jump to navigation

ស្ដាយ​យប់ ខែ កញ្ញា 6, 2009

Posted by រដ្ឋ in កំណាព្យ, អំពី​ណារដ្ឋ.
3 comments

ល្ងាច​នេះ ខ្ញុំ​រើ​ក្នុង​កាតាប​ចាស់​មួយ​ ឃើញ​កូន​សៀវភៅ​តូច​មួយ​ ដែល​សឹង​តែ​ភ្លេច​ថា​មាន​វា​ទៅ​ហើយ ។ សៀវភៅ​នេះ​ជា​កាដូ​ពី​មិត្រ​ភក្តិ​ម្នាក់ ។ បើក​មើល​ប៉ុន្មាន​ទំព័រ​ទៅ ក៏​ឃើញមាន​កំណាព្យ​ចាស់​ជាង​ដប់​ដែល​សរសេរ​ឡើង​វិញ និង​អា​ថ្មី​បី​បួន​ផង ។ ភ្នក​ថា ឱ! កាល​នោះ​ចិត្ត​អង្គ​អញ​វក់​តែ​នឹង​កំណាព្យ​ទេ​តើ មិន​ដូច​ឥឡូវ​សោះ ដែល​វក់​តែ​នឹង​រឿង​លោកិយ​សុទ្ធ​សាធ…

ខាង​ក្រោម​នេះ​ នឹង​មាន​សេចក្ដី​ក្នុង​​កាព្យ​មួយ​នោះ​ហើយ ។

សង្ខេប៖ ​កាល​ខ្ញុំ​នៅ​ជា​សិស្ស​លីសេ​នៅ​ឡើយ ចាំបាន​ថា​កាល​នោះ ពុំ​ដឹង​ជា​អ្វី​ឲ្យ​តែ​ពេល​យប់​ឡើង ខ្ញុំ​មិន​ចង់​ចូល​គេង​សោះ​ឡើយ ព្រោះ​ថា​វេលា​យប់​ខ្លី​ណាស់ បើ​នឹង​សម្រាក​ទៅ​តើ​មាន​ពេល​ឯណា​នឹង​បាន​កំដ​ស្បៃ​រាត្រី​ដែល​ស្ងាត់​មនោរម្យ​ទៅ ព្រោះ​អី​ពេល​ថ្ងៃ​បើ​មិន​នៅ​សាលា ក៏​ទៅ​ជួយ​ម៉ែ​នៅ​ឯផ្សារ​ដែរ ។ ពុំ​បាន​ដូច​ចិត្ត​គ្រប់​ពេល​ទេ ព្រោះ​នៅ​យប់​ជ្រៅ​ពុំ​មែន​បាន​ន័យ​ថា ខ្ញុំ​សម្ងំ​រៀន​សូត្រ បើ​កគម្ពីរ​វេទ​ឯណា​មក​មើល​នោះ​ទេ ព្រោះ​យប់​ជ្រេ​ទៅ បន្ទាប់​ពី​អាស្រ័យ​បាយ​នៅ​ម៉ោង​ជាង ៨យប់ និង​ងូត​ទឹក​រួចរាល់ ក៏​តាំង​ឡើង​ទៅ​លើ​ផ្ទះ បម្រុង​រំឭក​មេរៀន​ខ្លះ តែ​ត្របក​ភ្នែក​វា​ទន់​ទេរ​ទៅៗ​រក​កល​តែបិទ ។

សូម​លើក​កំណាព្យ​មួយ​ស្រង់​ចេញ​ពី​កូន​សៀវភៅ​​នោះ​មក មាន​ចំណង​ជើង​ថា “ ​ស្ដាយ​យប់”  មើល​កាល​បរិច្ឆេទ វា​ត្រូវ​បាន​តែង​ចប់​ក្នុង​ថ្ងៃទី ៦ ខែ​មិថុនា ឆ្នាំ​២០០៨ ។

១. ព្រះ​អាទិត្យ ខិត​បាំង​ភ្នំ ទុំ​មេឃា
ប្រែ​នភា ជា​ងងឹត បន្តិច​ម្ដង
យប់​ចូល​ដល់ ខ្យល់​បក់​វូ ត្រជាក់​ខ្នង
គ្រានេះ​ម្ដង ដូច​បំណង ប៉ង​រាត្រី ។

