ទស្សនីយភាព ល្ខោន ខែ តុលា 5, 2008
Posted by រដ្ឋ in ដំណឹងផ្សេងៗ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.trackback

មហោស្រពល្ខោនអន្តរជាតិ ត្រូវបានប្រារព្ធជាលើកទី២ នៅភ្នំពេញ ។ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ មហោស្រពនេះធ្វើឡើងនៅសាលមហោស្រពចេនឡា ដែលកំពុងស្វាគមន៍ទស្សនិកជនខ្មែរ និងអន្តរជាតិនៅរៀងរាល់ល្ងាចចាប់ពីម៉ោង ៦និង៣០នាទី សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃសុក្រទី៣ ដល់ថ្ងៃព្រហស្បត្តិ៍ទី៩ ។ កម្មវិធីនេះផ្ដោតសំខាន់ទៅលើការលើកតម្កើងវប្បធម៌ និងទម្រង់ល្ខោននៅអាស៊ីដែលមានប្រទេសចូលរួមដូចជា ខ្មែរ ភូមា ឡាវ និងថៃឡង់ដ៍ រៀបចំកម្មវិធីដោយមជ្ឈមណ្ឌលវប្បធម៌បារាំងប្រចាំទីក្រុងភ្នំពេញ ។
ម្សិលមិញនេះ ខ្ញុំបានទៅទស្សនាល្ខោនពីររឿង គឺ ” រឿង ជ័យទត្ត” និងមួយទៀត “ សត្វទទាញី និងទទាឈ្មោល” (ដកស្រង់ពីរឿងសព្វសិទ្ធិ) ។ ខានបានមើលល្ខោនបុរាណខ្មែរយូរមកហើយ ខ្ញុំចាប់អារម្មណ៍រឿងជ័យទត្តយ៉ាងខ្លាំង ច្នេះសូមនិយាយពីល្ខោននេះបន្តិចចុះ ។ ល្ខោនរឿងនេះ មានទម្រង់ជាល្ខោនពោលស្រី នាំយកមកពីវត្តកៀនស្វាយក្រៅ ស្រុកកៀនស្វាយ ខែត្រកណ្តាល ដំឡើងរឿងដោយលោកគ្រូ ជិន នាគ ។
សង្ខេបរឿង (១)
ផ្ដើមចេញដំណើររឿងចាប់ពីព្រះបាទ ជ័យទត្ត និងមហេសីព្រះនាម បុទុម្ពរ ក្នុងដំណើរយាងចាកចេញពីអាស្រមតាមុនីឥសីដើម្បីឆ្ពោះនគរ ។ គួរបញ្ជាក់ផងដែរថា បុទុម្ពរ ជាចៅស្រីរបស់តាឥសី ហើយកាលនោះស្តេចជ័យទត្តសុំរៀនមន្តវិជ្ជាការពីមុនីឥសីបានស្រឡាញ់នាងបុទុម្ពរ ក៏យកធ្វើជាគូគាប់ ។ … ក្នុងព្រៃដ៏ធំធេងទាំងពីរអង្គាក៏ឈប់សម្រាកក្រោមដើមឈើធំមួយដ៏មានម្លប់ត្រឈៃ ។ ជួនដំណើរដែលក្រុងគ្រុឌធ្វើដំណើរកាត់ព្រឹក្សព្រៃ ក៏ប្រទះមនុស្សាទាំងពីរអង្គានោះ ។ គ្រុឌបានចាប់ចិត្តប្រតិព័ទ្ធនឹងនាងបុទុម្ពរ ព្រោះតែសម្រស់ផូរផង់ សាច់សហ្មតខ្ចី ក៏សូត្រមន្តគាថាសណ្ដំមនុស្សាទាំងពីរ ហើយចាប់បុទុម្ពរយកទៅបាត់ ។
