ខ្ញុំយល់សប្តិឆុតណាស់ ខែ វិច្ឆិកា 3, 2009
Posted by រដ្ឋ in ពីនេះពីនោះ, អំពីណារដ្ឋ.14 comments
ខ្ញុំយល់សប្តិឆុតណាស់ ឲ្យតែយល់ឃើញអ្នកណា អ្នកនោះប្រាកដជាមានរឿងហើយ…
ហេតុអ្វីរូបភាពដែលមិនដែលបានឃើញ វាកើតក្នុងអារម្មណ៍ពេលដេកលក់ទៅកើត? ក្នុងសៀវភៅខ្លះគេពន្យល់ថា យ៉ាងហោចណាស់ក៏យើងបានគិតឃើញអ្វីៗទាំងនោះបីឬបួនថ្ងៃមុនយល់សប្តិដែរ តែនេះគ្មានទេ វាកើតឡើងឯកឯងតែម្ដង ។
ចាប់តាំងពីខ្ញុំចាប់អារម្មណ៍ថា សុបិនរបស់ខ្ញុំតែងខុសពីធម្មតាមក ខ្ញុំតែងប្រយ័ត្នប្រយែងជានិច្ច ។
តាំងពីថ្ងៃនោះ ឥឡូវស្រណុកហើយ ខែ តុលា 20, 2009
Posted by រដ្ឋ in ពីនេះពីនោះ, អំពីណារដ្ឋ.3 comments
តាំងពីថ្ងៃនោះ (ថ្ងៃអង្គារ ទី៦ តុលា ២០០៩) នៅអូរឫស្សីម៉ូតូខ្ញុំបែកកង់ ។ មានជាងប៉ះកង់មួយកន្លែងនៅក្បែរផ្សារអូរឫស្សី គឺជិតគ្នានឹងកន្លែងដែលប៉ូលីសចាំផាកអ្នកណាជិះបញ្ចាស់ទិសផ្សារ ។ គាត់គាស់សម្បកមើល ពោះវៀនម៉ូតូរយះ ។ គាត់ឲ្យដូរ ខ្ញុំក៏ត្រូវតែដូរតាមដែរ មិននឹកស្មានថាគាត់បោកប្រាស់សោះ អស់ ១៥,០០០៛ ។ មិនត្រឹមតែប៉ុណ្ណឹងទេ ឆឲ្យខ្ញុំដូរសម្បកទៀត គាត់ថាសម្បកប្រេះហើយ ។ មិនដូរទេ ព្រោះអ៊ុយឡត់… ទ្រាប់ប្រើសិនទៅ ។
បានជាដឹងដោយសារ ល្ងាចថ្ងៃដដែលនោះ ខ្ញុំទៅហាត់ប្រាណនៅស្តាត លុះចេញមកវិញ ព្រះជាម្ចាស់! បែកទៀត! បណ្ដើរមកក្រៅបងម៉ូតូឌុបចិត្តល្អប្រាប់ថា នៅមុខហ្នឹងស្ដាំដៃមានជាងប៉ះ ។ ហេហេ ជាងលើកនេះទំនងណាស់ មិនចេះកោរទេ គាត់គាស់មើល ម៉ែអើយ! រយះខ្លាំងជាងអាពោះវៀនចាស់ផន់ខ្ញុំទៅទៀត គឺរយះដូចគេវះនឹងចុងកំបិតចុងស្រួចដ៏មុតថ្លាមួយអ៊ីចឹង ។ គាត់ប្រាប់ថា ពោះវៀនហ្នឹងអាអន់ទេ ដូរកន្លែងគាត់ទៅមានអាល្អ ។ ពោះវៀនរយះនោះ គាត់ថាតម្លៃត្រឹមតែ ៦,០០០៛ ទៅ ៧,០០០៛ប៉ុននោះឯង ។ ឆ្ងល់ណាស់ ជាងពីព្រឹកធ្វើអ៊ីចឹង សង្ឃឹមថាមានគេចូលប៉ះទៀតឬអត់ហ្ន៎ ។ ខ្ញុំត្រូវអស់ ១៥,០០០៛ទៀតល្ងាចនោះ ។
មិនទាន់ចប់ទេ កម្មពៀររឿងម៉ូតូ ខ្ញុំជំនាញហើយ ។ ប្រហែលជាធ្លាយទៀត មិនដឹង ព្រោះបីថ្ងៃម្ដងវាចេះតែធូរហើយធូរទៀត ខ្ញុំឃើញជិះបានចេះតែជិះសិនទៅ ព្រោះគ្មានអីផង សប់ម្ដង ៣០០៛ ជិះសិនទៅ ខ្ជិលខាតពេលចូលជាងច្រើនដងពេក ។