២. រាត្រី​ស្ងាត់ បាត់​សំឡេង លែង​បារម្ភ
នាំ​រូប​ខ្ញុំ ផ្ដុំ​ចិន្តា ចារ​សម្ដី
ហេតុ​កំណត់ កត់​ចំណាំ ចាំ​សេចក្ដី
រឿង​ថ្មីៗ លៃ​យ៉ាង​ណា ចារ​សៀវភៅ ។

៣. រៀន​ក៏​ចូល​ មូល​ក្នុង​ចិត្ត ឥត​ទោម្នេញ
ខំ​ទន្ទេញ ដេញ​ខ្សឹបខ្សឹប ដ្បិត​យប់​ជ្រៅ
ចូល​ចិត្ត​តែ កែ​អផ្សុក សម្ងំ​នៅ
ងងុយ​ហៅ ទៅ​ដំណេក ដេក​ពេល​ណា?

៤. ស្ដាយ​ពេល​យប់ គ្រប់​រាត្រី វែង​អន្លាយ
ចិត្ត​មិន​ណាយ កាយ​និត្យ​នៅ នៅ​ដល់​ណា
ឲ្យ​តែ​បាន ប្រាណ​ជា​ឈឺ ក៏​មិន​ថា
ចឹង​បាន​ថា ខ្ញុំ​ខុស​គេ មែន​ទេ​ដឹង?

៥. ជួន​ពេល​ខ្លះ​ ច្បាស់​ភ្លេច​ខ្លួន ពួន​ថ្មើរ​ម៉ាន
ពេល​ភ្ញាក់​ប្រាណ បាន​មមើ ទើរ​ព្រលឹម
ម្ដេច​មិន​នៅ យូរ​ទៀត​ទៅ ធ្វើ​ឯង​ប្រឹង
ភ្នែក​សម្លឹង នាឡិកា ម៉ោង​ប្រាំបី ។

៦. ខក​ម៉ោង​រៀន ស្មៀន​នេះ​យ៉ាប់ ប្រាប់​ឲ្យ​ដឹង
ទើប​ពេល​ហ្នឹង ប្រឹង​សរសេរ បាន​កាព្យ​ថ្មី
ស្ដាយ​ពេល​យប់ ទប់​សំណើច ​កំណាព្យ​អ្វី
យប់​នោះ​អី មិន​ដឹង​ដេក ពី​អង្កាល់ ។

៧. ស្ដាយ​ធ្វើ​អ្វី ថ្វី​ពេល​យប់ មាន​រាល់​ថ្ងៃ
គួរ​សំចៃ ថ្លៃ​សុខភាព រៀប​ចំ​កាល
នៅ​មិន​នៅ ទៅ​ជំងឺ ឈឺ​មិន​ស្រាល
គួរ​រាង​ចាល អ្វី​មិន​ស្ដាយ ស្ដាយ​ពេល​យប់ ៕

កំណាព្យ​មួយ ខែ វិច្ឆិកា 12, 2008

Posted by រដ្ឋ in កំណាព្យ, ពីនេះ​ពីនោះ.
2 comments

juon

កំណាព្យ​នេះ​ខ្ញុំ​ប្រទះ​ក្នុង​សៀវភៅ ប្រវត្តិ​ពុធ្ធិកសិក្សា​នៅ​ប្រទេស​កម្ពុជា ដែល​និយាយអំពី​កំណ​កំណើត​របស់​ពុធ្ធិកសិក្សា​រហូត​ដល់​​ថ្ងៃ​បាត់​បង់​ទៅ ហើយ​និង​ការ​រស់រាន​មាន​ជីវិត​ឡើង​វិញ​ដល់​សព្វ​ថ្ងៃ ។ សព្វ​ថ្ងៃ​មាន​តាំង​ពី​សាលា​ពុធ្ធិក​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា​ទៀត​ផង គឺ​ពុធ្ធិក​សាកល​វិទ្យា​ល័យ ។