មកដល់វិមានថ្លៃថ្លា ក្រុងគ្រុឌបានប្រើសិល្ប៍ឲ្យបុទុម្ពរភ្ញាក់ដឹងខ្លួនឡើង ។ ដោយមិនឃើញព្រះស្វាមីជិតប្រាណកល្យាណ នាងក៏តាំងស្រែកសួររក ។ មិនខ្វល់ឡើយ គ្រុឌក៏បានប្រើវិជ្ជាលួងលោមស្រីស្អាត ដើម្បីសុំសេចក្ដីស្នេហាពីបុទុម្ពរ តែនាងមិនព្រម ។ បុទុម្ពរភ័យណាស់ ក៏នឹកដល់គុណលោកតាឥសីឲ្យជួយនាង ដោយធ្វើយ៉ាងណាកុំឲ្យគ្រុឌពាល់ប្រាណនាងបាន ។ មិនលះបង់គំនិតព្រោះលង់ស្នេហ៍ហើយ គ្រុឌសម្រេចបង្ខំបម្រុងលោមស្ម័គ្រមេត្រី តែអកុសលគ្រាន់តែចូលជិតប្រាណស្រស់ស្រី គ្រុឌចេះតែកើតក្រហាយពេញអង្គប្រាណ ។ ពីរបីលើកប៉ះមិនបាន គ្រុឌទាល់តម្រិះ ក៏ផ្ញើទុកសិនចុះ ដោយសូត្រគាថាសន្ធប់នាងក្នុងគុហា ដោយសន្យាថាបីថ្ងៃម្ដងនឹងមកលួងលោមនាងជាថ្មី ។
ថ្លែងពីជ័យទត្ត ភ្ញាក់ពីដំណេកកាលណារកភរិយាមិនឃើញក៏កើតក្ដីសោកសង្រែងពន់ពេកក្រៃ ។ ក្នុងឱរាចេះតែបារម្ភភ័យក្រែងមាសថ្លើមថ្លៃត្រូវសត្វព្រៃសាហាវឯណាបានចាប់យកធ្វើជាអាហារក៏មិនដឹង ។ ព្រះអង្គតាមរកមិនឃើញ ក៏កើតក្ដីសោកសៅ អស់សង្ឃឹមជាខ្លាំង ។ ជ័យទត្តត្រលប់ចូលថ្វាយបង្គំលោកតាឥសី ប្រាប់ដំណើរហេតុ តែលោកតាបានជ្រាបរួចទៅហើយថាក្រុងគ្រុឌបានចាប់យកនាងបុទុម្ពរទៅ ។ ឥសីបានប្រគល់វត្ថុទិព្វបីយ៉ាងដល់ចៅគឺ ធ្នូទិព្វ ព្រះខាន់ជ័យ និងសេះទេពមនោម័យ សម្រាប់ដំណើរស្វែងរកភរិយា ។ ពាក់កណ្តាលផ្លូវ មានយក្សកន្ធាត់មួយបានចូលលួចវត្ថុទិព្វទាំងបីទៅបាត់ទៀត… ។
នៅឯនគរមួយ (មិនចាំឈ្មោះទេ) របស់ក្រុងអសុរីមាននាមថា សិន្ទ្រា និងមហេសីមួយអង្គនាម បូរ័ត្ន ។ សម័យថ្ងៃមួយអសុរីឮសូរសន្ធឹកពីលើប្រាសាទដូចមានអ្វីចំឡែក ក៏ចេញមកមើលឃើញយក្សកន្ធាត់ជិះមនោម័យឆ្លងកាត់វេហាស៍ ។ យក្សខ្ញាល់ខ្លាំងណាស់ មិនគួរមានគេមកប្រមាថហោះរំលងដែនដីខ្លួនកំពុងគ្រប់គ្រង ក៏តាំងបញ្ជាពលសេនាយក្សមួយចំនួនសម្លាប់ យក្សកន្ធាត់នោះឲ្យដេកស្លាប់ក្នុងព្រៃទៅ ហើយឲ្យយកមនោម័យមកសម្លាប់ធ្វើជាអាហារ ។ កាលអើយកាលនោះណា ជ័យទត្តធ្វើដំណើរមកដល់ព្រៃកន្លែងដែលយក្សស្លាប់ ក៏ កើតឆ្ងល់ព្រោះមានក្លិនអសោចសាយភាយពេញព្រៃ ទ្រង់ប្រទះយក្សាស្តូកស្តឹងស្លាប់បាត់ស្មារតីក៏ជួយយកអាសាជប់រស់ជាថ្មី ។ យក្សអរខ្លាំងណាស់ ព្រោះទឹកចិត្តថ្លៃរបស់ជ័យទត្ត ក៏ថ្វាយបង្គំអរព្រះគុណហើយសុំធ្វើដំណើរជាមួយបានជាគ្នា ។ គ្រានោះ ជ័យទត្តយកបានធ្នូ និងព្រះខាន់មកវិញប៉ុណ្ណោះ ។