ក្លិកក្លក់ៗ! ច្រវាក់វាធូរ! ថ្ងៃក្រោយមកទៀត ខ្ញុំចូលជាងឲ្យគេរឹតច្រវាក់ ។ ពុទ្ធោ! ជាងថាម្ញ៉ុងច្រវាក់ក្រោយសឹកអស់ហើយ ដូរទៅ ខ្ញុំមានផ្លាស់តើ អាហ្ស៊ីនម៉ង បើយកខ្ញុំលក់ឲ្យតែ ៨,០០០៛ទេ ។ ពេលហ្នឹង ខ្ញុំពុំទាន់មានលុយទិញទេ ប្រាប់គាត់ឲ្យរឹតប្រើប៉ុន្មានថ្ងៃទៀតសិនទៅ ។
នឹកទៅគួរឲ្យអស់សំណើចដែរពេលនេះ ។ ក្រោយមកទៀត បានខ្ញុំដូរម្ញ៉ុងនោះ គាត់ឲ្យជិះសាក ហើយខ្ញុំថាស្រួលហើយ មិនប្រាកដប្រជាសោះ ឲ្យតែជិះបានប្រុយ! ខ្ជិលតាប៉ែច្រើន ។ មែន! មិនទាន់ស្រួលឯណា ខ្ញុំថាធូរច្រវាក់ដដែល ប្រហែលវាប៉ះនឹងគំរបវាទេដឹង ។ ទើបតែថ្ងៃនេះ មើលម្ដងទៀត គឺម្ញ៉ុងតូចខាងមុខវាលាន់ ក្លិកក្លក់ម្ដង ។
ថ្ងៃនេះ ឲ្យគាត់(ជាងជិតផ្ទះ)មើលឲ្យរួចស្រេចម្ដង ។ គាត់ឲ្យទៅពីម៉ោងព្រឹកបន្តិចមក ព្រោះខ្ញុំប្រាប់រវល់ម៉ោង ៨ ។ ទៅដល់កន្លែងគាត់ម៉ោង ១០
។ សំនូមពរឲ្យគាត់ត្រួតពិនិត្យពោះវៀនដែលវាចេះតែធូរនោះ ជាការសម្រេច ។ ឆែកចុះឡើង គ្មានតំរុយថាធ្លាយត្រង់ណា យើងស្ញេញដាក់គ្នាទាំងក្មួយគាត់ ទាំងគាត់ ហាហា គឺមកពីខ្យល់ចេញតាមវ៉ាល់ហើយ ស៊ីតស៊ីតវាអាចចេញមកម្ដងបន្តិចដែលយើងមិនដឹង ទើបវាឆាប់ស្ប៉េតដូចនេះ ។ បញ្ហាច្រវាក់ ក៏ត្រូវបានបញ្ចប់គ្រានោះដែរ ។ រឿងហ្វាមុខម្ដង ។ ពុំមានស៊ីញ៉ូប្រដេញប្រដួលដូចគេទេ គ្រាន់តែវាមិនភ្លឺពេលខ្លះ ហើយអត់តែម្ដង ។ អានេះបានថ្និតជាងគេ ស៊ីម៉ោងព្រោះវាខូចតិចជាងគេ ហាហា ជាងឡើងវិលមុខ ព្រោះប្រើពេលយូរ ។ តាមពិតមកពីវាដាច់ខ្សែហ្នឹងឯង បានមិនភ្លឺ ។ ព្រឹកនេះអស់តែ ៤,០០០៛ទេ ជិះស្រួលដូចដើមវិញហើយ និងលាងសម្អាតអស់ ២,០០០៛ទៀត អ៊ែមស៊ែមម៉ង ។ ច្រវាក់ ដល់វាស្រួលចឹងទៅ យើងអាចជ្រេតាមចិត្ត ឯភ្លើងហ្វាខាងមុខវិញស្រួលមិនខ្លាចគេបុក ព្រោះជិះពេលយប់វាមានផាសុក ណាស់ ។ នឹកៗទៅចង់តែបិទតែមឲ្យខ្មៅក្រិបដូចស្ទាវគេទេ តែដូរចិត្តវិញ ព្រោះនាំតែខាតលុយ ។
មានរឿងមួយទៀតចង់សួរ កន្លែងបង់ពន្ធផ្លូវនៅក្បែរទួលទំពូងឥឡូវគេឈប់ធ្វើការបាត់ហើយ ថារកទៅទិញក្រដាសពន្ធ ២០០៩ មកបិទ ខ្ញុំរកទិញចំថ្ងៃគេឈប់ ប្រហែលប៉ុន្មានថ្ងៃនេះ ព្រោះឮថាគេជិតចុះឆែក ចាប់ហើយ ។ តើខ្ញុំគួរទៅខាងណាវិញ?