រាត្រី​គ្មាន​ស្នេហ៍ ខែ វិច្ឆិកា 2, 2007

Posted by រដ្ឋ in កំណាព្យ.
30 comments

រាត្រី​គ្មាន​ស្នេហ៍
Lonely Night Poetry

១.រាត្រីនេះខ្ញុំនៅម្នាក់ឯង
កណ្តោចកណ្តែងអផ្សុកក្រៃ
សន្សើមក្រៅផ្ទះហាក់ឥតន័យ
ឱដួងច័ន្ទថ្លៃរះម្នាក់ឯង ។

២.ស្រណោះស្រណោកខ្លួនអភ័ព្វ
កើតមកមិនគាប់ខុសគេផ្សេង
សម្តីមិនដែលហ៊ានលលេង
និយាយថ្លាថ្លែងទៅនារី ។

៣.កើតទុក្ខរាល់ថ្ងៃចំបែងគិត
ឯណាគំនិតចិត្តក្លាហាន
ហ៊ានទេតបស្តីនឹងកល្យាណ
មិត្តភក្តិប៉ន្មានធ្លាប់ថាឲ្យ ។

៤.ឯងធ្វើមឹសៗវាឥតន័យ
មិនបានញ៉ែស្រីគ្មានខ្លឹមសារ
យ៉ាងនេះម្តេចកើតយើងប្រុសណា
ខ្ញុំថាចាំបាច់ដល់ថ្នាក់ហ្នឹង ?

៥.មិនចង់តែងទេដល់ត្រង់នេះ
សុំស្លេះប៉ុណ្ណេះរឿងអញ្ចឹង
ព្យាយាមរៀនសូត្រហើយខំប្រឹង
សុំត្រឹមសម្លឹងអនាគត ។

៦.អារម្មណ៍ធ្លាប់គិតហើយស្រមៃ
នឹកដល់ថ្លើមថ្លៃក្នុងសុបិន្ត
កំណាព្យតែងឆៅមិនទាន់ឆ្អិន
កវីមិនប៉ិនសូមលាហើយ.។

ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ២០០៥
ម៉ោង ៣:២៥នាទី យប់

កំណាព្យ​ឈ្មោះ​ខ្ញុំ ខែ តុលា 30, 2007

Posted by រដ្ឋ in កំណាព្យ.
16 comments

កំណាព្យ៖ ឈ្មោះ​ខ្ញុំ

ឈ្មោះ​ខ្ញុំ​មិន​វែង​តែង​បី​ម៉ាត់
ចាំ​មិន​ឲ្យ​បាត់​ប្ដូរ​ទៅ​ណា
ដូនតា​ដាក់​ឲ្យ ន័យ​ខេមរា
ខ្ញុំ​មាន​វាសនា​កើត​ជា​ខ្មែរ ។

ត្រកូល​ឮ​ហាក់​ចិត្ត​ប្រេះ​ស្រាំ
អត្ថន័យ​នេះ នាំ​ខ្ញុំ​កែប្រែ
ប្រៀបធៀប​ទៅ​នឹង​ន័យ​ល្អ​ហែរ
សៅភាគ្ស​សោភា​ស្រស់​ឥត​បី ។

ហៅ​ថា​ថ្ងៃ​ សៅរ៍​បែប​ស្ងៀម​ស្ងាត់
លប់ រ៍ ចេញ​បាត់ សៅ ទីទៃ
ណា មួយ​បន្ទាប់​ជា​ប្រពៃ
សៅណា មិន​បី​ខ្លី​នាមា ។

មួយ​ទៀត​នាម​ជាតិ​ឃ្លាត​នៅ​បាំង
ធានី​កៀន​ច្រាំង​ចាំង​រដ្ឋា
ប្រទេស​ឬ​រដ្ឋ​កម្ពុជា
រដ្ឋ នេះ​ហើយ​ជា​ឈរ​ទី​បី ។

ឮ​បី​ស្រដី​ឈ្មោះ​ខ្ញុំ​ពិត
ត្រដាង​ជីវិត​ឲ្យ​មាន​ន័យ
សៅណារដ្ឋ ជា​នាម​កវី
កំណាព្យ​តែង​ខ្លី​ចប់​ត្រឹម​ហ្នឹង ៕

ខែវិច្ឆិកា ២០០៥

ផ្កាយ​បង្អួត​ខ្លួន​លើ​មេឃ ខែ មេសា 29, 2007

Posted by រដ្ឋ in កំណាព្យ.
4 comments

star១. ឱ! ផ្កាយតូចអើយរះលើមេឃ
សែនស្រស់អនែកចំមុខផ្ទះ
ជួនជាមេឃាផ្ទៃស្រឡះ
ចិញ្ចែងរស្មីច្បាស់គួរគយគន់ ។

២. ខំលួចមើលអ្នករាល់រាត្រី
ដូចមានហេតុអ្វីមកប្រោះមន្ត
ដួងចិត្តនៃខ្ញុំស្រាលស្រទន់
ចង់តែបែរបន់ជួបពេលថ្ងៃ ។

៣. ខំចោលនេត្រាឆ្ងាយពេកពិត
ពពកខ្មៅជិតបាំងចរណៃ
ខានឃើញពន្លឺចិញ្ចាចនៃ
ភ័ក្ត្រផ្កាយនៅថ្ងៃទី២៣ ។

៤. តែទោះយ៉ាងណាស្អែកមកទៀត
រកពេលឆ្លះឆ្លៀតមើលពីដី
ទៅកាន់វេហាស៍ដែនដីថ្លៃ
សូមចិត្តប្រណីបង្ហាញកាយ ។

៥. ជាទីបញ្ចប់សូមស្លេះសិន
កំណាព្យមិនប៉ិនខាងរ៉ាប់រ៉ាយ
ឲ្យជួនរណ្ដំអត្ថន័យឆ្ងាយ
ឱ សម្រស់ផ្កាយក្នុងចិត្តខ្ញុំ ៕

តែងចប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០០៥
:) ណារដ្ឋ

សុបិន​និមិត្ត​ស្នេហ៍ ខែ មេសា 24, 2007

Posted by រដ្ឋ in កំណាព្យ.
5 comments

កណ្ដាលអាធ្រាត្របងយល់សប្តិ
ទ្រូងញ័រចំប្រប់បានជួបស្រី
កៀកពេលបែកគ្នាឆ្លងសម្ដី
អឹមអៀន​ ស្រស់ស្រីមិនស្ដីយូរ ។

ធ្លាប់តែជួបគ្នាគ្រាចៃដន្យ
ពិសីតូចតន់ភ័ក្ត្រផង់ផូរ
ហេតុម្ដេចពេលនេះចិត្តទន់ទោរ
ឃើញរូបបវរក្នុងសុបិន្ត ។

ឱ!សប្តិចម្លែកសប្តិមានន័យ
ធ្វើឲ្យកវីជួបមាសឆ្អិន
បេះដូងដើរលឿនស្ទើរក្ស័យក្សិណ
ភ្ញាក់ឡើងសុបិន្តរលាយអស់ ។

នៅក្នុងពិធីមិត្តជួបជុំ
បងឃើញមាសម៉ុមក្នុងគ្រានោះ
ជារឿងរ៉ាវខ្លីពីចិត្តស្មោះ
បេះដូងកម្លោះលង់ចិត្តស្នេហ៍ ។

ជួបអូនចុងក្រោយដូចនិស្ស័យ
មុនឃ្លាតទីទៃស្រីមាសមេ
សារសងពីរនាក់មិនយូរទេ
ចិន្តាខ្មាសស្នេហ៍ញាតិមិត្តដឹង ។

នេះសុបិន្តស្នេហ៍សុបិន្តខ្លី
សុបិន្តមានន័យស្ដីប៉ុណ្ណឹង
ទាញស្លាបប៉ាកកាមកខំប្រឹង
កត់ត្រារឿងហ្នឹងជាអនុស្សាវរីយ៍ ៕

អង្គារ ២៤ មេសា ២០០៧
ណារដ្ឋ

ភ្នែកតូចមានស្នេហ៍ ខែ មីនា 18, 2007

Posted by រដ្ឋ in កំណាព្យ.
5 comments

១. គ្រាន់តែក្រលែកចាប់ចិត្តភ្លឹក
អរជាពន្លឹកបានមើលយូរ
តែនរណាហ៊ានសុខចិត្តស៊ូ
ឱ! ភ្នែកទាំងគូម្ចាស់គេខឹង ។

