jump to navigation

ជ័យ​ទត្ត ត​ចប់ ខែ តុលា 6, 2008

Posted by រដ្ឋ in ដំណឹង​ផ្សេងៗ, ពីនេះ​ពីនោះ, អំពី​ស្រុក​ខ្មែរ.
trackback

ហេតុ​មិន​សូវ​ល្អែង​សរសេរ ច្នោះ​ហើយ​បាន​ជា​និទាន​ដាច់​ជា​កំណាត់​ៗ ។ ថ្ងៃ​នេះ​បញ្ចប់​រឿង​បន្តិច​ត​ពី​ម្សិល ប្រិយ​មិត្រ​គួរ​អាន​ប្រកាស ទស្សនីយភាព​ល្ខោន សិន​បាន​យល់​ដំណើរ​រឿង​គ្រា​នេះ​បាន ។

… ពាក់​កណ្ដាល​អាធ្រាត្រ​ស្ដេច​ជ័យ​ទត្ត​បាន​មក​ដល់​ដំណាក់​របស់​ព្រះនាង វរចន្ទ ហើយ​ក៏​ស្រែក​ហៅ​រក​នាង​ស្រី​សិតា ។ ឮ​សំឡេង​ដឹង​ថា​ជ័យ​ទត្ត​មក​ដល់ ភីលៀង​​ក៏​បើ​ទ្វារ​យាង​អង្គ​ជ័យ​ទត្ត​ចូល [...] ។ ឃើញ​ស្រស់​ស្រី​ទង​វង​កំពុង​លង់​ក្នុង​ដំណេក​យ៉ាង​ក្សេម​ក្សាន្ត​ បុរស​យើង​ចូល​ត្រកង​បី ដឹង​ដល់​ស្រី​​ឲ្យ​ប្រែ​ភ្ញាក់​ដឹង​ប្រាណ!! ឃើញ​ភ្លាម​ស្នេហ៍​ភ្លែត ចិត្ត​ស្នេហ៍​កំពុង​តែ​ឆាប​ឆួល​ពេញ​ប្រាណ ជ័យ​ទត្ត​សុំ​ក្ដី​ស្នេហា តែ​បែរ​កន្និដ្ឋា​ប្រកែក​ថា​ ទេ ។ បុរស​ស្ត្រី​មួយ​គូ​នេះ ផ្លែ​ផ្កា​សំដី​ឌឺ​ដង​ទៅ​មក​ក្នុង​កណ្ដាល​រាត្រី​ស្ងាត់​ជ្រងំ តើ​នរណា​អាច​ទប់​ចិន្តា​ស្រី​បាន​ បើ​ក្សត្រា​អង្គ​នេះ​សម្រស់​សង្ហា​វាចា​មាន​មន្ត​យ៉ាង​នេះ ។ …