នេះហើយម៉ាយភើហ្វិច Dream
ចង់ឲ្យមនុស្សស្រីស្រលាញ់រហូតងាយទេ ខែ តុលា 19, 2009
Posted by រដ្ឋ in ពីនេះពីនោះ, អំពីណារដ្ឋ.38 comments
អាចមានវិធីច្រើនយ៉ាងសម្រាប់ពិសោធ និងទទួលបានស្នេហ៍ពិតពីមនុស្សស្រីដែលយើងកំពុងស្រលាញ់ តែម្សិលមិញខ្ញុំទទួលបានការលើកទឹកចិត្តមួយពីប្អូនស្រីម្នាក់ ។ វាគ្មានអ្វីពិបាកនោះទេ តែវាក៏មិនប្រាកដថាយឺតពេលដែរ…
បងដឹងទេ ចង់ឲ្យមនុស្សស្រីស្រលាញ់យើងខ្លាំង ហើយស្រលាញ់ជារៀងរហូតនោះ មិនពិបាកទេ គឺមនុស្សប្រុសនោះត្រូវស្មោះតែនាងម្នាក់ ។ មិនត្រឹមតែប៉ុណ្ណឹងទេ ហើយស្មោះនោះត្រូវឲ្យរឹងមាំផងដែរ…
ស្មោះនោះវាស្មោះពេកទៅហើយ ចុះបើយើងកំពុងតែស្មោះ ស្រាប់តែពេលមួយគេលែងទទួលបាន ឬអាចថាគេអស់ចិត្ត អាហ្នឹងគិតម៉េចវិញ? តាំងពីដឹងកំហុស បងបានធ្វើល្អរហូតហើយ ខ្លាចតែដល់ពេលនោះអ្វីៗវាមិនដូចមុននោះទេ ។ អ្វីៗមកពីបង ធ្វើខុសម្ដងហើយម្ដងទៀត ។ ពេលនេះកំហឹងវានៅពេញតែក្នុងចិត្តនាងអស់ទៅហើយ (ខ្ញុំគ្រាន់តែគិត) ។
បងមិនខុសទាំងស្រុងទេ ។ តាមខ្ញុំយល់ គាត់មិនខឹងនោះទេ គ្រាន់តែអន់ចិត្តនឹងបងប៉ុណ្ណោះ គឺអន់ចិត្តដែលបងធ្វើនូវអ្វីដែលគាត់មិនចូលចិត្ត ។ មនុស្សស្រីចិត្តទន់ទេ ឲ្យតែបងកែខ្លួននោះនៅមានសង្ឃឹមនៅឡើយ ។
យី!បងប្រុស… មានគិតអាម៉េច តែស្មោះនោះមិនមែនបានន័យថា ស្មោះដប់គត់ឯណា!
ឬនេះគ្រាន់តែជាគំនិតរបស់មនុស្សស្រីដូចគ្នា ? សូម្បីប្អូនក៏ជឿថាបងនៅមានសង្ឃឹមដែរ គឺដូចដែលបងកំពុងតែគិត ព្រោះចំហាយត្រជាក់ពីចិត្តរបស់នាង បានរសាត់មកប៉ះអារម្មណ៍បងតិចៗដែរ ។
ប្អូនដឹងទេ ហេតុអ្វីក៏ក្ដីស្រលាញ់ពីមនុស្សស្រីម្នាក់ពេលខ្លះ ហាក់បញ្ចេញមក តែពេលខ្លះលាក់កំបាំងមិនឲ្យដឹងសោះតែម្ដង នេះឬចរិតមនុស្សស្រីដែលស្មោះសរម្នាក់? ពីមុនបងមិនដែលដឹង ដល់ពេលដឹង ដឹងនៅពេលដែលដុំភ្លើងកំពុងតែឆេះក្ដៅទៅវិញ ។ បងរាងហើយ គឺវាក្ដៅរលាកដល់បេះដូងដ៏ក្រហមហើយទន់របស់បង ក្ដៅផ្សាជាងប្ល៊ែកឡាបែលទៅទៀត ។ បងសមមុខណាស់ទៅហើយ ដែលគេធ្វើដាក់យ៉ាងនេះ…
មនុស្សស្រីហ្នា៎បង បើបញ្ចេញក្ដីស្រលាញ់ឲ្យដឹងជ្រាលជ្រៅពេក ហើយកាលណាមនុស្សប្រុសនោះដឹង គេនឹងបានចិត្ត អាចនឹងជាន់ឈ្លីចិត្តឲ្យរងទុក្ខក៏ថាបាន ពិតជាគ្រោះថ្នាក់ណាស់ ។ អ៊ីចឹងហើយ ទាល់តែលាក់ទុកខ្លះបានបាន ។
មែនហើយ មុននេះខ្ញុំមានរឿងមិនសប្បាយចិត្តជាមួយបណ្ដូលចិត្ត គឺមកពីខ្ញុំធ្វើឲ្យគេមិនសប្បាយចិត្ត មកពីខ្ញុំស្ដីមិនស្ដាប់ ប្រាប់មិនតាម ។ ល្ងាចនេះ បងចង់តែផឹកស្រាឲ្យស្រវឹងទេ ដើម្បីឲ្យដេកលក់ស្រួល ។ បងសុំសួរមួយបានទេ បើបងចង់តែផឹកស្រាអ៊ីចឹង ប្អូនខឹងដែរទេ?
