សត្វ​ប្រឡាំងកាស

នៅពេលឮឈ្មោះសត្វប្រឡាំងកាស មនុស្សមួយ​ចំនួននឹកភ្លាមដល់​ពាក្យដំណៀលមួយឃ្លា “កុំរស់ដូចសត្វប្រឡាំងកាស” ដែល​ជាទូទៅគេប្រើ​សម្រាប់​ឌៀលមនុស្សប្រុស​ដែលគេគិតថាចោលម្សៀត។
■ នៅក្នុងវចនានុក្រមខ្មែរសម្តេចសង្ឃរាជជួនណាត ប្រឡាំងកាស ត្រូវបានឱ្យនិយមន័យថា ជាឈ្មោះមច្ឆាមួយប្រភេទ មានស្នូកដូចអណ្ដើក តែស្ដើងស្រួយ មានពងដូចក្ដាម តែធំៗជាងពងក្ដាម រស់នៅក្នុងសមុទ្រ ដែលឈ្មោលតែងតែតោងជាប់ និងអាស្រ័យតែនឹងញី ដោយ​មាន​ការ​ពន្យល់​បន្ថែម​ថា មនុស្សប្រុសដែលប្រចណ្ឌប្រពន្ធហួសពេក ប្រពន្ធ​ទៅណា​ក៏ទៅ​ជា​មួយ មិនដែលឱ្យដាច់ឃ្លាតពីមុខ ប្រហែល​ដូចជាសត្វ​ប្រឡាំង​កាសឈ្មោល​ដែល​ជាប់អាស្រ័យជាមួយតែនឹងញីមិនដែលដាច់។
■ ពេលខ្លះគេក៏ឮមានការឌៀលមនុស្សប្រុសដែលគេចាត់ទុកថាមិនបានការ មិនខំរកស៊ីអ្វីហើយរស់ពឹងផ្អែកតែលើមនុស្សស្រីទៅនឹងសត្វប្រឡាំងកាសនេះផងដែរ។ ការប្រៀបប្រដូចខាងលើ គឺប្រហែលមក​ពីពេលដែលពួក​គាត់​ជួបសត្វនេះនៅក្នុង​សមុទ្រភាគច្រើនគាត់​ឃើញអាឈ្មោល​ដែលជាទូទៅ​មានទំហំតូចជាងញីនោះ តែងតែនៅតោងពីលើប្រឡាំងកាសញី។ តែពួក​គាត់ក៏​ប្រ​ហែលមិន​បានយល់ច្បាស់ពីការរស់នៅរបស់សត្វនេះនោះដែរ។
តើ ប្រឡាំងកាសឈ្មោល ពិតជារស់នៅអាស្រ័យ​នឹងញីដូចបាន​លើក​ឡើង​ខាង​ដើម ឬ យ៉ាងណា? តើវាមានដំណើរជីវិតដូចម្តេច ហើយ​មាន​ប្រយោជន៍អ្វីខ្លះ​សម្រាប់​មនុស្សយើង?

តោះចំណាយពេលប៉ុន្មាននាទីអានលេងទៅ!