២. កាលបងនៅរៀនវិទ្យាល័យ
សម្លឹងឥតន័យតែមិនដឹង
ភ្នែកតូចគេនោះមានអ្នកសម្លឹង
ឥឡូវភ្នែកហ្នឹងបងបានឃ្លាតហើយ ។

៣. ឥឡូវបងបានប្រទះភ្នែកថ្មី
ភ្នែកស្រស់ចរណៃទំនេរនៅឡើយ
បងមើលចង់លង់ស្នេហាត្រាណត្រើយ
ឱស!ឱ ភ្នែកអើយមានមន្តស្នេហ៍ម៉្លេះ ។

៤. ហេតុអ្វីចិត្តខ្ញុំចាប់ចិត្តភ្នែកតូច
ភ្នែកគេប៉ុនក្រូច(១) ដែលធ្លាប់ប្រទះ
មិនចាប់អារម្មណ៍ឡើយភ្នែកនេះ
ទ្រូងខ្ញុំស្ទើរប្រេះប្រទះភ្នែកតូច ។

៥. តែបានជួបហើយមិនដឹងនិស្ស័យ
មានន័យឬក្ស័យ ពេលដែលចិត្តលួច
ប៉ុនប៉ងជាគូទុកក្នុងគំនួច
ដួងចិត្តបងលួចទុកអូនជាគូ ។

៦. ឱ! អូនភ្នែកតូច អូននារីខ្មែរ
ស្រស់មិនដូចទេ ក្នុងគំនូរ
បើសិនបានអូនមកធ្វើជាគូ
ជីវិតបងប្ដូរជូនត្រាណត្រើយមួយ ។

៧. ឱ! ក្ដីស្រម៉ៃដ៏សែនសប្បាយ
បានជួបឆោមឆាយជាពន្លកត្រួយ
ទោះក្នុងសុបិន្ត ឬក្នុងភួយ
ចិត្តនេះអស់ព្រួយ បានឃើញភ្នែកតូច ។

៨. នារីនឹមនួនភ្នែកតូចបងអើយ
គឺអូននេះហើយ គ្មានភ្នែកណាដូច
ដួងរត្នន៍ឯណាភ្លឺជាងភ្នែកតូច
កែវភ្នែកមុតស្រួច ក្នុងភ្នែកបង ៕

———————————
(១) ភ្នែកប៉ុនក្រូច ៖ ភ្នែកធំ

ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០០៦
តែងចប់ម៉ោង ០១ និង៥៨នាទីយប់
:) ណារដ្ឋ

«ឯណាផ្កាខ្ញុំ»​និង​ការ​ត​ឃ្លា​កំណាព្យ​ផ្សេងៗ​ពី​វេប​សាយ​ខ្មែរប្រូហ្វាល ខែ មីនា 16, 2007

Posted by រដ្ឋ in កំណាព្យ.
16 comments

សួស្ដី! នេះជាវើសិនថ្មី​របស់​កំណាព្យ​ឯណាផ្កាខ្ញុំ ។ កំណាព្យ​នេះ​ត្រូវបានដាក់​នៅ​ក្នុង​វេបសាយ​មួយ​ឈ្មោះ​ថា ខ្មែរ​ប្រូហ្វាល (khmerprofile.com) តាំង​ពី​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ​២០០៦​។ ខាងក្រោមនេះ គឺជា​ឃ្លា​កំណាព្យ​ដែល​មាន​ការ​ឆ្លើយតប​របស់​ប្រិយមិត្ត​អ្នក​ចូល​ចិត្ត​កំណាព្យ​។ សូមរីក​រាយ​អាន​ចុះ​បាទ!

១. ឱ! សួនបុបា្ផផ្ការីករយពាន់
តើផ្កាតូចតន់នៅត្រង់ណា
បងចង់បេះមួយមករក្សា
បុប្ផាមួយណាស្រស់ជាងគេ ។

២. ផ្ការីកក្នុងចិត្តផ្កាមាននិស្ស័យ
ផ្កាមានក្លិនឈ្ងុយក្រអូបម៉្លេះទេ!
បើបងបានថ្នមបមបីមាសមេ
មិនឲ្យផ្កាស្នេហ៍ស្រពោនស្វិតឡើយ ។