មិនខឹងទេ តែមិនចូលចិត្ត ។ កុំអីល្អជាង កុំយកស្រាមកធ្វើជាគ្នាពេលពិបាកចិត្ត ។ អ៊ីចឹង ពេលមានបញ្ហាហិរញ្ញវត្ថុ លោកអូបាម៉ា គាត់ទៅអង្គុយផឹកដែរបាត់ទៅហើយ ។
មើលគេនិយាយដល់ណាណីហើយ … ផឹកតែមួយកំប៉ុងទេ ។
និយាយមែនហ្នា៎… មានតែមនុស្សល្ងង់ទេ ដែលយកស្រាមកដោះស្រាយបញ្ហា ។ អូខេ! មួយកំប៉ុងបាន តែមួយកំប៉ុងកូកា ។
បងជាមនុស្សល្អ ហើយស្មោះទៀត ត្រូវតែស៊ូ ស៊ូ សូមឲ្យបងជោគជ័យ…
ម៉េចក៏ដឹងថាបងស្មោះ? ប្អូនស្រីឆ្លើយថា “ មិនដឹងដែរ” ៕
ស្ដាយយប់ ខែ កញ្ញា 6, 2009
Posted by រដ្ឋ in កំណាព្យ, អំពីណារដ្ឋ.3 comments
ល្ងាចនេះ ខ្ញុំរើក្នុងកាតាបចាស់មួយ ឃើញកូនសៀវភៅតូចមួយ ដែលសឹងតែភ្លេចថាមានវាទៅហើយ ។ សៀវភៅនេះជាកាដូពីមិត្រភក្តិម្នាក់ ។ បើកមើលប៉ុន្មានទំព័រទៅ ក៏ឃើញមានកំណាព្យចាស់ជាងដប់ដែលសរសេរឡើងវិញ និងអាថ្មីបីបួនផង ។ ភ្នកថា ឱ! កាលនោះចិត្តអង្គអញវក់តែនឹងកំណាព្យទេតើ មិនដូចឥឡូវសោះ ដែលវក់តែនឹងរឿងលោកិយសុទ្ធសាធ…
ខាងក្រោមនេះ នឹងមានសេចក្ដីក្នុងកាព្យមួយនោះហើយ ។
សង្ខេប៖ កាលខ្ញុំនៅជាសិស្សលីសេនៅឡើយ ចាំបានថាកាលនោះ ពុំដឹងជាអ្វីឲ្យតែពេលយប់ឡើង ខ្ញុំមិនចង់ចូលគេងសោះឡើយ ព្រោះថាវេលាយប់ខ្លីណាស់ បើនឹងសម្រាកទៅតើមានពេលឯណានឹងបានកំដស្បៃរាត្រីដែលស្ងាត់មនោរម្យទៅ ព្រោះអីពេលថ្ងៃបើមិននៅសាលា ក៏ទៅជួយម៉ែនៅឯផ្សារដែរ ។ ពុំបានដូចចិត្តគ្រប់ពេលទេ ព្រោះនៅយប់ជ្រៅពុំមែនបានន័យថា ខ្ញុំសម្ងំរៀនសូត្រ បើកគម្ពីរវេទឯណាមកមើលនោះទេ ព្រោះយប់ជ្រេទៅ បន្ទាប់ពីអាស្រ័យបាយនៅម៉ោងជាង ៨យប់ និងងូតទឹករួចរាល់ ក៏តាំងឡើងទៅលើផ្ទះ បម្រុងរំឭកមេរៀនខ្លះ តែត្របកភ្នែកវាទន់ទេរទៅៗរកកលតែបិទ ។
សូមលើកកំណាព្យមួយស្រង់ចេញពីកូនសៀវភៅនោះមក មានចំណងជើងថា “ ស្ដាយយប់” មើលកាលបរិច្ឆេទ វាត្រូវបានតែងចប់ក្នុងថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០០៨ ។
១. ព្រះអាទិត្យ ខិតបាំងភ្នំ ទុំមេឃា
ប្រែនភា ជាងងឹត បន្តិចម្ដង
យប់ចូលដល់ ខ្យល់បក់វូ ត្រជាក់ខ្នង
គ្រានេះម្ដង ដូចបំណង ប៉ងរាត្រី ។
២. រាត្រីស្ងាត់ បាត់សំឡេង លែងបារម្ភ
នាំរូបខ្ញុំ ផ្ដុំចិន្តា ចារសម្ដី
ហេតុកំណត់ កត់ចំណាំ ចាំសេចក្ដី
រឿងថ្មីៗ លៃយ៉ាងណា ចារសៀវភៅ ។
៣. រៀនក៏ចូល មូលក្នុងចិត្ត ឥតទោម្នេញ
ខំទន្ទេញ ដេញខ្សឹបខ្សឹប ដ្បិតយប់ជ្រៅ
ចូលចិត្តតែ កែអផ្សុក សម្ងំនៅ
ងងុយហៅ ទៅដំណេក ដេកពេលណា?
