Category Archives: អំពីស្រុកខ្មែរ
និយាយត្រួសៗពីវិមានឯករាជ្យ
កាលពីថ្ងៃទី ៩ វិច្ឆិកា កន្លងទៅប៉ុន្មានថ្ងៃមកនេះ ពិធីបុណ្យឯករាជ្យជាតិ ដើម្បីរំឭកខួបអនុស្សាវរីយ៍ដែលកម្ពុជរដ្ឋបានទទួលឯករាជ្យពេញបរិបូណ៌ពីប្រទេសបារាំង និងថ្ងៃកំណើតកងយុទ្ធពលខេមរភូមិន្ទផងដែរ ។ គ្រានេះសូមនិយាយខ្លះៗពីវិមានឯករាជ្យ៖ វិមានឯករាជ្យ កសាងឡើងពីបេតុងអាមេ មានជណ្ដើរគ្រប់ទិសទាំងបួនតាក់តែងដោយថ្មកែវដ៏វិចិត្រ ។ កំពូលប្រដាប់ដោយក្បាច់រចនាយ៉ាងស្រស់ឆើតឆាយ លម្អដោយក្បាលនាគចំនួន១០០ ដែលមាន៥ថ្នាក់ ក្នុង១ថ្នាក់ៗមានក្បាលនាគ២០ (ក្នុងមួយជ្រុងមានក្បាលនាគ៥) ។ ក្បាលនាគទាំង១០០នេះ មានអត្ថន័យយ៉ាងណានោះក៏មានមតិសាធារណៈខ្លះនិយាយថា សម្រាប់ជានិមិត្តរូបនៃការដែលកម្ពុជរដ្ឋស្ថិតក្រោមនឹមរបស់អាណានិគមនិយមបារាំងដែលសរុបទៅអស់រយៈជិតមួយសតវត្ស ដែលចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ ១៩៥៣ ។ ហើយត្រូវបានរួចរំដោះ ទាមទារនិងដណ្ដើមបានមកវិញនូវខឿនឯករាជ្យជាតិពេញបរិបូណ៌ដោយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុវរ្ម័ន ។ *យោងឯកសារស្រាវជ្រាវ លោកឡុងសារិន វិមានឯករាជ្យកសាងឡើងតាំងពីពេលដែលប្រទេសខ្មែរទទួលបានឯករាជ្យពីប្រទេសបារាំង ហើយបានស្ថាបនារួចរាល់នៅក្នុងឆ្នាំ ១៩៦២ (ឃើញថារយៈពេលសាងសង់យូរបែបនេះ បណ្ដាលមកពីថវិកាជាតិនៅពេលនោះមានលក្ខណៈខ្សត់ខ្សោយ) ។ សម្ដេចព្រះនរោត្តមសីហនុបានសម្ភោធវិមានឯករាជ្យនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៦២ វេលាម៉ោង ១០ព្រឹក ។ នៅថ្ងៃទី ១១ វិច្ឆិកា ១៩៦២ សម្ដេចបានរំលត់ភ្លើងទៀនជ័យនៅពេលម៉ោង១០ព្រឹកដដែល ហើយនាពេលយប់ថ្ងៃដដែលនេះ ចាប់ពីម៉ោង ៨យប់ទៅនៅជុំវិញវិមានឯករាជ្យ តាមដងមហាវិថីព្រះនរោត្តម និងនៅវត្តភ្នំ មានការរាំវង់កម្សាន្ត ។ ការរាំកម្សាន្តជាសាធារណៈបែបនេះ បានប្រព្រឹត្តទៅរហូតដល់ម៉ោងបីទាបភ្លឺទើបចប់ ។ នេះបើតាមប្រវត្តិកាលពីសម័យនោះ …