៣. តែផ្កាមួយនេះផ្កាមានរបង
ក្នុងសួននួនល្អងមានម្ចាស់មើលថែ
ស្រោចទឹកដាក់ជីថែទាំផងដែរ
ធ្វើម្ដេចបានក្បែរនឹងក្រេបលម្អង ។

៤. ផ្កាអើយ ផ្កាស្រស់បងសូមស្រង់ក្លិន
ផ្កាស្រស់មាសឆ្អិន ឆ្លុះពណ៌មួយទង
បងសូមបេះមួយ យកមកត្រកង
ថែទាំនួនល្អង លុះជីវិតក្ស័យ ។

៥. នេះកំណាព្យស្នេហ៍ ថែផ្កាស្រី
ជាផ្កានិស្ស័យ ក្លិនក្រអូបសាយ
កំណាព្យមានន័យ ព្រោះតែផ្កាហើយ
ឱ! បុប្ផាអើយ បុប្ផាផ្កាខ្ញុំ ៕

ម៉ាណាវី ៖
ស្រឡាញ់ផ្កាអូនវិញទៅពុំងារ
មិនទាន់មានគ្នាគ្មានម្ចាស់ថែទាំ
ផ្កាអូនស្រពោនរង់ចាំភ្លៀងធំ
Need អ្នកថែទាំជ្រោយគុម្ពដាក់ជី ។

ណារដ្ឋ ៖
អូនម៉ាណាវីផ្កាបណ្ដូលចិត្ត
ធ្វើម្ដេចជីវិតអូនជាបុបា្ផ
តែបងមិនមែនជាភ្លៀងឡើយណា៎
កន្លង់អស្ចារ្យ គឺរូបបង ។

បើអូនជាផ្ការង់ចាំភ្លៀង
ធ្វើម្ដេចនឹងហ៊ានបងជាបក្សា
ក្រេបហើយរត់ពួនខ្លាចភ្លៀងឫស្យា
ប្រល័យសង្ខារបងឲ្យរីងរៃ ។

បើបេះមកទុកវាគង់ក្រៀមស្វិត
ក្នុងថូមាសមិត្តស្រោចទឹករាល់ថ្ងៃ
ដាក់ជីប៉ុណ្ណាក៏គង់រោយក្ស័យ
ឱផ្កាចរណៃបងអាល័យណាស់ ។

ដារ៉ូនី ៖
ផ្កាដុះក្នុងសួនផ្កាស្រស់អស្ចារ្យ
តែអនិច្ចារសុទ្ធតែផ្ការបស់គេ
ផ្ការីកស្រស់ណាស់តែឥតទំនេរ
កន្លង់សុំស្នេហ៍ពិតជាខូចចិត្ត ។

ផ្កាក្នុងរបងគ្រងដោយមេបា
តឹងតែងអស្ចារ្យមិនងាយចូលជិត
ចង់ធ្វើជាគូត្រូវខំយកចិត្ត
Her Parentsពិតលើកឲ្យមិនខាន។

ចំណែកកន្លង់ស្មោះត្រង់ប៉ុណ្ណា?
ឬដើរក្រេបផ្កាតាមតែអំពើចិត្ត
ពីមួយទៅមួយដោយគ្មានរិះគិត
បានកាយណាយចិត្តរិះរកផ្កាថ្មី ។

បើសិនដូចនេះប្រុសគួរបោះបង់
ឈប់រកផ្កាត្រង់ក្នុងសួនបុប្ផា
គួរតែទៅរកផ្កាថ្មវិញណា
ទោះក្រេបយ៉ាងណាក៏មិនរុះរោយ ៕

រាល់អត្ថបទដើម សូមចុចទីនេះ ដើម្បី​ចូល​ទៅកាន់​ទំព័រដែលបានដាក់ចេញនូវ​កំណាព្យ​ទាំង​នេះ​ ។

canot

បងស្ដាយអូនណាស់ ខែ កុម្ភៈ 28, 2007

Posted by រដ្ឋ in កំណាព្យ.
9 comments

១. បងស្ដាយអូនណាស់ មិនគួរឃ្លាត
ស្នេហ៍អ្នកផ្សេងទៀត ចោលរូបបង
បងនៅអាល័យដៃត្រកង
អីឡូវរបងផ្ទះទីទៃ ។