៤. ស្ដាយពេលយប់ គ្រប់រាត្រី វែងអន្លាយ
ចិត្តមិនណាយ កាយនិត្យនៅ នៅដល់ណា
ឲ្យតែបាន ប្រាណជាឈឺ ក៏មិនថា
ចឹងបានថា ខ្ញុំខុសគេ មែនទេដឹង?
៥. ជួនពេលខ្លះ ច្បាស់ភ្លេចខ្លួន ពួនថ្មើរម៉ាន
ពេលភ្ញាក់ប្រាណ បានមមើ ទើរព្រលឹម
ម្ដេចមិននៅ យូរទៀតទៅ ធ្វើឯងប្រឹង
ភ្នែកសម្លឹង នាឡិកា ម៉ោងប្រាំបី ។
៦. ខកម៉ោងរៀន ស្មៀននេះយ៉ាប់ ប្រាប់ឲ្យដឹង
ទើបពេលហ្នឹង ប្រឹងសរសេរ បានកាព្យថ្មី
ស្ដាយពេលយប់ ទប់សំណើច កំណាព្យអ្វី
យប់នោះអី មិនដឹងដេក ពីអង្កាល់ ។
៧. ស្ដាយធ្វើអ្វី ថ្វីពេលយប់ មានរាល់ថ្ងៃ
គួរសំចៃ ថ្លៃសុខភាព រៀបចំកាល
នៅមិននៅ ទៅជំងឺ ឈឺមិនស្រាល
គួររាងចាល អ្វីមិនស្ដាយ ស្ដាយពេលយប់ ៕
សុំត្រឹមតស៊ូ ខែ កញ្ញា 1, 2009
Posted by រដ្ឋ in ពីនេះពីនោះ, អំពីណារដ្ឋ.12 comments
សូមបងកប់រឿងរ៉ាវទាំងអស់ ទៅក្នុងផ្នូរចុះ កប់ទៅក្នុងដីឲ្យជ្រៅ…
គ្មាននរណាអាចដឹងពីជម្រៅចិត្តរបស់នារីម្នាក់នេះទេ ក្រៅតែពីខ្ញុំម្នាក់ ។ ស្ដាប់ហើយខ្ញុំអួលដើមកណាស់ រំភើបណាស់ រហូតគ្មានពាក្យអ្វីនិយាយតបទៅវិញឲ្យសមនឹងទំហំចិត្តដែលអូនមានចំពោះបងទេ ។ “ បងមិនទៅណាចោលអូនទេ បងសុំសន្យា” ឲ្យតែនិយាយដល់សំដីនេះ ទឹកភ្នែកខ្ញុំចេះតែដណ្ដើមគ្នាស្រក់ចុះមក ទោះបីខំប្រឹងទប់យ៉ាងណាក៏មិនបានដែរ ។
បើថ្ងៃណាមួយ បងចាកចេញពីអូន ឬក្បត់អូន តើអូននឹងខឹងបងទេ? ហើយអូននឹងឈឺចាប់យ៉ាងណា អូនអាចទ្រាំបានដែរអ្ហី?…
អូនមិនឲ្យបងសន្យាទេ ។ អូនមិនដឹងថា ថ្ងៃក្រោយយើងអាចនៅជាមួយគ្នាបានឬយ៉ាងណាទេ ហើយបើយើងបែកគ្នាមែន … ក្រៅពីបងទៅ អូនមិនដឹងថានឹងមានបុរសណាអាចយកចិត្តខ្ញុំបានទៀតដែរ ហើយពេលនោះមិនដឹងថា អូនអាចមានចិត្តឲ្យគេម្នាក់នោះឬក៏អត់ទេ…
បើអូនមិនឲ្យបងសន្យាទេ បងសុំត្រឹមតស៊ូដើម្បីអូនបានទេ? គឺត្រឹមតែតស៊ូប៉ុននោះ ។ រហូតមកដល់ថ្ងៃនេះ យើងបានតស៊ូជាមួយគ្នា ហើយក៏ជួបឧបសគ្គច្រើនណាស់ដែរសម្រាប់ពេលវេលាដែលយើងរាប់អានគ្នា ។ ព្រោះអ្វី? យើងអាចឆ្លងផុតរឿងជាច្រើនជាមួយគ្នា រឿងអីដែលយើងមិនអាចតស៊ូតទៅទៀតបាន ។ ចាប់ពីថ្ងៃនេះទៅ យើងចាប់ផ្ដើមជីវិតថ្មី ហើយថ្ងៃណាមួយនឹងមកដល់ យើងនឹងអាចនៅជាមួយគ្នា ដល់ចាស់ស្លាប់… ។
ទាក់ទង៖ មិនបានតាំងចិត្ត តែនៅចង្អៀត