នាង​ស្រីសិតា​រត់​​យ៉ាង​ហប​ហត់ ហើយ​ប្រាប់​ថា​រឿង​នេះ​ជ្រាប​ដល់​ក្រុង​អសុរី​​បិតា​ព្រះ​នាង​ហើយ ។ វរចន្ទ​ភ័យ​ណាស់ បើ​ដឹង​ដល់​បិតា​ហើយ​ខ្លួន​មុខ​ជា​​ក្ស័យ​សង្ខារ​មិន​ខាន ក៏​បបួល​ជ័យ​ទត្ត​ថ្លើម​ថ្លៃ​រត់​ឲ្យ​ឆ្ងាយ​ពី​នគរ​នេះ​ថ្វី ។ គិត​ហើយ​ទាំង​បី​អង្គា ពង្រត់​គ្នា​យ៉ាង​ប្រញាប់​ប្រញាល់ ។ ខក​ការ​អាសារ​បង់ ស្ដេច​យក្ស​​និង​មហេសី​តាម​ទាន់​ដំណើរ​អ្នក​ទាំង​បី ។ សិន្ទ្រា​ទ្រង់​ខ្ញាល់​ខ្លាំង​ណាស់ ជេរ​​ស្ដី​ប្រទេច​​នាង​កូន​អប្រិយ ហ៊ាន​លួច​​លាក់​ស្នេហ៍​ហឺត​ស្នេហ៍​ហៃ​​និង​​​មនុស្ស​ប្រុស​​ជាតិ​ជា​មនុស្សា​ច្នោះ ។ ទាំង​ទ្វេហារ​តាំង​ទទូច​អង្វរ​ដល់​ព្រះ​បិតា​​មេត្តា​ប្រណី​ដល់​បុត្រ​ផង ។ មិន​បាន​ការ​ឡើយ ក៏​តាំង​អង្វរ​ព្រះ​មាតា​ឲ្យ​ជួយ អង្វរ​បិតា​ផង ។ សិន្ទ្រា​ក៏​ស្ដី​ថា​ទាំង​នាង​មាតា​អប្រិយ​ចិញ្ចឹម​កូន​មិន​ល្អ​ទៅ​វិញ ។ ទាល់​តម្រិះ​ទាំង​អស់​គ្នា មិន​ដឹង​ធ្វើ​យ៉ាង​ណា​មាន​តែ​ទុក្ខ​សោក ព្រោះ​រាជ​អសុរី​មិន​ប្រណី​សោះ​ឡើយ ។ តែ​ទោះ​ជា​យ៉ាង​ណា​ដោយ​ឃើញ​ទើស​ភ្នែក នឹង​រឿង​ជ្រុល​ហួស​ជួស​ដំណើរ​ច្នោះ សិន្ទ្រា​កើត​ក្ដី​អាណិត​អាសូរ​ឡើង​ព្រោះ​តែ​​កាត់​ទឹក​មិន​ដាច់​កាត់​សាច់​មិន​បាន ។ ឪពុក​ក៏​សន្តោស​បុត្រា​បុត្រី អនុញ្ញាត​ឲ្យ​ចូល​ព្រះ​នគរ នឹង​រៀប​ចំ​ពិធី​អភិសេកមង្គល​ការ​​ទៅ​តាម​ប្រវេណី ។

ថ្លែង​ពី​បុទុម្ពរ​ ដែល​ត្រូវ​ជាប់​ឃុំ​ក្នុង​គុហា​នៅ​ឯ​នគរ​ក្រុង​គ្រុឌ​វិញ​ម្ដង ។ ​ធីតា​កើត​ទុក្ខ​សោក​សង្រែង​រៀង​រាល់​ថ្ងៃ រង់​ចាំ​ថ្ងៃ​ព្រះ​ស្វាមី​មក​ជួយ ។ … ​កាល​អើយ​កាល​នោះ​ណា ជា​គ្រា​ដែល​ជ័យ​ទត្ត និង​យក្ស​កន្ធាត់​ក៏​មក​ដល់​នគរ​ក្រុង​គ្រុឌ​​ហើយ​ ដើម្បី​មក​ជួយ​ធីតា​ម្ចាស់​ថ្លើម​ថ្លៃ ។ ទ្រង់​បាន​រំដោះ​បុទុម្ពរ​ពី​គុហា​បានហើយ តែ​គ្រុឌ​មក​ដល់​កើត​ក្ដី​ខឹង​សម្បា តាំង​ត​ប្រយុទ្ធ​ឈ្នះ​ចាញ់​ជាមួយ​អង្គ​ជ័យ​ទត្ត ។ ប្រយុទ្ធ​គ្នា​យូរ​ទៅ គ្រុឌ​ថម​ថយ​កម្លាំង គិត​ថា​បើ​តតាំង​​បន្ត​ទៀត​មុខ​ជា​ចាញ់​មនុស្សា​មិន​ខាន ក៏​សូត្រ​មន្ត​វិជ្ជាការ​បណ្ដាល​ហៅ​មិត្រ​សម្លាញ់ ពីរ​នាក់​មក​ទៀត​ឲ្យ​ជួយ​ខ្លួន ។ ក្នុង​នោះ​មាន​ម្នាក់​ជា​សិន្ទ្រា ។ សិន្ទ្រា​មក​ដល់​ភ្លាម យល់​ជា​គ្រុឌ​កំពុង​ត​តាំង​ជា​មួយ​​បុត្រ​សុណិសា​របស់​ខ្លួន ក៏​ប្រាប់​ឲ្យ​បញ្ឈប់​សង្គ្រាម​ភ្លាម ។ កាល​បើ​ឃើញ​បិតា​ក្មេក ជ័យ​ទត្ត​ចូល​ក្រាប​ថ្វាយ​បង្គំ ហើយ​ណែ​នាំ បុទុម្ពរ​ចៅ​តា​មុនី​ឥសី និង​រៀប​រាប់​រឿង​ហេតុ​ដើម​ទង​ទាំង​ឡាយ​​ដែល​កើត​ឡើង​កន្លង​មក ។ ​សន្តិ​ក៏​កើត​ឡើង​គ្រា​នោះ ពួក​គេ​ចែក​ដំណើរ​ទៅ​កាន់​ឋាន​លំនៅ​តែ​រៀង​ខ្លួន​បាន​ក្សាន្ត​​តទៅ​ហោង ៚