២. ពីតូចដល់ធំយើងស្គាល់គ្នា
ផ្ទះបងពុំងារ ក្បែរគ្នានៃ
អនុស្សាវរីយ៍ កាលពីក្មេងវ័យ
តែពេលនេះស្រីបំភ្លេចអស់ ។

៣. បងមិនបន្ទោសរូបអូនទេ
អូនតាមបាមេ តែអាលោះ
អាល័យរូបបងដែលធ្លាប់ស្មោះ
អូនថាកាត់ចុះ ចិត្តនោះណា ។

៤. ជួបអូនចុងក្រោយថ្ងៃមង្គល
ថ្ងៃមានវិបុល គ្រប់ប្រការ
បងសួរទៅស្រីតើគិតយ៉ាងណា
ភ្លេចចុះសន្យា អូនឈប់ស្ដី ។

៥. ចប់ហើយ និស្ស័យយើងប៉ុណ្ណឹង
ទោះបីនៅប្រឹងក៏គ្មានន័យ
អូនជាសង្សារស្នេហ៍ក្មេងខ្ចី
ពេលនេះមានប្ដី ផ្ដាច់ស្នេហ៍បង ៕

កំណាព្យនេះ មានចំណងជើងជាភាសាអង់គ្លេសថា «Goodbye My Lover»
ចុចទីនេះ ដើម្បីអានរឿង แฟนฉัน My Girl របស់សុភ័ក្រ
Click Here, If can not read

កំណាព្យ៖ «ឯណាផ្កាខ្ញុំ» ខែ កុម្ភៈ 26, 2007

Posted by រដ្ឋ in កំណាព្យ.
6 comments

ដើម្បីជាកិច្ច ចាប់ផ្ដើមក្នុងអំនានផ្នែកកំណាព្យ ជាដំបូង អំនានភាសាខ្មែរសូមជូនកំណាព្យមួយ ដែលមានចំណងជើងថា «ឯណាផ្កាខ្ញុំ» ។ កំណាព្យនេះតែងចប់ក្នុង ខែ តុលា ឆ្នាំ ២០០៦ ជាកំណាព្យបែបមនោសញ្ចេតនា ។ សូមរីករាយ ជាមួយនឹង ទឹក ដម កំណាព្យ កាព្យឃ្លង ដ៏សែន មិនសូវ ពិរោះ របស់ខ្ញុំ មើល៍ ថាវាមានអត្ថន័យ និងអត្ថរសយ៉ាងណា?

១. ឱ! សួនបុបា្ផផ្ការីករយពាន់
តើផ្កាតូចតន់នៅត្រង់ណា
បងចង់បេះមួយមករក្សា
បុប្ផាមួយណាស្រស់ជាងគេ ។

២. ផ្ការីកក្នុងចិត្តផ្កាមាននិស្ស័យ
ផ្កាមានក្លិនឈ្ងុយក្រអូបម៉្លេះទេ!
បើបងបានថ្នមបមបីមាសមេ
មិនឲ្យផ្កាស្នេហ៍ស្រពោនស្វិតឡើយ ។

៣. តែផ្កាមួយនេះផ្កាមានរបង
ក្នុងសួននួនល្អងមានម្ចាស់មើលថែ
ស្រោចទឹកដាក់ជីថែទាំផងដែរ
ធ្វើម្ដេចបានក្បែរនឹងក្រេបលម្អង ។

៤. ផ្កាអើយ ផ្កាស្រស់បងសូមស្រង់ក្លិន
ផ្កាស្រស់មាសឆ្អិន ឆ្លុះពណ៌មួយទង
បងសូមបេះមួយ យកមកត្រកង
ថែទាំនួនល្អង លុះជីវិតក្ស័យ ។

៥. នេះកំណាព្យស្នេហ៍ ថែផ្កាស្រី
ជាផ្កានិស្ស័យ ក្លិនក្រអូបសាយ
កំណាព្យមានន័យ ព្រោះតែផ្កាហើយ
ឱ! បុប្ផាអើយ បុប្ផាផ្កាខ្ញុំ ៕

សូមរង់ចាំអានកំណាព្យបន្តទៀត «ភ្នែកតូចមានស្នេហ៍» ដែលនឹងចេញក្នុងពេលឆាប់ៗនេះ!