ធ្វើវីដេអូអបអរបុណ្យអុំទូក
ខ្ញុំបានធ្វើវីដេអូខ្លីមួយដើម្បីអបអរបុណ្យអុំទូកឆ្នាំនេះ ។ រូបភាពទាំងឡាយដែលមើល សុទ្ធបានមកពីឥន្ថឹណិតទេ ព្រោះផលិតកម្មទើបបង្កើតថ្មីមិនទាន់មានវីដេអូខ្លួនឯងទេ ។ សូមម្ចាស់រូបភាពទាំងអស់អធ្យាស្រ័យផង… សូមទស្សនាឈុតឆាកធ្រេល័រ មានធ្រេល័រទៀត ដោយមេត្រីព្រោះធ្វើរួចបានវែងជាងនេះ ឥឡូវកំពុង Post Production, not yet release Watch another video
តម្លៃសាំងដូចកាល៨ខែមុនវិញហើយ
តម្លៃប្រេងសាំងនៅភ្នំពេញថ្ងៃនេះ បានចុះថ្លៃ ១០០០៛ទៀតហើយ គឺមកត្រឹម ៤៥០០៛ ដូចកាលពីខែកុម្ភៈឆ្នាំនេះកន្លង ដែលខ្ញុំធ្លាប់ប្រកាសម្ដងដែរ អានទីនេះ ។ ខ្ញុំទើបតែដឹងថ្ងៃនេះ បន្ទាប់ពីអានព័ត៌មានពីវេបសាយវិទ្យុអាស៊ីសេរី ហេហេ ព្រោះអីប៉ុន្មានថ្ងៃនេះមានបុងចាក់សាំងស្រាប់ សល់មួយលីត្រទៀតហ្ន៎ ទើបអត់បានមើលតម្លៃគេ ។ ទោះយ៉ាងណាក៏ដោយ សាំងចុះថ្លៃហើយ តែទំនិញផ្សេងៗមិនទាន់ចុះតាមសាំងទេ តើអាចចុះដែរឬយ៉ាងណាហ្ន៎!! អានព័ត៌មានបន្ថែម
ជ័យទត្ត តចប់
ហេតុមិនសូវល្អែងសរសេរ ច្នោះហើយបានជានិទានដាច់ជាកំណាត់ៗ ។ ថ្ងៃនេះបញ្ចប់រឿងបន្តិចតពីម្សិល ប្រិយមិត្រគួរអានប្រកាស ទស្សនីយភាពល្ខោន សិនបានយល់ដំណើររឿងគ្រានេះបាន ។ … ពាក់កណ្ដាលអាធ្រាត្រស្ដេចជ័យទត្តបានមកដល់ដំណាក់របស់ព្រះនាង វរចន្ទ ហើយក៏ស្រែកហៅរកនាងស្រីសិតា ។ ឮសំឡេងដឹងថាជ័យទត្តមកដល់ ភីលៀងក៏បើទ្វារយាងអង្គជ័យទត្តចូល [...] ។ ឃើញស្រស់ស្រីទងវងកំពុងលង់ក្នុងដំណេកយ៉ាងក្សេមក្សាន្ត បុរសយើងចូលត្រកងបី ដឹងដល់ស្រីឲ្យប្រែភ្ញាក់ដឹងប្រាណ!! ឃើញភ្លាមស្នេហ៍ភ្លែត ចិត្តស្នេហ៍កំពុងតែឆាបឆួលពេញប្រាណ ជ័យទត្តសុំក្ដីស្នេហា តែបែរកន្និដ្ឋាប្រកែកថា ទេ ។ បុរសស្ត្រីមួយគូនេះ ផ្លែផ្កាសំដីឌឺដងទៅមកក្នុងកណ្ដាលរាត្រីស្ងាត់ជ្រងំ តើនរណាអាចទប់ចិន្តាស្រីបាន បើក្សត្រាអង្គនេះសម្រស់សង្ហាវាចាមានមន្តយ៉ាងនេះ ។ … នាងស្រីសិតារត់យ៉ាងហបហត់ ហើយប្រាប់ថារឿងនេះជ្រាបដល់ក្រុងអសុរីបិតាព្រះនាងហើយ ។ វរចន្ទភ័យណាស់ បើដឹងដល់បិតាហើយខ្លួនមុខជាក្ស័យសង្ខារមិនខាន ក៏បបួលជ័យទត្តថ្លើមថ្លៃរត់ឲ្យឆ្ងាយពីនគរនេះថ្វី ។ គិតហើយទាំងបីអង្គា ពង្រត់គ្នាយ៉ាងប្រញាប់ប្រញាល់ ។ ខកការអាសារបង់ ស្ដេចយក្សនិងមហេសីតាមទាន់ដំណើរអ្នកទាំងបី ។ សិន្ទ្រាទ្រង់ខ្ញាល់ខ្លាំងណាស់ ជេរស្ដីប្រទេចនាងកូនអប្រិយ ហ៊ានលួចលាក់ស្នេហ៍ហឺតស្នេហ៍ហៃនិងមនុស្សប្រុសជាតិជាមនុស្សាច្នោះ ។ ទាំងទ្វេហារតាំងទទូចអង្វរដល់ព្រះបិតាមេត្តាប្រណីដល់បុត្រផង ។ មិនបានការឡើយ ក៏តាំងអង្វរព្រះមាតាឲ្យជួយ អង្វរបិតាផង ។ សិន្ទ្រាក៏ស្ដីថាទាំងនាងមាតាអប្រិយចិញ្ចឹមកូនមិនល្អទៅវិញ ។ ទាល់តម្រិះទាំងអស់គ្នា មិនដឹងធ្វើយ៉ាងណាមានតែទុក្ខសោក ព្រោះរាជអសុរីមិនប្រណីសោះឡើយ ។ តែទោះជាយ៉ាងណាដោយឃើញទើសភ្នែក នឹងរឿងជ្រុលហួសជួសដំណើរច្នោះ សិន្ទ្រាកើតក្ដីអាណិតអាសូរឡើងព្រោះតែកាត់ទឹកមិនដាច់កាត់សាច់មិនបាន ។ ឪពុកក៏សន្តោសបុត្រាបុត្រី អនុញ្ញាតឲ្យចូលព្រះនគរ នឹងរៀបចំពិធីអភិសេកមង្គលការទៅតាមប្រវេណី ។ ថ្លែងពីបុទុម្ពរ ដែលត្រូវជាប់ឃុំក្នុងគុហានៅឯនគរក្រុងគ្រុឌវិញម្ដង ។ ធីតាកើតទុក្ខសោកសង្រែងរៀងរាល់ថ្ងៃ …
ទស្សនីយភាព ល្ខោនរឿងជ័យទត្ត
មហោស្រពល្ខោនអន្តរជាតិ ត្រូវបានប្រារព្ធជាលើកទី២ នៅភ្នំពេញ ។ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ មហោស្រពនេះធ្វើឡើងនៅសាលមហោស្រពចេនឡា ដែលកំពុងស្វាគមន៍ទស្សនិកជនខ្មែរ និងអន្តរជាតិនៅរៀងរាល់ល្ងាចចាប់ពីម៉ោង ៦និង៣០នាទី សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃសុក្រទី៣ ដល់ថ្ងៃព្រហស្បត្តិ៍ទី៩ ។ កម្មវិធីនេះផ្ដោតសំខាន់ទៅលើការលើកតម្កើងវប្បធម៌ និងទម្រង់ល្ខោននៅអាស៊ីដែលមានប្រទេសចូលរួមដូចជា ខ្មែរ ភូមា ឡាវ និងថៃឡង់ដ៍ រៀបចំកម្មវិធីដោយមជ្ឈមណ្ឌលវប្បធម៌បារាំងប្រចាំទីក្រុងភ្នំពេញ ។ ម្សិលមិញនេះ ខ្ញុំបានទៅទស្សនាល្ខោនពីររឿង គឺ ”រឿង ជ័យទត្ត” និងមួយទៀត “សត្វទទាញី និងទទាឈ្មោល” (ដកស្រង់ពីរឿងសព្វសិទ្ធិ) ។ ខានបានមើលល្ខោនបុរាណខ្មែរយូរមកហើយ ខ្ញុំចាប់អារម្មណ៍រឿងជ័យទត្តយ៉ាងខ្លាំង ច្នេះសូមនិយាយពីល្ខោននេះបន្តិចចុះ ។ ល្ខោនរឿងនេះ មានទម្រង់ជាល្ខោនពោលស្រី នាំយកមកពីវត្តកៀនស្វាយក្រៅ ស្រុកកៀនស្វាយ ខែត្រកណ្តាល ដំឡើងរឿងដោយលោកគ្រូ ជិន នាគ ។ សង្ខេបរឿង (១) ផ្ដើមចេញដំណើររឿងចាប់ពីព្រះបាទ ជ័យទត្ត និងមហេសីព្រះនាម បុទុម្ពរ ក្នុងដំណើរយាងចាកចេញពីអាស្រមតាមុនីឥសីដើម្បីឆ្ពោះនគរ ។ គួរបញ្ជាក់ផងដែរថា បុទុម្ពរ ជាចៅស្រីរបស់តាឥសី ហើយកាលនោះស្តេចជ័យទត្តសុំរៀនមន្តវិជ្ជាការពីមុនីឥសីបានស្រឡាញ់នាងបុទុម្ពរ ក៏យកធ្វើជាគូគាប់ ។ … ក្នុងព្រៃដ៏ធំធេងទាំងពីរអង្គាក៏ឈប់សម្រាកក្រោមដើមឈើធំមួយដ៏មានម្លប់ត្រឈៃ ។ ជួនដំណើរដែលក្រុងគ្រុឌធ្វើដំណើរកាត់ព្រឹក្សព្រៃ ក៏ប្រទះមនុស្សាទាំងពីរអង្គានោះ ។ គ្រុឌបានចាប់ចិត្តប្រតិព័ទ្ធនឹងនាងបុទុម្ពរ ព្រោះតែសម្រស់ផូរផង់ …
ចង់ដឹងសាកមើល៍ ចូលទៅ ផាកមែន
ខែកញ្ញាចូលមកដល់មិនបានប៉ុន្មានម៉ោងផង ខ្ញុំត្រូវប៉ូលីសផាកទាំងព្រឹក ហាហា និយាយចង់ហួសចិត្តខ្លួនឯងតែម៉ង ។ សួស្ដីខែកញ្ញា!! តាំងឯងជាអ្នកចែករំលែកសៀវភៅចរាចរណ៍អី ដល់ម៉ោប៉ូលីសផាកខ្លួនឯងចឹង ។ ម្សិលមិញថ្ងៃទី១ខែកញ្ញា នៅផ្លូវកម្ពុជាក្រោមកាច់ជ្រុងសាលាសន្ធរម៉ុក ខ្ញុំចេញពីកន្លែងមួយមិនបានចម្ងាយ ៣០ម៉ែត្រផង ក៏ដល់ស្តុបក្រហម ។ “យី! មានតម្រួតចរាចរ ឈរក្បែរហ្នឹងអ៊ីចឹង បែបមិនស្រួលទេ! ច្បាស់ជាមានផាកអ្នកនេះ អ្នកនោះឲ្យប្រាកដ” ខ្ញុំគិតតែក្នុងចិត្ត ហើយមិនគិតថាខ្លួនឯងត្រូវគាត់ផាកទេ ព្រោះរាល់ដងជិះកាត់ប៉ូលីសឲ្យញយដែរ មិនដែលស្អីផង ។ ជិះចូលយ៉ាងសន្សឹមៗ ខ្ញុំនៅតែគិតថា “មិនអីទេៗ” មានឯណាចូលទៅគាត់ហៅឈប់យ៉ាងមានទឹកមុខស្មើ ។ “ខ្ញុំខុសអីទៅ ម៉េចខ្ញុំមិនដឹងចឹង” ភ្លាមៗនឹកមិនដឹងថាខ្លួនឯងខុសអីមែន ក៏បន្តទៀតដោយមិនចោលក្បួនញញឹមពព្រោងពព្រាយ ”ខ្ញុំទើបចេញពីផ្ទះជិតនេះហ្នឹង” ។ “អូនឯង ចតសិនទៅ ហើយទៅជួបបងនៅលើទៅ គេប្រាប់ថាខុសអីហើយ” ព្រះម្ចាស់ថ្លៃ ម៉ូតូអត់កញ្ចក់សោះ ហាហា ខុសមែនខ្ញុំ ។ ការពិតទៅម៉ូតូឈរភាគច្រើននៅ មុខស្តុបហ្នឹងសុទ្ធតែអត់កញ្ចក់ តែដោយសារចង្អៀតណែន ឬគាត់ពិបាកផាក ។ គាត់ផាកខ្ញុំបាន ព្រោះខ្ញុំជិះព្រហើន (ជិះក្បែរប៉ូលីសពេក អាងតែគិតមិនមានខុសអី) “ខ្ញុំទើបចេញពីផ្ទះជិតនេះ ភ្លាមហៅខ្ញុំឈប់ភ្លាម អីក៏ស៊យម៉េះ” បន្ទាប់មកគាត់ប្រាប់ថាអូនឯងត្រូវពិន័យ ៤០០០៛ ។ ខ្ញុំថា “ក្រែងផាកកញ្ចក់តែ ២០០០៛តើហ្អីបង” …
រាវៗប៉ះ…
ឮតែទន្លេៗ ឱ! មានដឹងថាមានប៉ុស្តិ៍ថ្មីឯណា រាវព្រឹកមិញក៏ប្រទះ ១០២.៥ វិទ្យុថ្មីទើបផ្សាយ ។ បច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយតាមរលកធាតុអាកាសហាក់កាក់កបផស់គាត់ ចុះបើបើកគគ្រឹកគគ្រេងចឹង ។ មុននេះ វិទ្យុថ្មីមួយគឺ ១០៧.៥ វិទ្យុចរាចរណ៍ ឥឡូវចេញថ្មីក្រោយគេមួយទៀត វិទ្យុទន្លេ ឈ្មោះទំនងប្លែកម្យ៉ាង ឮសឹងទូទាំងប្រទេស ព្រោះគេរៀបរាប់ខេត្តដែលផ្សាយដល់ តាំងពីក្រុងកែប ដល់មណ្ឌលគិរី ឧត្តរមានជ័យ បន្ទាយមានជ័យ… ខេត្តឆ្ងាយៗក៏ស្ដាប់បានដែរ ។ សព្វង៉ៃវិទ្យុច្រើននោះច្រើន បើអ្នកមិនដែលស្ដាប់បែបមិនដឹងថាស្រុកខ្មែរមានវិទ្យុច្រើនប៉ុណ្ណាទេ ។ មានគេប្រាប់ខ្ញុំថា មិនដែលដឹងថាស្រុកយើងមានរ៉ាត់យ៉ូអីខ្លះ ទើបភ្ញាក់ផ្អើលម៉ាហ៊ឹកមុននេះ ដែលខាំបូឌាដេលី រៀបរាប់ឈ្មោះប្លែកៗពីរ៉ាត់ទ្យុ! ថាចុម! ប៉ុស្តិ៍ស្អីខ្លះទេ! គាត់ធ្លាប់ស្ដាប់តែ វីអូអេ អាស៊ីសេរី អីហ្នឹង ព្រោះវាទាន់ហេតុការណ៍ ដល់រ៉ាត់ទ្យុស្រុកខ្មែរមិនសូវទាន់ហេតុភេទ! អិលអូអិល… បើនិយាយពីឈ្មោះវិទ្យុខ្ញុំស្គាល់ធ្លាប់ស្ដាប់ដូចជា ស៊្វីតអេហ្វអឹម៨៨ម៉េហ្កាហឺហ្ស វិទ្យុមហានគរ វិទ្យុអប្សរា វិទ្យុរាជធានីភ្នំពេញ វិទ្យុចរាចរណ៍ វិទ្យុសំបុកឃ្មុំ វិទ្យុអាស៊ីអាគ្នេយ៍ វិទ្យុពាណិជ្ជកម្ម វិទ្យុបាយ័ន វិទ្យុតាព្រហ្ម! ឡាក់និងឡាក់ អូហូ ច្រើនណាស់សល់ដប់ម្ភៃទៀតរៀបរាប់មិនអស់ទេ!