ការ​សម្ដែង​ចប់​ត្រឹម​នេះ​ឯង ។ ទស្សនិកជន​ពេញ​រោង​មហោស្រព​ទះ​ដៃ​សម្ដែង​​សាទរ​ដល់​សិល្បករ​​​ខ្មែរ​យើង ។ នៅ​ថ្ងៃ​អង្គារ​ទី​៧ ការ​សម្ដែង​អាយ៉ៃ​រឿង ស្រី​កញ្ជើ​ធ្លុះ ជា​ការ​​ដំឡើង​លើក​ដំបូង​​ផង​ដែរ​របស់​លោកគ្រូ ជិន នាគ ដោយ​ដក​ស្រង់​ចេញ​ពី​រឿង​ព្រេង​ខ្មែរ “ មា​យើង”  ។ ប្រធាន​រៀបចំ​កម្មវិធី​អំពាវនាវ​ឲ្យ​ទស្សនិកជន​ទៅ​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ ។ *សម្រាប់​អ្នក​នៅ​តាម​គេហដ្ឋាន​អាច​ទស្សនា​​តាម​កញ្ចក់​ទូរទស្សន៍​អប្សរា ។

វិចារ»

1. កេសី - ខែ តុលា 10, 2008

ឃើញមនុស្សកកកុញអីចឹង នឹកឃើញកាលនៅស្រុកនៅឡើយ ខ្ញុំតែងតែ​ទៅ ស្ម័គ្រចិត្តធ្វើជា usher អោយអង្គការ Amerita រាល់ពេលមានកម្មវិធីសំដែង ។ ពិតមែនតែហត់បន្តិច ប៉ុន្តែសប្បាយចិត្តនឹងឃើញបងប្អូនយើងមកលើកទឹកចិត្ត​ដល់សិល្បករ សិល្បការិនី ។ រាល់ការសម្តែងម្តងៗ ណែនរោងរកតែកន្លែង​អង្គុយមិន​បានផង ។

2. naraths - ខែ តុលា 10, 2008

មែន​ហើយ​បង​ច្រី ខ្ញុំ​ក៏​សង្កេត​ឃើញ​ច្នោះ​ដែរ ឲ្យ​តែ​មាន​សម្ដែង​អី សម្បូណ៌​មនុស្ស​ទៅ​មើល​ណាស់​ឥឡូវ ព្រោះ​កម្រ​បាន​មើល​ម្ដង​ៗ ។ និយាយ​ពី​អម្រិតា ខាង​គេ​មាន​កម្មវិធី​ច្រើន​ណាស់ សឹង​តែ​រាល់​ខែ​តែង​មាន​ការ​សម្ដែង​អ្វី​មួយ ។