាយមានជ័យ ឯខ្ញុំ​តែ​ម្នាក់​រស់នៅ​ខេត្ត​កំពង់ធំ ៕

nullការ​តុបតែង​ពេល​ពិធី​មង្គលការ​បង​ប្រុស​ខ្ញុំ

ទៅ​សៀមរាប ចន្ទ 30 តុលា 2017

Posted by រដ្ឋ in កំណត់​ហេតុ, ពីនេះ​ពីនោះ.
3 comments

ម្សិលមិញ​នេះ (២៩ តុលា ២០១៧) ខ្ញុំ​និង​គ្រួសារ (ប្រពន្ធ​និងកូន) បានទៅ​ខេត្ត​សៀមរាប​ដើម្បី​ចូលរួម​ពិធី​មង្គល​ការ​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​របស់ប្រពន្ធ​​ខ្ញុំ​ (កូន​ក្រមុំ) ដែល​រាប់​អាន​គ្នា​តាំង​ពី​នៅ​រៀន​វិទ្យាល័យ​ម៉្លេះ ។ គាត់​ជាមនុស្ស​តែម្នាក់​ដែល​បាន​នាំ​ខ្ញុំ​និង​ភរិយា ​ដើរ​ទស្សនា​ប្រាសាទ​នានា និង​បារាយណ៍​ទឹកថ្លា​​នៅ​ខេត្ត​សៀមរាប កាល​ពី​ដំណើរ​កម្សាន្ត​រាត្រីចន្ទ្រ​ទឹក​ឃ្មុំ​របស់​ខ្ញុំ​និង​ភរិយា​កាលទើប​រៀបការ​ថ្មីថ្មោង​នា​ឆ្នាំ​២០១២ម៉្លេះ ។

ខ្ញុំ​និង​ភរិយា មិន​បាន​នៅសម្រាក​នៅ​សៀមរាប​ទេ គឺ​ចេញ​ពី​ការភ្លាម​ម៉ោង ៧.៥០នាទី​ ចេញ​ពី​សៀមរាបត្រឡប់​មក​ផ្ទះ​វិញ​​នៅកំពង់ធំ​នេះ ដល់ផ្ទះ​ម៉ោង ១០.២០នាទី ។

null
null
null
ទិដ្ឋភាព​ក្នុង​ភោជនីយដ្ឋាន​ អាប៉ូឡូ ផ្លាសា