មិនបានតាំងចិត្ត តែនៅចង្អៀត ខែ សីហា 22, 2009
Posted by រដ្ឋ in ពីនេះពីនោះ, អំពីណារដ្ឋ.10 comments

បងមិនបានតាំងចិត្តធ្វើបែបនេះទេ តែវាអូតូម៉ាទិច!
មកអង្គុយលេងក្នុងផ្សារ Master Mart អស់ពីរម៉ោងហើយ ។ គិតថាវិធីនេះអាចធ្វើឲ្យខ្ញុំស្ងប់ចិត្តបាន ហើយគិតឃើញអ្វីល្អៗ ព្រោះទីនេះមិនសូវមានមនុស្សច្រើនទេ ពេលថ្ងៃត្រង់ ថ្ងៃរសៀលអីហ្នឹង ។ មិនមានអ្វីពិបាកផង តាំងចិត្តឲ្យស្ងប់ ស្ដាប់ចម្រៀងបណ្ដើរផងទៅ ខ្ញុំអាចបណ្ដែតអារម្មណ៍បានហើយ សំខាន់នោះ គឺខ្ញុំអាចរកពេលមកអង្គុយលេងម្នាក់ឯងបានឬអត់ ។
ធ្វើជាមនុស្សប្រុសដ៏ល្អម្នាក់ មិនត្រូវចិត្តចង្អៀតពេកទេ!
ដឹងដែរ (មានចែងក្នុងគម្ពីរស្នេហ៍បុរស) តែពេលខ្លះនៅតែធ្វើមិនបាន ។ ខ្ញុំជាអ្នកប្រឹក្សាពីរឿងស្នេហា(?)ម្នាក់ដែរ ដល់ពេលជួបបញ្ហាខ្លួនឯងមកធ្វើអីណា យ៉ាប់មែន ។ លាក់បាំងអី ពេលគេជួបវិបត្តិ ខ្ញុំអាចពន្យល់ណែនាំគេបាន អាចផ្ដល់កម្លាំងចិត្តគ្រប់យ៉ាង តែចំពោះលក្ខខណ្ឌដែលអាចជួយបាន និងអាចទៅរួចប៉ុននោះ ព្រោះគ្រប់រឿងគ្មានអ្វីធំដុំទេ ។
ការឈឺចាប់ដែលមានការលើកទឹកចិត្តដូចនេះ កម្ររកបានណាស់! ចូរបើកចិត្តឲ្យទូលាយ នោះរឿងវាមិនក្លាយជាធំឡើយ ។
ការឈឺចាប់មិនអាចស្មានទុកមុនមែន តែក៏នៅមានការឈឺចាប់ខ្លះអាចឲ្យយើងដឹងមុន ហើយអាចត្រៀមចិត្តទុកផងដែរ ។ ដូចនេះអ្វីនឹងដំណើរការទៅបានយ៉ាងល្អ ប្រសិនបើយើងចេះយល់កាលៈទេសៈ ។ រឿងបែបនេះ ពុំមែនទើបតែកើតឡើងលើកទីមួយទេ តែខ្ញុំពុំដែលបានទៅអង្គុយក្នុង Mart អ៊ីចឹងទេ! ប្រហែលជាមានលើកក្រោយខ្ញុំត្រូវរក Mart ផ្សេងទៀតដើម្បីធ្វើរឿងដូចគ្នានេះ ។
អង្គុយយូរពេក ខ្ញុំខ្លាចតែអ្នកលក់មើលមុខ តែមិនបាច់បារម្ភទេ ព្រោះខ្ញុំបានអង្គុយបែរខ្នងដាក់ពួកគេ ហើយភ្នែកសម្លឺងមើលទៅថ្នល់ ។
ឱកាសពិសេសទទួលពរ ខែ សីហា 17, 2009
Posted by រដ្ឋ in អំពីណារដ្ឋ.32 comments

ថ្ងៃនេះជាថ្ងៃដ៏មហាអស្ចារ្យ គឺថ្ងៃខួបកំណើតគម្រប់២២ ឈានចូល២៣វស្សា ដែលខ្ញុំបាទនឹងទទួលពរពីជនប្រុសស្រី ញាតិមិត្ត បងប្អូន ។ ដូច្នេះទេ បើជនណាដែលមកដល់ទីនេះហើយ គួរទម្លាក់មួយវិចារឲ្យជ្រុះ(?)ជាការជូនពរផងទាន ដើម្បីកុំឲ្យស៊យស៊ុនចុកពោះឥតការ ។ គ្រាន់ប្រាប់ជាដំណឹង ឡ!