ក្រុងមារសិន្ទ្រា និងមហេសីមានបុត្រីមួយអង្គព្រះនាម វរចន្ទ ។ ថ្ងៃមួយវរចន្ទ និងភីលៀងជំនិតម្នាក់ឈ្មោះនាងស្រីសិតា រួមជាមួយទាសីជាច្រើននាក់នាំគ្នាមកក្រសាលសួនក្បែររាជដំណាក់ ។ ស្រីស្រស់តូចច្រឡឹងច្រៀងលេងយ៉ាងសប្បាយជាមួយនឹងផ្ការីកព្រោងព្រាត គួរជាទីមនោរម ក៏ភ្នកនឹកចង់បេះបុប្ផាល្អស្រស់ទាំងនោះថ្វាយមាតាបិតា រួចក៏តាំងបញ្ជានាងស្រីសិតាឲ្យបេះ ហើយកញ្ញាក៏លាទៅដំណាក់ជាមួយនឹងទាសីទាំងអស់មុនទៅ ។ ស្របគ្រានោះ ព្រះអង្គជ័យទត្តក៏បានមកដល់នគរនេះ ហើយជួបនឹងនាងស្រីសិតា ។ ស្ដេចជ័យទត្តក៏សួរដេញដោល ចង់ជួបភក្ត្រាស្រស់កល្យាណវរចន្ទណាស់ ។ នាងសិតាក៏ដាក់ពេលណាត់ដើម្បីឲ្យជួបម្ចាស់ស្រីរបស់ខ្លួននាកណ្ដាលអាធ្រាត្រ ។
________________________
(១) សេចក្ដីសង្ខេបនេះពុំបានយោងតាមតម្រារឿងដើមទេ តែនិទានតាមទស្សនីយភាពប៉ុណ្ណោះ ដូច្នេះកំហុសឆ្គងដោយអន្លើសូមអធ្យាស្រ័យផងចុះ ជាពិសេសឈ្មោះតួអង្គជាដើម ។







«រឿងជ័យទត្ដ» ជារឿងល្ខោនបូរាណម្យ៉ាង ធ្វើអោយអ្នកស្ដាប់ រឺ តាមដានទស្សនាការសំដែងផ្ទាល់ ពិរោះជក់ចិត្ដ រឺ តាមដានទស្សនាដោយក្ដីរំភើបជាប់ចិត្ដយ៉ាងក្រៃលែង។ សមាសសភាពនៃតួអង្គក្នុងរឿង មាន យក្ស មាន គ្រុឌ ចេះសីល្ប៍សាស្រ្ដ សំដែងប្លែងតួ សេកមន្ដអាគមហោះហើរដើរលើអាកាស ធ្វើសឹកសង្គ្រាមរវាងគ្នាយ៉ាងកលាហលគួរអោយស្ញប់ស្ញែងអស្ចារ្យ។
ភាពអច្ឆរិយៈ ទាំងអស់នេះ សំដែងពីសាស្រ្ដាវុធសម័យបូរាណ ដាក់ចែកជូនដល់កូនចៅសម័យបច្ចុប្បន្ន អោយបានជ្រួតជ្រាបអំពីភាពខ្លាំងពូកែរបស់ដូនតាជំនាន់ដើម។
ក្នុងសាច់រឿងល្ខោន ភាគច្រើនយើងសង្កេតឃើញមានតួអង្គយក្ខ គ្រុឌ និង ស្ដេច។ ស្ដេចជាតួអង្គសំដែងអំពីអ្នកប្រព្រឹត្ដអំល្អ មានកំសត់ ព្រាត់ប្រាស់ បែកបាក់គ្រួសារ ស្នេហា ជាដើម។ ស្ដេចមានខ្សែស្រលាយដិតដាមជាប់មករហូតដល់សព្វថ្ងៃ ក៏នៅតែមានស្ដេចរស់នៅផងដែរ។ តូអង្គគ្រុឌ រឺ យក្ស ជាតួអង្គសំដែងអំពីអ្នកប្រព្រឹត្ដនូវអំពើអាក្រក់ មុខយក្សគេគូរក្រវេបក្រវាម សំដែងនូវអំពើហឹង្សាគ្រប់បែបយ៉ាង យក្សច្រើនលួចឆក់យកស្នេហាគេ លួចប្រពន្ធកូនគេបង្ករអោយកើតសង្គ្រាមចាប់ចាក់គ្នារហូតបាត់បង់ជីវិតរៀងខ្លួនៗ ដូច្នេះយក្ខ គឺជាតួអង្គធ្វើអោយភ័យខ្លាច ភ្ញាក់ផ្អើលយ៉ាងក្រៃលែង ទោះបីសព្វថ្ងៃនេះយើងហាក់ដូចជារកតួយក្សពិតប្រាកដពុំឃើញជាក់ស្ដែងយ៉ាងណាក៏ដោយ តែតួយក្សហាក់ដូចជានៅរស់រវើក ដូចតួអង្គស្ដេចដែរ «ចុមយក្ស ណារដ្ឋ ដាក់រឿងល្ខោនជ័យទត្ដអោយអានផង.. ពីរនាក់នេះពាក់មុខយក្ខ ដាក់គ្នា រឺ ចេញយក្សដាក់គ្នា ធំប៉ុនយក្ស ជាដើម។»