■ ប្រឡាំងកាសមានឈ្មោះជាភាសាអង់គ្លេសថា Horseshoe crab។ ដោយសារតែមានពាក្យ Crab នៅក្នុងឈ្មោះរបស់សត្វនេះ អ្នកអាចនឹងគិតថា ប្រឡាំងកាសស្ថិតក្នុងអម្បូរក្តាមដែរ តែតាមពិតទៅវាជាប់ខ្សែស្រឡាយខាង ពពួកពីងពាង និងខ្យាដំរី ឯណោះទេ។
■ ប្រឡាំងកាសមានវត្តមាននៅលើផែនដីនេះជាង ៤០០លានឆ្នាំមកហើយ គឺមុនពពួកដាយណូស៊័រទៅទៀត (ដាណូស៊័រចាប់ផ្តើម​មានវត្តមាន​នៅលើ​ផែន​ដីខ្ទង់ ២៥០លានឆ្នាំ)។
■ ប្រឡាំងកាសមាន ៤ប្រភេទ ដែលប្រភេទទីមួយ គេ​ហៅថាប្រឡាំង​កាសអាត្លង់ទិក ដែលគេប្រទះឃើញ​ច្រើននៅមហាសមុទ្រ​អាត្លង់ទិក​ភាគ​ពាយព្យ និងឈូងសមុទ្រមិចស៊ិក។ ចំណែកប្រឡាំងកាស​បីប្រភេទទៀត​រស់នៅក្នុងសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វ៊ិក។
■ នៅ​កម្ពុជាគេអាចហៅ​សត្វនេះម្យ៉ាង​ទៀតថា “សត្វកាចរ”។
■ ប្រឡាំងកាសមានស្នូកដូចអណ្ដើក តែស្ដើងស្រួយ មានជើង ១០ ដែលវាប្រើសម្រាប់ដើរនៅបាតសមុទ្រ។ ប្រឡាំងកាសមានភ្នែកចំនួន ៩ និងមានប្រដាប់ចាប់ពន្ទឺទៀតផងដើម្បីដឹងពីចលនាប្រែប្រួលនៃពន្លឺព្រះចន្ទ។ ពួកវានឹងឡើងមកលើឆ្នេដើម្បីបង្កកំណើតនៅពេលព្រះចន្ទពេញបូរមី ដែលមានទឹកជោរ នៅចន្លោះខែ មីនា និងខែកក្កដា។
■ វាមិនមែន​ជារឿងចម្លែកនោះទេ ដែលប្រឡាំងកាសឈ្មោលលើសពី ១ អាចដណ្តើមគ្នារួមមេត្រីនឹងញីមួយក្បាល ហើយពេលដណ្តើមបាន ប្រឡាំង​កាសឈ្មោលនឹងតោងខ្នងរបស់ប្រឡាំងកាសញី ដើម្បីផ្តល់​កំណើត​ដល់​ស៊ុត​របស់ប្រឡាំងកាសញី។ ពេលដល់វ័យ​បង្កកំណើតវាក៏ឡើង​មកទីរាក់ៗ​នៅតាមឆ្នេរ ដូចមេបារបស់វាដែរ។
■ ទំនងជាពេលសត្វឈ្មោលតោងសត្វញីដើម្បីបង្កកំណើតនេះហើយ ដែលខ្មែរយើងពីមុនយល់ថាប្រឡាំងកាសឈ្មោលរស់ដោយសារញីនោះ។ សត្វប្រឡាំងកាសញីមួយក្បាលអាចបញ្ចេញពងរាប់ពាន់គ្រាប់ក្នុងពេលពងម្តងៗ។ ក្រោយពេលពងរួច ពួកប្រឡាំងកាសដែលពេញវ័យទាំងនោះ នឹងត្រឡប់​ទៅកាន់​ទឹកជ្រៅវិញមុនថ្ងៃរះមកដល់ ដោយទុកពងចោល​ដោយគ្មានអ្នក​ការពារ​ឡើយ។ បើមិនមានការបំផ្លាញពីអ្នកប្រហារទេនោះ កូនប្រឡាំងកាស និងញាស់នៅរយៈពេល ពីរបីសប្តាហ៍បន្ទាប់។ កូនប្រឡាំងកាសណា​ដែល​បានញាស់មកហើយ និងអាចរួចជីវិតពីក្រុមអ្នកប្រហារនោះ នឹងបន្តសកស្នូក​ជាបន្ត​បន្ទាប់គឺប្រហែល ១៥ដង ក្នុងរយៈពេល ១០ឆ្នាំ ដើម្បីអាច​រីកធំធាត់ក្លាយជា​ប្រឡាំងកាសពេញវ័យ។
■ តាមពិតទៅសត្វនេះ ទាំងញីទាំងឈ្មោលរស់នៅ​ដោយខ្លួនឯងនៅ​បាតសមុទ្រ ដោយស៊ីដង្កូវ មឹក បង្គា និងត្រីដែលងាប់។ ដោយសារតែវាមិនមានធ្មេញ វានឹងបំបែកចំណីអាហារ​ជាបំណែកតូចៗ​ដោយជើងរបស់វា រួចទើបវាដាក់ចូល​ទៅក្នុងមាត់ដែលនៅ​ចន្លោះជើង​ទាំងនោះ។ ប្រឡាំងកាសអាចមានអាយុរហូតដល់ ២០ឆ្នាំឯណោះ។ អ្នកប្រហាររបស់សត្វនេះ​មានច្រើនណាស់ដែលរួមមាន ឆ្លាម អណ្តើក បក្សី និងសត្វជាច្រើនទៀត ជាពិសេសគឺមនុស្ស​ហ្នឹងឯង។
តើ​សត្វប្រឡាំងកាសមានប្រយោជន៍អ្វីខ្លះចំពោះមនុស្ស?