សម្រាប់ឱកាសអ្នកផ្ញើសារជូនពរតាមទូរស័ព្ទ សូមរួសរាន់ឡើង គឺចាប់ទទួលសារចាប់ពីម៉ោង ៥ព្រឹករហូតដល់ម៉ោង ១១និង៥៩នាទីយប់អាធ្រាត្រ ។ ហួសកាលកំណត់នេះ ខ្ញុំមិនទទួលខុសត្រូវឡើយ ហើយសារដែលផ្ញើមកមិនអាចយកត្រឡប់ទៅវិញបានទេ ។ ប៉ុន្តែសម្រាប់ករណីពិសេស អ្នកដែលមកជូនពរយឺត ឬពុំបានទទួលដំណឹងជាមុននឹងមានករណីលើកលែង ហើយខ្ញុំនឹងពិនិត្យថាគួរទទួលពាក្យជូនពរនោះ ។ សូមអរគុណទុកជាមុន …
sic! ជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសេចក្ដីសុខ គ្រប់ទិនទិវារាត្រី ។ សំដីលើសជ្រុលត្រង់ណាកុំប្រកែប្រកាន់ ខ្ញុំសប្បាយចិត្តពេកហ្នឹងហ្នា៎!!
ប្រឡងហើយទៅណាទៀត? ខែ សីហា 3, 2009
Posted by រដ្ឋ in អំពីណារដ្ឋ.6 comments

ទោះបីខ្លួនប្រាណខ្ញុំនៅស្ងៀម តែក្នុងចិត្តហាក់ដូចខ្លួនខ្ញុំកំពុងលោតចុះលោតឡើង ហើយបោះសៀវភៅប៊ិចចោល ហាហា opp! ច្រឡំអត់មានសៀវភៅទេ មានតែប៊ិចហើយនិងព្រីយ៉ុង ។ អ្វីដែលសប្បាយចិត្តនោះ គឺក្នុងអារម្មណ៍ពុំបានភ័យខ្លាចធ្លាក់ទេ ហើយពេលនេះ ចប់ហើយ អស់ក្រេឌីតរៀនទៀតហើយ លើកលែងតែលទ្ធផលចេញមក៍មានធ្លាក់ អាហ្នឹងបើមិនប្រឡងសង្គ្រោះ ក៏រៀនឡើងវិញទេ ។
រយៈពេល ៤ឆ្នាំនៅមហាវិទ្យាល័យ និងក្រៅមហាវិទ្យាល័យ ខ្ញុំរៀនចេះច្រើនណាស់ ។ វាជារយៈពេលមួយដែលធ្វើឲ្យខ្ញុំក្លាយជាមនុស្សថ្មីម្នាក់ទៀត ដែលមិនដូចពីមុនទេ ។ គេថាបើមិនរៀនធ្វើម៉េចហ្នឹងចេះ! មករៀននេះខ្ញុំគ្មានបំណងរៀនយកតែសញ្ញាបត្រពីមហាវិទ្យាល័យស្អីនោះទេ គឺខ្ញុំរៀនគ្រប់យ៉ាងដែលខ្ញុំចង់ដឹង និងអ្វីដែលមាននិស្ស័យ ។ មិនដូចគេទេ មនុស្សច្រើនណាស់ ទៅរៀននៅមហាវិទ្យាល័យ គេប្រឹងដើម្បីចេះ ពឺតយក៍ៗ ឲ្យចេះលេខ ចេះគណនា សព្វគ្រប់ … ថាទៅនរណាក៏សរសើរដែរគំនិតគេចឹងវាប្រពៃហើយ តែខ្ញុំវាខុសគេ តិចលោមានគេថាចោលម្សៀតទៅ មិនគិតខំរៀន ធ្វើខ្ជិល ធ្វើធ្មឹង អាវ៉ាសែ។ល។ ហេហេ ចេះតែថាទៅ ខ្ញុំឯណាចឹងនោះ ។
ចាប់ពីថ្ងៃនេះទៅ ជាដំណាក់កាលមួយទៀតហើយ តើនោះជាអ្វីទៅ… តើដំណើរជីវិតជីវាខ្ញុំនឹងទៅជាយ៉ាងណា ។ អ្វីដែលខ្ញុំគិតនៅពេលនេះ មានតែការងារ គ្រួសារ ស្នេហា និងក្ដីស្រលាញ់…