រសៀលមីយើង
រសៀលនេះ ក្រោយពេលចេញពីសាលាក្រោមតំណក់ទឹកភ្លៀងរ៉ុយៗ ប្រហែលជាសាមសែសិបតំណក់ក្នុងទំហំដីមួយម៉ែត្រការ៉េ ឡ! ល្អិតល្អន់ចឹង… ខ្ញុំបានជិះម៉ូតូឆ្លងកាត់ហាងលក់ចាបហួយមួយកន្លែង ក៏ចាប់ភ្នកចិត្តដល់មីយើង ។ «មីយើង» ជាឈ្មោះផលិតផលមីកញ្ចប់របស់ខ្មែរ ដែលខ្ញុំទើបតែឮមិនបានពីរអាទិត្យផង ។ នេះជាផលិតផលរបស់ក្រុមហ៊ុនម៉ែន សារុន ខូ.អិលធីឌី ។ មិនដឹងថាគេចេញលក់ពីអង្កាល់ទេ ទើបតែល្បី… ដែលមួយរយៈខ្លីមុននេះ ឮគេផ្សាយតាមវិទ្យុថា មាននាំអំណោយជាស្បៀង ដែលមានមីក្នុងចំណោមនោះដែរ គឺមីយើងនេះផងក៏មាន ។ ទើបមួយរយៈនេះ អ្នកខ្លះនិយាយថា សឹងតែពិបាករកទិញមីខ្មែរ បន្ទាប់ពីមានការរើសអើងទំនិញថៃពីប្រជាជនខ្មែរមួយចំនួនធំ ។ បន្ទាប់ពីមានការបង្កើតមូលនិធិផ្សេងៗ ដែលប្រមូលទិញ«មីយើង» ទៅតំបន់ព្រំដែន ធ្វើឲ្យមីនៅតាមទីផ្សារមានការខ្វះខាត ។ ប៉ុន្តែឥឡូវនេះប្រហែលមិនអីទេ លោកអ្នកអាចរកទិញបាននៅគ្រប់ទីផ្សារហើយ ។ ខ្ញុំចូលទិញមីយើង! ហាហា ដឹងញ៉ុមទិញប៉ុន្មានអត់? គឺទិញមួយកញ្ចប់គ្រាន់ភ្លក់រសជាតិនឹងគេ ។ មិនអន់ទេបងប្អូន! ខ្ញុំយកមកឆុងជាមួយទឹកក្ដៅ! កុំគិតអីច្រើន! ធ្វើឲ្យរសជាតិដ៏ស្រាលស្រទន់ ផ្សំជាមួយថ្វីដៃចៀនពងទាដ៏ឈ្ងុយ បានធ្វើឲ្យមីយើងដែលនៅក្នុងចានរបស់ខ្ញុំហុយៗ កាន់តែមានន័យឡើង ហាហា និយាយលេងទេបងប្អូន ការពិតខ្ញុំទទួលទានរួចហើយ ទើបហ៊ាននិយាយ ។ ចំពោះតម្លៃវិញបើតាមសម្ដីពីមិត្រៗដែលបានឈីតឆាតប្រាប់ថា មួយកេសដូចជាប្រហែល ៣៥,០០០៛ ដែលកន្លែងលក់រាយដែលខ្ញុំជាវ មួយកញ្ចប់តម្លៃ ៨០០៛ ។ តម្លៃនេះ កាលខ្ញុំស្ដាប់វិទ្យុ ប៉ុស្តិ៍អេប៊ីស៊ីចរាចរណ៍កម្ពុជា ១០៧.៥ ម៉េហ្កាហឺហ្ស …



Khmer Dictionary

Recent Comments