■ នៅ​កម្ពុជាយើង គេយកប្រឡាំងកាសមកធ្វើជាអាហារ ជាពិសេសគឺពងរបស់វា។ ដោយឡែក នៅអាមេរិក ចិន និងម៉ិកស៊ិកឯណោះវិញ ឈាមសត្វប្រឡាំងកាសដែលមានពណ៌ខៀវនោះ ត្រូវបានគេបូបយកទៅប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ ហើយឈាមរបស់វា ក៏មានតម្លៃខ្ពស់ណាស់ដែរ។
■ ចាប់តាំងពីឆ្នាំ១៩៦០ មក អ្នកវិទ្យាសាស្ត្រ រកឃើញថា ឈាមសត្វប្រឡាំងកាស អាចយកទៅប្រើដើម្បីបង្ហាញថា ប៉ាន់វ៉ាក់សាំងមានផ្ទុកនូវបាក់តេរីចង្រៃ ឬ ធាតុពុលផ្សេងៗ ឬអត់ មុននឹងយកទៅប្រើប្រាស់។ ក្នុងករណីប៉ាន់វ៉ាក់សាំងនោះមានផ្ទុកនូវបាក់តេរី ឬ ធាតុពុលអ្វីមួយនោះឈាមរបស់វានឹងរំព័ទភ្លាម គឺដូចនៅក្នុងខ្លួនវាដែរ។ ឈាមប្រឡាំងកាសក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩។ ដូចនេះអ្នកគ្រប់គ្នាដែលធ្លាប់ចាក់វ៉ាក់សាំងសុទ្ធតែជំពាក់គុណសត្វនេះ ដូចនេះគួរឈប់ប្រៀបធៀបមនុស្សមិនបានការទៅនឹងសត្វនេះទៀត។
■​ ក្នុងមួយឆ្នាំៗ សត្វប្រឡាំងកាសប្រមាណ ៥០ម៉ឺនក្បាល នៅអាមេរិក ត្រូវបានគេចាប់ដើម្បីបូមយកឈាមរបស់វា រួចគេប្រលែងវាចូលក្នុង​សមុទ្រវិញ។ ទោះជាយ៉ាងណាក្តី ប្រមាណជា ១៥% នៃប្រឡាំងកាសងាប់​ក្រោយបានបូមឈាមរួច។
■ ដោយសារតម្រូវការ​​ខ្ពស់ និងមានប្រយោជន៍បែបនេះ គេបាន​ហៅឈាមសត្វ​ប្រឡាំងកាសថា មាសខៀវ ដែលអាចមានតម្លៃប្រមាណ ២ម៉ឺនដុល្លារក្នុង ១លីត្រ។ ដោយសារតែតម្រូវការយ៉ាងច្រើនបែបនេះ គេបារម្ភថា ប្រឡាំងកាសអាចប្រឈមនឹងការផុតពូជនៅពេលខាងមុខ។
■ មនុស្សជាច្រើនអាចគិតថា ប្រឡាំងកាសទំនងជាសត្វដ៏គ្រោះថ្នាក់ ជាពិសេសកន្ទុយដ៏ស្រួចរបស់វា តែតាមពិតវាជា​សត្វដែលគ្មានគ្រោះថ្នាក់នោះទេ។ កន្ទុយដ៏ស្រួចរបស់វាមិន​គ្រោះថ្នាក់ដូចកន្ទុយរបស់ត្រីបបែលនោះទេ គឺវាសម្រាប់តែជួយកាច់ចង្កូតពេលហែល និងជួយត្រឡប់ខ្លួនផ្ងា ក្នុងរកណីត្រូវក្រឡាប់ដោយសាររលកខ្លាំងជាដើម ចំណែកបន្លាដែលនៅលើស្នូករបស់វានោះគឺមិនមែនសម្រាប់តទល់នឹងសត្រូវអីនោះទេ គឺវាសម្រាប់ប្រមួលព័ត៌មានពីអ្វីៗដែលនៅជុំវិញវាប៉ុំណ្ណោះ ដែលរួមទាំងការប្រែប្រួលនៃសីតុណ្ហភាពជាដើម។
■ ប្រឡាំងកាស ក៏ត្រូវបានគេនេសាទដើម្បីយកទៅធ្វើម្ហូប និង នុយសម្រាប់នេសាទផងដែរ។ ពងរបស់ប្រឡាំងកាស ឬ កាចរ ដែលនៅក្នុងពោះរបស់វា ត្រូវបានគេយកទៅចម្អិនធ្វើជាម្ហូប។ ប៉ុន្តែគេ​បានរកឃើញថា នៅរដូវខ្លះ ពងកាចរ មានផ្ទុកជាតិពុលម្យ៉ាងឈ្មោះ Tetrodotoxin ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបាន។ ជនរងគ្រោះដែលពុលពងកាចរ មានរោគសញ្ញា ដូចជា ស្ពឹកស្រពន់ វិលមុខ អស់កម្លាំង ថប់ដង្ហើម ស្រវាំងភ្នែក ក្អួតចង្អោរ ។ល។
អត្ថបទនេះខ្ញុំសរសេរឡើង​ដោយអានប្រភពមិនក្រោម ២០ នោះទេ តែមិនបានរៀបរាប់នៅទីនេះ ព្រោះ​ខ្លាច​វែងពេក​ ណាមួយនេះមិនមែនជាសំណេរ​បែប academic អីទេ គ្រាន់តែសរសេរ​ចែកបងប្អូនអានលេង​យល់ដឹង​បានខ្លះៗ។ ខ្ញុំសរសេរដល់ចប់ បើមានអ្នកអានដល់ចប់សូមជួយបញ្ជាក់ផង ហាហា
បើ​ឃើញមានកំហុសអក្ខរាវិរុទ្ធអីជួយប្រាប់ផង ដាក់ត្រង់ៗនៅទីនេះមក មិនបាច់ទើសទាល់អីទេ ខ្ញុំរីករាយនឹង​ទទួល​។

Credit Piseth Mao


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.