សាន់ដេtalk: ទទួលបានមេដាយសំរិទ្ធិដោយមិនដឹងខ្លួន ខែ សីហា 2, 2009
Posted by រដ្ឋ in ការកម្សាន្ត, ពីនេះពីនោះ, អំពីណារដ្ឋ.2 comments
ថ្ងៃនេះសប្បាយចិត្តណាស់ ព្រោះសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាការរៀបចំការបោះឆ្នោត បានប្រកាសជាផ្លូវការហើយ ។ ហេហេ លោកអ្នកឃើញស្រាប់ហើយ ខាងឆ្វេងដៃនេះគឺជាមេដាយកិត្តិយសដែលខ្ញុំទើបទទួលបានព្រឹកនេះឯង (យឺតជាងគេបន្តិច ព្រោះពីរថ្ងៃមុនរវល់ពេក) ។ តែយ៉ាងណាក៏សូមអរគុណ ដល់សុវុឌ្ឍីដែលរៀបចំ និងបានប្រកាសលទ្ធផលប្លក់ខ្មែរដែលជាប់ឆ្នោត សម្រាប់ឆ្នាំ ២០០៩ នេះ ។
ខ្ញុំនេះ ជាអ្នកមិនសូវរវល់ការបោះឆ្នោត បោះឆ្នាំងអីហ្នឹងគេទេ គ្រាន់តែដើរអើតៗហ្នឹងគេប៉ុននោះឯង ហាសហាស វុឌ្ឍីដឹងទេ បងឃើញលទ្ធផលបណ្ដោះអាសន្ន៤ដង គ្មានសំឡេងឆ្នោតហ្នឹងគេសោះ ម៉េចដល់ពេលប្រកាសចុងក្រោយមានឈ្មោះបងដែរ ឡើង ៣២សំឡេងឯណោះ ពិតជាមិនធម្មតាមែនហើយ ។ ឆ្ងល់មែនទែន នរណាខ្លះទៅបោះឆ្នោតឲ្យខ្ញុំជាប់ ទាំងដែលខ្ញុំមិនបានចូលរួមបោះឲ្យគេផង? បើជាការសម្ងាត់មិនបាច់ប្រាប់ក៏បាន ព្រោះការបោះឆ្នោតគេមិនឲ្យដើរប្រាប់គេទេ ។
ចេះរកនឹកឃើញ កម្មវិធីកំសាន្តប្លែកៗ តែណ្ហើយបានមេដាយមួយពាក់ហើយ ចាត់ទុកថាជាអ្នកមានកិត្តិយសម្នាក់ដែរនៅក្នុងស្រុកភូមិ ។ គួររំឭកផងដែរថា កាលពីរយៈកន្លងទៅយូរក្រែលដែរ មានការតាំងបរមងារយ៉ាងពិសេសសម្រាប់សម្ដេចអគ្គទាំងបី ខ្ញុំបាទឯណេះមានងារថា វើតផ្រែសពងធីសាលណារ័ត្ន យ៉ាងពិសេស មានខ្លះច្រឡំហៅថាពងយារចក្រីអីណាណីក៏មាន ។
សាន់ដេtalk ថ្ងៃនេះគ្រាន់តែជាការសម្ដែងសេចក្ដីត្រេកត្រអាលប៉ុននេះឯង ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្រមានលើឆាកវើតផ្រែសខ្មែរ ។ សូមអរគុណ និងរីករាយជាមួយគ្នាជាដរាប ។
អស់សំណើច៖ HSM4 ខែ កក្កដា 28, 2009
Posted by រដ្ឋ in My Photos, អំពីណារដ្ឋ.17 comments

ហាស ហាស ហា៎







